ភ្នំពេញ៖ ក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ បានចេញសេចក្ដីណែនាំស្តីពីការអនុវត្តប្រាក់ឈ្នួលអប្បបរមា សម្រាប់កម្មករនិយោជិតក្នុងវិស័យវាយនភណ្ឌ កាត់ដេរ ផលិតស្បែកជើង និងផលិតផលធ្វើដំណើរ និងកាបូប សម្រាប់ឆ្នាំ២០២៦។ ការអនុវត្តនេះ ចាប់ផ្តើមពីថ្ងៃទី១ ខែមករា ឆ្នាំ២០២៦ ហើយត្រូវទូទាត់ប្រាក់ ២ ដងក្នុងមួយខែ។

ក្រសួងក៏បានក្រើនរំលឹកដល់ម្ចាស់ ឬនាយកសហគ្រាស ក្រុមហ៊ុន និងរោងចក្រ ត្រូវទូទាត់ប្រាក់បំណាច់អតីតភាពការងារ និងប្រាក់អត្ថប្រយោជន៍ផ្សេងៗ ជូនកម្មករនិយោជិត ឲ្យបានត្រឹមត្រូវតាមច្បាប់ និងបទដ្ឋានគតិយុត្តជាធរមាន។ ក្នុងករណីខកខាន ឬគណនាមិនត្រឹមត្រូវ អធិការការងារ នឹងចាត់វិធានការផាកពិន័យយ៉ាងតឹងរ៉ឹងស្របតាមច្បាប់។

សម្រាប់កម្មករ ឬសហជីពដែលសង្ស័យថា ការគណនាប្រាក់ឈ្នួល ប្រាក់បំណាច់អតីតភាព និងប្រាក់អត្ថប្រយោជន៍ផ្សេងៗ មិនបានត្រឹមត្រូវ អាចផ្ញើប្រតិកម្មមកក្រសួងតាម Hotline លេខ 1286 ឬប្រអប់បណ្តឹងអនាមិក https://feedback.mlvt.gov.kh/feedback ដើម្បីអធិការការងារ ចាត់វិធានការតាមច្បាប់ និងចៀសវាងការយកជម្រើសតវ៉ាតាមការបិទផ្លូវសាធារណៈ។

ក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ សង្ឃឹមថា ម្ចាស់ និងនាយកសហគ្រាស ក្រុមហ៊ុន រោងចក្រ និងកម្មករនិយោជិត ទាំងអស់ នឹងអនុវត្តតាមសេចក្ដីណែនាំនេះដោយប្រសិទ្ធភាព និងគោរពច្បាប់ស្តីពីការងារ៕

Share.