កំពង់ស្ពឺ÷ លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុន ម៉ាណែត នៅថ្ងៃទី០៣ ខែមករា ឆ្នាំ២០២៦នេះ បានអញ្ជើញផ្តល់កិត្តិយសដ៏ខ្ពង់ខ្ពស់ ចូលរួមពិធីបុណ្យសព និងគោរពវិញ្ញាណក្ខន្ធវីរកងទ័ពពលីមួយរូប ដែលបានលះបង់អាយុជីវិតក្នុងបុព្វហេតុការពារជាតិមាតុភូមិ។


ការបាត់បង់វីរកងទ័ពនេះ គឺជាសោកនាដកម្មដ៏ធំធេងមួយ សម្រាប់ប្រទេសជាតិ និងក្រុមគ្រួសារ ដោយវីរកងទ័ពរូបនេះ មិនត្រឹមតែជាធនធានមនុស្សដ៏មានតម្លៃសម្រាប់ជាតិប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងជាស្វាមី ជាឪពុក ជាបង និងជាប្អូន ដែលក្រុមគ្រួសារស្រឡាញ់យ៉ាងខ្លាំងផងដែរ។
ដោយទឹកចិត្តសោកសៅជាពន់ពេក លោកជំទាវបណ្ឌិត បានអញ្ជើញចូលរួមគោរពវិញ្ញាណក្ខន្ធដោយផ្ទាល់ នៅគេហដ្ឋានរបស់សព ដែលកំពុងរៀបចំពិធីបុណ្យតាមប្រពៃណី នៅក្នុងទឹកដីខេត្តកំពង់ស្ពឺ។


ក្នុងឱកាសដ៏ក្រៀមក្រំនេះដែរ លោកជំទាវបណ្ឌិត ក៏បានពាំនាំប្រសាសន៍ចូលរួមរំលែកមរណទុក្ខដ៏សោកស្តាយជាទីបំផុត ពីសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន និងសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ជូនដល់ក្រុមគ្រួសារនៃសព។


ជាមួយគ្នានេះ លោកជំទាវបណ្ឌិត ក៏បាននាំយកអំណោយដ៏ថ្លៃថ្លារបស់សម្តេចធិបតី និងលោកជំទាវបណ្ឌិត ជូនដល់ក្រុមគ្រួសារនៃសព ដើម្បីជួយសម្រួលដល់ការរស់នៅប្រចាំថ្ងៃផងដែរ។

Share.