កើតហេតុការណ៍អាក្រក់ផ្ទុះចេញពីក្រុងប៉ាតាយ៉ាទៀតហើយ ក្រោយធ្លាយរឿងក្មេងប្រុសថៃអាយុ១៨ម្នាក់ចាញ់បោកឧក្រិដ្ឋជនចិននិងស្រីថៃ ឱ្យបង្កើតគណនីខ្មោច បើមិនព្រមធ្វើតាមគំរាមសម្លាប់គ្រួសារ វាយដំ និងអូសចូលឃុំក្នុខុនដូនៅប៉ាតាយ៉ា។

ដំណើរដើមទងនៃហេតុការណ៍ដ៏រន្ធត់ដែលបានកើតឡើងនៅទីក្រុងប៉ាតាយ៉ា ខេត្តឈុនបុរី យុវជនថៃអាយុ ១៨ ឆ្នាំម្នាក់ ស្ទើរតែធ្លាក់ខ្លួនជាជនរងគ្រោះនៃក្រុមឧក្រិដ្ឋកម្មឆ្លងដែន បន្ទាប់ពីចាញ់បោកការប្រកាសរើសបុគ្គលិកតាមរយៈ Facebook រួចត្រូវបានគេនាំទៅខុនដូប្រណីតមួយ។ នៅទីនោះ រូបគេត្រូវបានបង្ខំឱ្យបើកគណនីធនាគារ និងកាបូបលុយអេឡិចត្រូនិក (Wallet) ត្រូវបានដកហូតឯកសារ ព្រមទាំងរងការគំរាមកំហែងធ្វើបាបគ្រួសារ និងគំរាមសម្លាប់ចោលមួយគ្រួសារ ព្រមទាំងប៉ុនប៉ងចាប់ខ្លួនបង្ខាំងទុកជាថ្មី។
ជនរងគ្រោះបានរៀបរាប់ថា ដោយសារចង់មានការងារធ្វើ ក៏បានឃើញការបង្ហោះរើសបុគ្គលិកតាមរយៈ Facebook ទើបឆាតទៅសាកសួរ។ អ្នកគ្រប់គ្រង (Admin) ដែលជាស្រីថៃ បានបង្ហាញអាប្បកិរិយារាក់ទាក់ រួចអះអាងថាខ្លួនគ្មានរថយន្ត ហើយនឹងទៅទទួលជនរងគ្រោះដល់ផ្ទះតែម្តង ដែលធ្វើឱ្យជនរងគ្រោះមានការជឿជាក់។ ប៉ុន្តែនៅពេលទៅដល់ខុនដូក្នុងតំបន់ប៉ាតាយ៉ា បែរជាជួបក្រុមជនជាតិចិន និងត្រូវបានគេឃុំខ្លួននៅក្នុងបន្ទប់ស្នាក់នៅ។

ក្រុមអ្នកបង្កហេតុបានបង្ខំឱ្យជនរងគ្រោះបើកគណនីធនាគារ និងកាបូបលុយតាមទូរស័ព្ទ ព្រមទាំងដកហូតយកទូរស័ព្ទ និងអត្តសញ្ញាណប័ណ្ណទៅបាត់ ដោយអះអាងថានឹងផ្ដល់ប្រាក់ឈ្នួល ១,៥០០ បាត។ ក្រោយមក ជនរងគ្រោះបានឃើញមានទឹកប្រាក់មិនប្រក្រតីចំនួនជាង ៤០០,០០០ បាត ត្រូវបានផ្ទេរចូលក្នុងគណនីរបស់ខ្លួន។ ឃើញដូចនោះ ជនរងគ្រោះក៏ប្រញាប់បង្កកគណនី (Freeze Account) ភ្លាមៗ ដែលធ្វើឱ្យក្រុមជនជាតិចិនខឹងសម្បារយ៉ាងខ្លាំង រហូតបុកចូលទៅដល់ផ្ទះរបស់ជនរងគ្រោះ រុករកសៀវភៅធនាគារ និងគំរាមសម្លាប់ចោលមួយគ្រួសារ។
បន្ទាប់មកទៀត ជនរងគ្រោះត្រូវបានក្រុមឧក្រិដ្ឋជនតាមចាប់ខ្លួនត្រឡប់ទៅខុនដូវិញ ដោយមានការចាប់រឹតក និងអូសទាញគ្នានៅឯចំណតរថយន្ត។ សំណាងល្អ ខណៈនោះមានជនបរទេសម្នាក់បានដើរមកឃើញហេតុការណ៍ ជនរងគ្រោះក៏បានស្រែកខ្លាំងៗសុំជំនួយ រហូតអាចរត់គេចខ្លួនបាន។ ខាងផ្នែករដ្ឋបាលខុនដូបានជួយសម្របសម្រួលទាក់ទងទៅសមត្ថកិច្ចប៉ូលីស។
ប៉ូលីសបានចុះឆែកឆេរក្នុងបន្ទប់ស្នាក់នៅជាន់ទី ១៣ ក៏បានរកឃើញឧបករណ៍សេពគ្រឿងញៀន, ថ្នាំកេ (Ketamine), សៀវភៅគណនីធនាគារជាច្រើនក្បាល, ម៉ាស៊ីនកុំព្យូទ័រ Laptop និងភស្តុតាងនៃការបោកប្រាស់បន្ថែមទៀត។ តាមការត្រួតពិនិត្យ បានរកឃើញជនសង្ស័យជាជនជាតិចិន ២ នាក់ និងស្រីថៃ ១ នាក់។ ចំពោះជនជាតិចិនទាំង ២ នាក់នោះ ត្រូវបានរកឃើញថាទិដ្ឋាការ (Visa) បានហួសកំណត់តាំងពីខែកញ្ញាឆ្នាំមុនមកម្ល៉េះ។

នាពេលនេះ ប៉ូលីសប៉ុស្តិ៍ក្រុងប៉ាតាយ៉ា និងប៉ូលីសអន្តោប្រវេសន៍ បានឃាត់ខ្លួនជនសង្ស័យទាំងអស់ ដើម្បីចាត់វិធានការតាមច្បាប់ និងស៊ើបអង្កេតបន្តទៅលើខ្សែសង្វាក់ហិរញ្ញវត្ថុ។ ព្រមទាំងបានដាស់តឿនដល់ប្រជាពលរដ្ឋ កុំឱ្យចាញ់ជឿលើការប្រកាសរើសបុគ្គលិកតាមបណ្តាញសង្គម ដែលផ្តល់ភាពងាយស្រួលខុសពីធម្មតា ព្រោះអាចប្រឈមនឹងការធ្លាក់ខ្លួនជាជនរងគ្រោះក្នុង “គណនីខ្មោច” និងឧក្រិដ្ឋកម្មធ្ងន់ធ្ងរផ្សេងៗទៀត។
ហេតុការណ៍អាក្រក់មួយក្នុងចំណោមហេតុការណ៍អាក្រក់ដែលបានកើតឡើងនៅក្នុងប្រទេសថៃនេះគឺជាភស្ដុតាងបញ្ជាក់រួចស្រេចទៅហើយថា ប្រទេសថៃ គឺពិតជាចំណុចស្នូល ឬជាមជ្ឈមណ្ឌលកណ្ដាល ដែលឧក្រិដ្ឋជនឆបោកតាមអនឡាញបោះទីតាំងស្នាក់ការខ្លួន ដើម្បីចែកចាយកម្លាំង និងយុទ្ធសាស្ត្រនានា ពង្រីកទៅកាន់តំបន់ផ្សេងៗទៀត៕

