យោងតាមការផ្សាយពីទីភ្នាក់ងារសារព័ត៌មាន AP នៅថ្ងៃទី ៥ ខែមករា ប្រទេសកូរ៉េខាងជើងបានប្រកាសថា មេដឹកនាំកូរ៉េខាងជើង លោក គីម ជុងអ៊ុន បានអញ្ជើញជាអធិបតីក្នុងពិធីពិនិត្យមើលការសាកល្បងបាញ់មីស៊ីលល្បឿនលឿនជាងសំឡេង (Hypersonic Missile) ដែលបានធ្វើឡើងកាលពីថ្ងៃទី ៤ ខែមករា កន្លងទៅ។ លោកបានបញ្ជាក់ជាថ្មីអំពីភាពចាំបាច់ក្នុងការបន្តពង្រឹងសមត្ថភាពទប់ស្កាត់សង្គ្រាមនុយក្លេអ៊ែររបស់ប្រទេស ខណៈដែលរដ្ឋាភិបាលក្រុងព្យុងយ៉ាងនៅតែបន្តបង្ហាញឥទ្ធិពលអាវុធរបស់ខ្លួនយ៉ាងសកម្ម។

យោងតាមទីភ្នាក់ងារសារព័ត៌មានមជ្ឈិមរបស់កូរ៉េខាងជើង បានរាយការណ៍ថា ការសាកល្បងអាវុធកាលពីថ្ងៃទី ៤ ខែមករា មានគោលបំណងត្រួតពិនិត្យការត្រៀមលក្ខណៈ បង្កើនជំនាញប្រតិបត្តិការបាញ់របស់អង្គភាពកងទ័ពមីស៊ីល និងវាយតម្លៃសមត្ថភាពក្នុងប្រតិបត្តិការការពារជាតិរបស់ប្រទេស។

KCNA ក៏បានស្រង់សម្តីលោក គីម ជុងអ៊ុន ដែលបានលើកឡើងថា៖
“តាមរយៈការហ្វឹកហាត់បាញ់នៅថ្ងៃនេះ យើងអាចបញ្ជាក់បានថា ភារកិច្ចបច្ចេកវិទ្យាដែលមានសារៈសំខាន់បំផុតសម្រាប់ការការពារជាតិ ត្រូវបានអនុវត្តដោយជោគជ័យ។ យើងត្រូវតែលើកកម្ពស់គ្រឿងយុទ្ធោបករណ៍យោធាជាបន្តបន្ទាប់ ជាពិសេសប្រព័ន្ធអាវុធវាយលុក…”

ព័ត៌មានបានបញ្ជាក់ថា ការសាកល្បងមីស៊ីលរបស់កូរ៉េខាងជើងនេះ បានកើតឡើងតែប៉ុន្មានម៉ោងប៉ុណ្ណោះ មុនពេលប្រធានាធិបតីកូរ៉េខាងត្បូង លោក លី ជែម្យុង (Lee Jae-myung) ធ្វើដំណើរទៅបំពេញទស្សនកិច្ចនៅប្រទេសចិន ដើម្បីជួបជាមួយប្រធានាធិបតីចិន លោក ស៊ី ជីនពីង។ វាក៏បានកើតឡើងបន្ទាប់ពីប្រតិបត្តិការវាយប្រហាររបស់សហរដ្ឋអាមេរិកលើប្រទេសវ៉េណេស៊ុយអេឡា កាលពីថ្ងៃទី ៣ ខែមករា ដើម្បីទម្លាក់អំណាចលោក នីកូឡាស ម៉ាឌូរ៉ូ ប្រធានាធិបតីវ៉េណេស៊ុយអេឡា ដែលត្រូវបានបញ្ជូនខ្លួនទៅសហរដ្ឋអាមេរិក ដើម្បីកាត់ទោសពីបទសមគំនិតភេរវកម្ម និងជួញដូរគ្រឿងញៀន។ កូរ៉េខាងជើងបានចេញមុខថ្កោលទោសប្រតិបត្តិការនេះយ៉ាងខ្លាំងក្លា ដោយលើកឡើងថា វាបង្ហាញឱ្យឃើញម្តងទៀតនូវ “ចរិតក្មេងទំនើង និងភាពសាហាវយង់ឃ្នង” របស់សហរដ្ឋអាមេរិក។

ទោះជាយ៉ាងណាក៏ដោយ អ្នកជំនាញជាច្រើនបានវិភាគថា ប្រតិបត្តិការវាយប្រហារលើវ៉េណេស៊ុយអេឡារបស់អាមេរិកលើកនេះ នឹងកាន់តែជម្រុញឱ្យលោក គីម ជុងអ៊ុន ពន្លឿនការពង្រីកសមត្ថភាពអាវុធនុយក្លេអ៊ែរបន្ថែមទៀត ដោយសារលោកយល់ថា វាគឺជាមធ្យោបាយតែមួយគត់ដែលអាចធានាដល់ការរស់រានមានជីវិតរបស់រដ្ឋាភិបាល និងអធិបតេយ្យភាពជាតិ ចំពេលដែលមានការបង្ហាញឥរិយាបថអរិភាពដែលដឹកនាំដោយសហរដ្ឋអាមេរិក។
មានសេចក្តីរាយការណ៍ថា ក្នុងអំឡុងពេលហ្វឹកហាត់បាញ់មីស៊ីល លោក គីម បានការពារការសម្រេចចិត្តពន្លឿនការអភិវឌ្ឍកម្មវិធីនុយក្លេអ៊ែរឱ្យកាន់តែរឹងមាំ ដោយបញ្ជាក់ថា រឿងនេះគឺជា “រឿងចាំបាច់” ដែលស្តែងឱ្យឃើញយ៉ាងច្បាស់តាមរយៈឧទាហរណ៍នៃវិបត្តិភូមិសាស្ត្រនយោបាយ និងព្រឹត្តិការណ៍អន្តរជាតិដ៏ស្មុគស្មាញក្នុងរយៈពេលកន្លងមកនេះ៕

