ព្រឹត្តិការណ៍នយោបាយអន្តរជាតិក្នុងរយៈពេលប៉ុន្មានថ្ងៃចុងក្រោយនេះ បានបង្ហាញឱ្យឃើញនូវសញ្ញាណដ៏គួរឱ្យព្រួយបារម្ភមួយ នោះគឺការប្រើប្រាស់អំណាចបង្ខំ ដើម្បីដោះស្រាយជម្លោះភូមិសាស្ត្រនយោបាយ។ ជាក់ស្ដែងថ្មីនេះៗ នៅពេលដែលសហរដ្ឋអាមេរិកបង្ហាញអនុត្តរភាពនៃឥទ្ធិពលរបស់ខ្លួនតាមរយៈការតាមចាប់វាយខ្នោះប្រធានាធិបតីប្រទេសវ៉េណេស៊ុយអេឡា នោះមិនត្រឹមតែជាបញ្ហានៅតំបន់អាមេរិកឡាទីនប៉ុណ្ណោះទេ ប៉ុន្តែវាបានក្លាយជាប្រ៊ីយ៉ុងវិញ្ញាសាថ្មីដែលជាកញ្ចក់ឆ្លុះទៅកាន់ចិនវិញយ៉ាងច្បាស់ ក្នុងស្ថានភាពនៅច្រកសមុទ្រតៃវ៉ាន់ដែលកំពុងឡើងកម្ដៅពុះកញ្ជ្រោលខ្លាំងឡើងៗ ។

យុទ្ធសាស្ត្រប្រឆាំងមេដឹកនាំវ៉េណេស៊ុយអេឡាលោក នីកូឡាស ម៉ាឌូរ៉ូ (Nicolás Maduro) ដោយចាប់វាយខ្មោះដៃ និងប្រើប្រាស់ដីកាចាប់ខ្លួនរបស់សហរដ្ឋអាមេរិក តែម្នាក់ឯង គឺបានផ្ញើសារទៅកាន់ពិភពលោកថា៖ ប្រសិនបើមហាអំណាចចាត់ទុកជនណាម្នាក់ថាជា “ជនខុសច្បាប់” នោះពួកគេនឹងប្រើគ្រប់មធ្យោបាយដើម្បីតាមចាប់ខ្លួនជននោះ ដោយប្រើហេតុផលស្ដាប់មើលទៅដូចជាការលះបង់ដ៏ធំធេងគឺដើម្បី ធានាសន្តិសុខពិភពលោក បើទោះជាជននោះមានឋានៈ ឬតួនាទីជាប្រធានាធិបតីក្នុងរដ្ឋដែលមានអធិបតេយ្យក៏ដោយ ក៏អាមេរិកមិនញញើតនឹងផ្ដន្ទទោសនោះដែរ។

ទីក្រុងវ៉ាន់ស៊ីតោនចាត់ទុកថា បញ្ហានេះគឺស្ថិតក្រោមអំណាចនៃអនុត្តរភាពរបស់ខ្លួនក្នុងការដោះស្រាយបញ្ហាភូមិសាស្ត្រនយោបាយ។ ប៉ុន្តែបើងាកទៅមើលទីក្រុងប៉េកាំងឯណេះវិញ ពួកគេមិនអាចទទួលយកបានឡើយចំពោះករណីដែលប្រទេសមួយមកតាំងខ្លួនធ្វើជាប៉ូលីស ឬជាចៅក្រមសម្រាប់ពិភពលោក។ ដែនអធិបតេយ្យភាព និងសន្តិសុខរបស់ប្រទេសទាំងអស់នៅលើពិភពលោក ត្រូវតែទទួលបានការការពារយ៉ាងពេញលេញតាមច្បាប់អន្តរជាតិតែប៉ុណ្ណោះ។

យ៉ាងណាមិញហេតុការណ៍លើកនេះក៏អាចនឹងក្លាយជាយុទ្ធសាស្ត្រដែលពួកគេអាច «ចម្លង» យកមកប្រើប្រាស់ក្នុងករណីតៃវ៉ាន់បានដូចគ្នា។ ចិនតែងតែប្រកាសថា ខ្លួនមានគោលនយោបាយ «ចិនតែមួយ!» មេដឹកនាំតៃវ៉ាន់គឺជាជនបំបែកខ្លួនដែលទាមទារចង់ផ្ដាច់ខ្លួនចេញពីសាធារណរដ្ឋប្រជាមានិតចិន។ ដូចនេះ ការចាប់ខ្លួនមេដឹកនាំវ៉េណេស៊ុយអេឡាដោយអាមេរិក ក៏អាចក្លាយជាលេសស្របច្បាប់មួយសម្រាប់ចិន ក្នុងការប្រកាសដីកាចាប់ខ្លួនមេដឹកនាំតៃវ៉ាន់ ឬសកម្មជនប្រឆាំងនឹងគោលនយោបាយចិនតែមួយ នៅថ្ងៃណាមួយ ដោយជ្រកក្រោមហេតុផលថា «ច្បាប់ប្រឆាំងនឹងការបំបែករដ្ឋ»។

យ៉ាងណាមិញភាពខុសគ្នារវាងវ៉េណេស៊ុយអេឡា និងតៃវ៉ាន់គឺ ភូមិសាស្ត្រ។ តាមការស្រាវជ្រាវបន្ថែម វ៉េណេស៊ុយអេឡាមានផ្ទៃដីធំជាងនិងសំបូរទៅដោយរ៉ែឧស្ម័នឥន្ទៈដែលជាប្រទេសដាច់ដោយឡែក និងមានព្រំដែនទទួលស្គាល់ដោយអន្តរជាតិ ប៉ុន្តែខុសពីកោះតៃវ៉ាន់ ដែលកន្លងមកជាកោះតូចមួយមានដែនរដ្ឋបាលស្វយ័ត។ប្រសិនបើចិនសម្រេចចិត្តចម្លងការបោះប្រ៊ីយ៉ុងនេះពីអាមេរិក ហើយចាប់ក្រសោប និងវាយខ្នោះដៃមេដឹកនាំតៃវ៉ាន់ ដូចដែលអាមេរិកកំពុងព័ទ្ធសង្កត់សេដ្ឋកិច្ចវ៉េណេស៊ុយអេឡានោះ នោះច្បាស់ណាស់ តៃវ៉ាន់ក៏អាចប្រឈមមុខនឹងវិបត្តិស្បៀងអាហារ ថាមពល និងជំនួយយោធាភ្លាមៗ ។ ការចាប់ក្រសោបនេះ មិនត្រឹមតែជាការឡោមព័ទ្ធដោយនាវាចម្បាំងជ្រកក្រោមស្លាកសមយុទ្ធក្នុងតំបន់ប៉ុណ្ណោះទេ ប៉ុន្តែគឺជាការបង្ហាញពីឥទ្ធិពលច្របាច់ដង្ហើមសេដ្ឋកិច្ច និងនយោបាយរបស់តៃវ៉ាន់មិនឱ្យរើរួច រហូតដល់ត្រូវបង្ខំចិត្តចុះចាញ់ ឬព្រមទទួលយកលក្ខខណ្ឌរបស់ទីក្រុងប៉េកាំង។

អត្ថបទព័ត៌មានរបស់ត្រយងមួយនេះចង់សង្កត់ធ្ងន់ថា នៅពេលដែលសហរដ្ឋអាមេរិកបង្កើត «គំរូ» នៃការប្រើប្រាស់កម្លាំងយោធាដើម្បីបង្ខំចាប់ខ្លួនមេដឹកនាំនៃរដ្ឋមួយ នោះវាក៏ជាការ Un-Boxing ឱ្យមហាអំណាចដទៃទៀតប្រើវិធីសាស្ត្រស្រដៀងគ្នានេះដើម្បីចង់ក្ដោបក្ដាប់លើរដ្ឋដែលតូចជាង និងទន់ខ្សោយជាងខ្លួន តាមតែហេតុផលដែលគេបង្កើតឡើងដូចគ្នា។ ប្រសិនបើចិនមើលឃើញថា ពិភពលោកមិនអាចរារាំងអាមេរិកក្នុងការចាប់ឃាត់ខ្លួនលោក នីកូឡាស បានទេ នោះចិនក៏អាចយកគំរូនេះមកបង្ហាញពិភពលោកអំពីគោលនយោបាយរបស់ចិនទៅកោះតៃវ៉ាន់បានដូចគ្នា។

ជារួមមកវិញសង្គ្រាមត្រជាក់ថ្មីរវាងអាមេរិក និងចិន មិនមែនមានត្រឹមតែការប្រកួតប្រជែងពាណិជ្ជកម្មនោះទេ ប៉ុន្តែវាគឺជាការប្រកួតប្រជែងលើ ការកំណត់និយមន័យនៃយុត្តិធម៌ឱ្យពិភពលោក។ ដូចករណីវ៉េណេស៊ុយអេឡាដែលកើតឡើងនេះ វាជាសញ្ញាអាសន្នសម្រាប់កោះតៃវ៉ាន់ដូចគ្នា ដែលត្រូវត្រៀមខ្លួនមុនសម្រាប់ថ្ងៃមួយមកដល់ដែលកម្លាំងបាយ និងយុទ្ធសាស្ត្រចាប់ក្រសោបច្របាច់ករ នឹងត្រូវបានយកមកប្រើប្រាស់ជំនួសឱ្យការចរចាដោយសន្តិវិធី៕

Share.