ភ្នំពេញ៖ មន្ត្រីជាន់ខ្ពស់កម្ពុជា បានបន្តបង្ហាញការថ្កោលទោសយ៉ាងខ្លាំងចំពោះសកម្មភាពដែលត្រូវបានចោទប្រកាន់ថា ជាការលួចប្លន់ និងការរំលោភលើអធិបតេយ្យភាពកម្ពុជា ដោយយោធាថៃ ក្រោយការអនុវត្តបទឈប់បាញ់ថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០២៥ ខណៈសហគមន៍អន្តរជាតិកំពុងតាមដានស្ថានការណ៍ជម្លោះព្រំដែនកម្ពុជា–ថៃយ៉ាងជិតស្និទ្ធ។

នៅថ្ងៃទី៥ ខែមករា ឆ្នាំ២០២៦ ឯកឧត្តម លុយ ដាវីដ ឯកអគ្គរាជទូតកម្ពុជាប្រចាំសាធារណរដ្ឋបារាំង បានបង្ហោះសារតាមបណ្ដាញសង្គម ដោយបញ្ជាក់ថា ការលួចយកទ្រព្យសម្បត្តិពីប្រជាពលរដ្ឋក្រីក្រខ្មែរ មិនមែនជាឧក្រិដ្ឋកម្មធម្មតាទេ ប៉ុន្តែជា «អំពើអន្ធពាលដ៏គ្មានអៀនខ្មាស» ដែលប៉ះពាល់យ៉ាងធ្ងន់ធ្ងរដល់សិទ្ធិមនុស្ស និងមុខមាត់របស់ប្រទេសថៃនៅលើឆាកអន្តរជាតិ។ ឯកឧត្តមបានលើកឡើងថា សកម្មភាពបែបនេះ បង្ហាញពីការមិនគោរពច្បាប់អន្តរជាតិ និងគោលការណ៍មនុស្សធម៌។

សូមចុចអាន៖ កម្ពុជា​មិន​ទទួល​ស្គាល់​ការ​ចោទ​ប្រកាន់​របស់​កងទ័ព​ភូមិភាគទី​២​ថៃ ថា​មាន​ករណីផ្ទុះមីន​ចំនួន​មួយ​គ្រាប់​ នៅ​តំបន់​ហួយតាម៉ារៀ

ក្នុងបរិបទដូចគ្នានេះ ឯកឧត្តម ហ្សង់ ហ្វ្រង់ស្វ័រ តាន់ (Jean-François Tain) រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី បានសរសេរលើបណ្ដាញសង្គមនៅថ្ងៃដូចគ្នា ដោយបញ្ជាក់ថា ការកាន់កាប់ទឹកដី និងការប្រើប្រាស់កម្លាំងយោធា មិនមែនជាផ្លូវនាំទៅរកសន្តិភាពឡើយ។ លោកបានព្រមានថា យុទ្ធសាស្ត្រដែលផ្អែកលើកម្លាំងបាយ និងអំណាចយោធា គឺជាចំណុចចាប់ផ្តើមនៃការឈឺចាប់ កំហឹង គំនុំកួន និងជម្លោះ ដែលអាចបន្តពីជំនាន់ទៅជំនាន់ ហើយប្រវត្តិសាស្ត្រមិនដែលភ្លេចអំពើរំលោភអធិបតេយ្យភាពឡើយ។

នៅផ្នែកផ្លូវការ ក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ កាលពីថ្ងៃទី២ មករា ២០២៦ ក៏បានចេញសេចក្ដីប្រកាសប្រតិកម្ម ដោយថ្កោលទោសសកម្មភាពដែលផ្ទុយពីសេចក្ដីថ្លែងការណ៍រួមថ្ងៃទី២៧ ខែធ្នូ និងបញ្ជាក់ថា កម្ពុជា មិនទទួលស្គាល់ការផ្លាស់ប្តូរខ្សែបន្ទាត់ព្រំដែនណាមួយដែលកើតឡើងដោយការប្រើប្រាស់កម្លាំងឡើយ។ ក្រសួងបានអំពាវនាវឲ្យភាគីថៃបញ្ឈប់សកម្មភាពរំលោភទាំងអស់ និងវិលត្រឡប់ទៅរកការដោះស្រាយបញ្ហាតាមយន្តការរួម និងវិធានការសន្តិវិធី ស្របតាមច្បាប់អន្តរជាតិ។

ជាមួយគ្នានេះ ស្ថានការណ៍មនុស្សធម៌នៅតំបន់ព្រំដែននៅតែគួរឲ្យព្រួយបារម្ភ។ យោងតាមទិន្នន័យផ្លូវការរបស់ ក្រសួងមហាផ្ទៃ គិតចាប់ពីម៉ោង ១រសៀល ដល់ម៉ោង ៦ល្ងាច ថ្ងៃទី៥ ខែមករា ឆ្នាំ២០២៦ មានជនភៀសសឹក ២៥.៤០៧នាក់ បន្ថែមទៀត បានបន្តវិលត្រឡប់ទៅលំនៅឋានរបស់ខ្លួនវិញ។ ទោះជាយ៉ាងណា ក្នុងចំណោមជនភៀសសឹកសរុបជាង ៦៤ម៉ឺននាក់ នៅតែមាន ២៤២.២៦៧នាក់ បន្តស្នាក់នៅតាមជំរំ ក្នុងនោះរួមមាន ស្ត្រី ១២៧.៨៨៦នាក់ និង កុមារ ៧៨.៩០៧នាក់។

គួរបន្ថែមថា Al Jazeera សារព័ត៌មានអន្តរជាតិធំមួយ បានបញ្ជូនក្រុមអ្នកសារព័ត៌មានចុះយកព័ត៌មាននៅតំបន់ព្រំដែនកម្ពុជា–ថៃ ចាប់ពីអំឡុងការប៉ះទង្គិច រហូតដល់ក្រោយបទឈប់បាញ់។ សេចក្ដីរាយការណ៍របស់ Al Jazeera បានផ្តោតលើផលប៉ះពាល់មនុស្សធម៌ រួមមានការភៀសខ្លួនរបស់ប្រជាពលរដ្ឋ ការរាំងស្ទះភូមិដោយកុងតឺន័រ និងរបងលួស និងភាពផុយស្រួយនៃបទឈប់បាញ់ ដែលធ្វើឲ្យវិបត្តិនេះទទួលបានការចាប់អារម្មណ៍យ៉ាងខ្លាំងពីសហគមន៍អន្តរជាតិ។

កម្ពុជាបានអះអាងថា នឹងបន្តការពារអធិបតេយ្យភាពជាតិ ខណៈបន្តសម្របសម្រួលការជួយមនុស្សធម៌ និងអំពាវនាវឲ្យសហគមន៍អន្តរជាតិបន្តតាមដាន និងគាំទ្រដំណោះស្រាយសន្តិវិធី ដើម្បីរក្សាសន្តិភាព និងស្ថិរភាពនៅតំបន់ព្រំដែនកម្ពុជា–ថៃ។

Share.