នៅក្នុងប្រតិបត្តិការណ៍ក្ដៅគគុកមួយដែលកម្លាំងសមត្ថកិច្ចកម្ពុជាយើងបានចុះទៅបង្ក្រាបដល់ទីតាំងដែលស្ថិតនៅក្នុងភូមិសាស្ត្របុរីប៉េងហួតបឹងស្នោ ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ កាលពីថ្ងៃទី៥ ខែមករា ឆ្នាំ២០២៦ អាជ្ញាធរកម្ពុជាបង្ក្រាបបានទីតាំងប្រព្រឹត្តបទល្មើសឆបោកអនឡាញស្គេម៤កន្លែងផ្សេងគ្នា ដោយក្នុងនោះចាប់ឃាត់ខ្លួនបានជនបរទេសសរុប៣២នាក់។

ធ្វើឡើងដោយមានបទបញ្ជាណែនាំពីលោកនាយឧត្តមសេនីយ៍ ស ថេត អគ្គស្នងការនគរបាលជាតិ និងដោយមានការសម្របសម្រួលនីតិវិធីពី លោក មុត ដារ៉ា ព្រះរាជអាជ្ញារងនៃអយ្យអមសាលាដំបូងរាជធានីភ្នំពេញ ក្នុងរង្វង់ប្រតិបត្តិការនោះ កម្លាំងសមត្ថកិច្ចចម្រុះ បានធ្វើការចុះឆ្មក់បង្រ្កាបដល់ទីតាំងទាំង៤ខាងលើ ព្រមទាំងបានចាប់ខ្លួនអ្នកពាក់ព័ន្ធជាបន្តបន្ទាប់សរុបរហូត៣២នាក់ ដែលសុទ្ធសឹងជាជនជាតិកូរ៉េខាងត្បូងទាំងអស់។

ជាមួយគ្នានេះ កម្លាំងសមត្ថកិច្ចជំនាញបានធ្វើសាកសួរ និងរកឃើញថា ក្រុមជនសង្ស័យ បានក្លែងខ្លួនធ្វើជាសមត្ថកិច្ចនគរបាល និងរដ្ឋអាជ្ញាកូរ៉េខាងត្បូង ដើម្បីជំរិតគម្រាមទារប្រាក់ពីជនរងគ្រោះជនជាតិកូរ៉េខាងត្បូងដូចគ្នា។ បច្ចុប្បន្ន សមត្ថកិច្ចកំពុងនាំខ្លួនជនសង្ស័យខាងលើ មកសាកសួរបន្ថែមនៅអគ្គស្នងការដ្ឋាននគរបាលជាតិ និងចាត់ការតាមនីតិវិធីច្បាប់ជាធរមាន៕

Share.