ទីក្រុងតៃប៉ិ បានប្រកាសឱ្យដឹងនៅថ្ងៃម្សិលមិញនេះថា អនុរដ្ឋមន្ត្រីការពារជាតិកោះតៃវ៉ាន់លោក ស៊ូ ស៊ូឈៀន បានឆ្លើយយ៉ាងមិនញញើតមាត់នៅចំពោះមុខអ្នកសារព័ត៌មានថា ក្រសួងការពារជាតិខ្លួនបានត្រៀមខ្លួនជាស្រេចដើម្បីទប់ទល់ចំពោះការប្រើប្រាស់សន្លឹកបៀរដែលបង្កប់ដោយសេណារីយ៉ូវាយប្រហារបែប វេណេស៊ុយអេឡា មកលើកោះតៃវ៉ាន់ ការថ្លែងរបស់លោក ស៊ូ ដូច្នេះបានធ្វើឱ្យគេអាចកាត់ន័យយល់បានភ្លាមៗថា លោក ចង់សម្ដៅទៅលើប្រទេសចិនយ៉ាងប្រាកដ។

ការលើកឡើងរបស់លោកនេះគឺនៅមុនពេលកិច្ចប្រជុំមួយនៅអង្គនីតិបញ្ញត្តិទីក្រុងតៃប៉ិ។ សារព័ត៌មាន taiwannews បានដកស្រង់សម្ដីរបស់លោក ស៊ូ ស៊ូឈៀន ដែលបាននិយាយថា យោធាបានសម្របសម្រួលជាប្រចាំជាមួយទីភ្នាក់ងារពាក់ព័ន្ធផ្សេងទៀត ក្នុងក្របខ័ណ្ឌឆ្លើយតបបន្ទាន់របស់កងកម្លាំងប្រដាប់អាវុធគ្រប​ដណ្តប់​លើ​សេណារីយ៉ូសម្មតិកម្មជាច្រើន ។ លោកបានលើកឡើងទៀតថា យោធាធ្វើសមយុទ្ធ និងមានពិធីសារឆ្លើយតបបន្ទាន់ ដូចជាផែនការ វ៉ាន់ឈុន ដែលអាចត្រូវបានប្រើដើម្បីជម្លៀសប្រធានាធិបតីទៅកាន់ទីតាំងដែលមានសុវត្ថិភាព។

ផែនការ វ៉ាន់ឈុន គឺជាយុទ្ធនាការនិទាឃរដូវ ដែលជានិមិត្តរូបនៃយុទ្ធសាស្ត្ររំដោះកោះតៃវ៉ាន់ចេញពីការគ្រប់គ្រងរបស់ទីក្រុងប៉េកាំងជាស្ថាពរ។ ផែនការនេះត្រូវបានកោះតៃវ៉ាន់ប្រើប្រាស់ក្នុងបច្ចេកទេសយោធានិងនយោបាយដែលសំដៅទៅលើយុទ្ធសាស្ត្រវាយលុកកោះតៃវ៉ាន់ដោយផ្លេកបន្ទោរ។ យ៉ាងណាមិញ អនុរដ្ឋមន្ត្រីការពារជាតិកោះតៃវ៉ាន់បានគូសបញ្ជាក់បន្ថែមថា ថវិកាប្រចាំឆ្នាំរួមមានធាតុជាច្រើនទាក់ទងនឹងការទប់ស្កាត់មិនស៊ីមេទ្រី ការទប់ស្កាត់កម្លាំងសត្រូវ ការការពារឧបករណ៍ផ្ទាល់ខ្លួនរបស់យោធានិងការថែទាំសមាជិកយោធា នោះត្រូវបានរំពឹងថាមានការប្រុងប្រយ័ត្នខ្ពស់ជាងមុន។

ដោយឡែកលោក ស៊ូ ស៊ូឈៀន ក៏បានឆ្លើយតបចំពោះក្ដីកង្វល់ដែល យន្តហោះ និងនាវាចិន បានធ្វើប្រតិបត្តិការនៅជិតកោះតៃវ៉ាន់ កាលពីថ្ងៃអាទិត្យសប្ដាហ៍មុននោះ និងក្រោយសកម្មភាពយោធាអាមេរិកធ្វើប្រតិបត្តការចាប់មេដឹកនាំវេណេស៊ុយអេឡានោះ លោកបានបញ្ជាក់ថា យោធាតែងតែធ្វើការស៊ើបការណ៍ ការឃ្លាំមើល និងការឈ្លបយកការណ៍ជារៀងរាល់ថ្ងៃ ហើយនឹងបញ្ចេញព័ត៌មាននៅពេលកំណត់មួយ។ លោកបន្តនិយាយថា យន្តហោះយោធាចិនចំនួន ៣គ្រឿង នាវាកងទ័ពជើងទឹកចំនួន ៨គ្រឿង និងនាវាផ្លូវការចិន ១គ្រឿង ត្រូវបានតាមដានយ៉ាងយកចិត្តទុកដាក់បំផុតនៅជុំវិញកោះតៃវ៉ាន់ផងដែរ៕

Share.