ភ្នំពេញ៖ កម្លាំងជំនាញនាយកដ្ឋាននគរបាលព្រហ្មទណ្ឌ កាលពីថ្ងៃទី១០ ខែមករា ឆ្នាំ២០២៦ វេលាម៉ោង ០៣;១០ នាទីអាធ្រាតបានធ្វើការឃាត់ខ្លួនជនសង្ស័យចំនួន ៣នាក់ ពាក់ព័ន្ធករណីលួច (កាច់កម៉ូតូ) ក្នុងភូមិសាស្ត្ររាជធានីភ្នំពេញ។ 

ប្រតិបត្តិការនេះ បានធ្វើឡើងនៅត្រង់ចំណុចអាគារឌឹព្រីមៀរ សែនសុខ ស្ថិតក្នុងខណ្ឌសែនសុខ រាជធានីភ្នំពេញ ពាក់ព័ន្ធនឹងករណីលួចកាច់កម៉ូតូម៉ាក Honda Dio ពណ៌ប្រផេះ កាលពីថ្ងៃទី០៨ ខែមករា ឆ្នាំ២០២៦ នៅត្រង់ចំណុចផ្ទះលេខ E184 ផ្លូវលេខ 13 សង្កាត់ជ័យជំនះ ខណ្ឌដូនពេញ រាជធានីភ្នំពេញ ពីជនរងគ្រោះឈ្មោះ Edick Edwin George ភេទប្រុស អាយុ ៣០ឆ្នាំ ជនជាតិអាមេរិក។ 

ការអនុវត្តន៍ នេះដឹកនាំដោយលោកឧត្តមសេនីយ៍ត្រី ប៊ុត វណ្ណារដ្ឋ អនុប្រធាននាយកដ្ឋាននគរបាលព្រហ្មទណ្ឌ ដោយមានការចូលរួមពីលោកវរសេនីយ៍ឯក ញ៉ែម វ៉ន និងលោកវរសេនីយ៍ទោ ប៊ុត ស៊ីម៉េង ជានាយការិយាល័យពាក់ព័ន្ធ។ ជនសង្ស័យទាំង ៣នាក់ ទី១ ឈ្មោះ ចាន់ សីហា ភេទប្រុស អាយុ ២៦ឆ្នាំ ជនជាតិខ្មែរ ជាមុខសញ្ញាកាច់កម៉ូតូ ទី២ ឈ្មោះ ភឿន ថា ភេទប្រុស អាយុ ២២ឆ្នាំ ជនជាតិខ្មែរ ជាអ្នកទទួលផលចោរកម្ម និងទី៣ ឈ្មោះ ផល សុខគា ភេទប្រុស អាយុ ១៨ឆ្នាំ ជនជាតិខ្មែរ ជាអ្នកទទួលផលចោរកម្ម។ ក្នុងនោះសម្ថកិច្ចដកហូតសម្ភារៈរួមមាន ម៉ូតូម៉ាក Honda Dio ពណ៌ប្រផេះ ពាក់ស្លាកលេខ ភ្នំពេញ 1LR-1597 របស់ជនរងគ្រោះ និងម៉ូតូម៉ាក Honda C125 ពណ៌ខ្មៅ ពាក់ស្លាកលេខ ភ្នំពេញ 1LQ-9527 របស់ជនសង្ស័យ។

បច្ចុប្បន្ន កម្លាំងជំនាញបាននាំជនសង្ស័យទាំងអស់មកនាយកដ្ឋាននគរបាលព្រហ្មទណ្ឌ ដើម្បីធ្វើការសាកសួរ និងកសាងសំណុំរឿងបន្តតាមនីតិវិធីច្បាប់៕

អត្ថបទ៖​ ចតុម្មុខ

Share.