
យោងតាមការមជ្ឈមណ្ឌលសកម្មភាពកម្ចាត់មីនកម្ពុជា (CMAC), កាលពីព្រឹកមិញនេះ ឯកឧត្តម ប្រាក់ សុខុន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ តំណាងឱ្យរាជរដ្ឋាភិបាលកម្ពុជា និងឯកឧត្តម UENO Atsushi ឯកអគ្គរដ្ឋទូតជប៉ុនប្រចាំកម្ពុជា បានរួមគ្នាដាក់ហត្ថលេខាលើគម្រោងសមាហរណកម្មការបោសសម្អាតមីន និងសង្គ្រោះជនពិការដោយសារមីន ដំណាក់កាលទី៣ ដែលមានទំហំទឹកប្រាក់រហូតដល់ ១.៧០០.០០០.០០០ យ៉េន ឬស្មើនឹងប្រមាណជាង ១១,៣ លានដុល្លារអាមេរិក។
កញ្ចប់ថវិកាដ៏មហិមានេះ នឹងត្រូវប្រើប្រាស់ដើម្បីគាំទ្រដោយផ្ទាល់ដល់អង្គភាពស៊ីម៉ាក់ (CMAC) ក្នុងរយៈពេលអនុវត្តគម្រោងចំនួនពីរឆ្នាំ ចាប់ពីដើមឆ្នាំ២០២៦ រហូតដល់ដើមឆ្នាំ២០២៨ ខាងមុខ។ វិសាលភាពនៃគម្រោងនេះ នឹងគ្របដណ្តប់លើខេត្តគោលដៅយុទ្ធសាស្ត្រចំនួនបី រួមមានខេត្តបាត់ដំបង ពោធិ៍សាត់ និងកោះកុង ដែលជាតំបន់នៅមានការគម្រាមកំហែងដោយសារគ្រាប់មីននៅឡើយ។ អ្វីដែលកាន់តែពិសេស និងបង្ហាញពីកម្រិតនៃទំនាក់ទំនងបច្ចេកវិទ្យារវាងប្រទេសទាំងពីរនោះគឺ ការបំពាក់នូវប្រព័ន្ធបញ្ញាសិប្បនិម្មិត (AI) រួមជាមួយម៉ាស៊ីនរាវមីនទំនើបប្រភេទ ALIS គ្រឿងចក្រកម្ទេចមីន និងដ្រូនបច្ចេកទេស ដែលនឹងធ្វើឱ្យប្រតិបត្តិការបោសសម្អាតមីនកាន់តែមានសុវត្ថិភាព និងប្រសិទ្ធភាពខ្ពស់ ក្រោមការសម្របសម្រួលពីកម្លាំងប្រតិបត្តិការសរុបជាង ៣៥០ នាក់។
ក្រៅពីកិច្ចការបច្ចេកទេសបោសសម្អាតផ្ទៃដីចម្ការមីន គម្រោងនេះក៏បានសម្លឹងមើលទៅដល់ការលើកកម្ពស់គុណភាពជីវិតរបស់ប្រជាពលរដ្ឋដែលរងគ្រោះដោយសារមីនផងដែរ។ តាមរយៈការផ្ដល់ជំនួយ និងការអភិវឌ្ឍមុខរបរខ្នាតតូច ប្រជាពលរដ្ឋទទួលផលផ្ទាល់ប្រមាណជាង ២៧.០០០ គ្រួសារ នឹងមានឱកាសកសាងជីវភាពថ្មីនៅលើទឹកដីដែលមានសុវត្ថិភាព។ កាយវិការដ៏សប្បុរសរបស់រដ្ឋាភិបាល និងប្រជាជនជប៉ុននាពេលនេះ មិនត្រឹមតែជាការជួយសង្គ្រោះជីវិតមនុស្សធម៌ប៉ុណ្ណោះទេ ប៉ុន្តែគឺជាសក្ខីភាពនៃការប្ដេជ្ញាចិត្តយ៉ាងមោះមុតក្នុងការជួយកម្ពុជាឱ្យសម្រេចបាននូវគោលដៅគ្មានមីន និងការអភិវឌ្ឍប្រកបដោយចីរភាពនៅតាមតំបន់ជនបទ៕


