បាងកកយល់ច្រឡំថា ឈ្នះល្បែងនយោបាយមានមហាអំណាចនៅក្បែរ គឺមានប្រៀបជាងសមាជិកអាស៊ានផ្សេង តែធាតុពិតថៃកំពុងស្ថិតក្នុងក្រញ៉ាំឥន្ទ្រីអាមេរិកចង់ដោះខ្លួនក៏ពិបាកទៅវិញទេ!

បើមើលតែសំបកក្រៅ ប្រជាជនថៃ និងមេដឹកនាំក្រុងបាងកក កំពុងតែមានអំនួតនិងមោទនភាព ដែលខ្លួនប្រៀបដូចជាបុប្ផាក្រពុំ ចោលក្លិនពិដោរទាក់ចិត្ត មហាអំណាចចិន និងអាមេរិក ឱ្យតាមចែចូវខ្លួន ដល់ថ្នាក់ពួកគេហ៊ានតម្កើងឬកពើងទ្រូង មិនខ្វល់ពីសម្ដីដាច់ណាត់របស់មេដឹកនាំទីក្រុង វ៉ាស៊ីនតោន គឺប្រធានាធិបតី ដូណាល់ត្រាំ ថែមទៀតផង។

យ៉ាងណាមិញអ្វីដែលជាការកត់សម្គាល់ ប្រសិនបើមើលឱ្យស៊ីជម្រៅចំពោះអ្វីដែលថៃ ហៅថាជាជោគជ័យ និងមានប្រៀបលើគេតាមរយៈ យុទ្ធសាស្ត្រសំខាន់ៗចំនួនពីរ គឺផ្ដល់ «មូលដ្ឋានទ័ពនៅផាំងង៉ា» និងការចុះ «MOU លក់រ៉ែកម្រ» ឱ្យទៅសហរដ្ឋអាមេរិក ប៉ុន្តែថៃភ្លេចគិតថា ខ្លួនកំពុងតែយកកទៅល អន្ទាក់ ទោះចង់ឬមិនចង់នៅពេលនេះ ថៃ កំពុងតែស្ថិតក្នុងក្រញាំដៃឥន្ទ្រីអាមេរិក ទោះជាចង់រើក៏មិនអាចដោះខ្លួនចេញរួចដែរ។

ហេតុអ្វីទើបអ្នកវិភាគមើលឃើញថា ថៃ នៅតែបន្តដើរតួជាអាយ៉ងនិងកូនអុកសំរាប់អាមេរិក ទោះជាមេដឹកនាំថ្មីៗរបស់ថៃ និងស្ដេចថៃរាមា ទី១០ បានធ្វើដំណើរទស្សនកិច្ចផ្លូវរដ្ឋជាលើកដំបូងដើម្បីបង្ហាញពីចំណងស្អិតល្មួតរវាងថៃ និងចិនក្ដី ដោយសារកត្តាចំនួន២ដូចខាងក្រោម៖

១. មូលដ្ឋានទ័ពជើងទឹកផាំងង៉ា គឺប្រៀបបាននឹងកាំភ្លើងចាំភ្ជុងពីក្រោយខ្នងរបស់ថៃ

សហរដ្ឋអាមេរិក ត្រូវបានគេមើលឃើញថា ជាប្រទេសមហាអំណាច ដែលបានបន្តព្យាយាមពង្រាយយោធារបស់ខ្លួននៅតំបន់សំខាន់ៗក្នុងទ្វីបអាស៊ី និងតំបន់អាស៊ាន ដើម្បីទប់ទល់នឹងការរីករាលដាលនៃអំណាចមហាយក្សចិន ដែលស្ថិតនៅជិតនិងជាប់អាស៊ានជាងខ្លួន។ ដូច្នេះការដាក់មូលដ្ឋានទ័ពរបស់អាមេរិក នៅលើកោះផាំងង៉ា គឺប្រៀបបាននឹងការដាក់កងទ័ពរបស់ខ្លួនមកក្ដោបក្ដាប់ ហ៊ុំព័ទ្ធថៃ មិនឱ្យរើខ្លួនទៅណារួច។

កំពង់ផែកងទ័ព ជើងទឹក ផាំងង៉ា មានទីតាំងយុទ្ធសាស្ត្រល្អ ស្ថិតជាប់សមុទ្រអង់ដាម៉ង់ ដែលជាផ្លូវសមុទ្រដ៏សំខាន់ឆ្ពោះទៅកាន់មហាសមុទ្រឥណ្ឌា។ ទោះមិនទាន់ជាផ្លូវការនៃការមានវត្តមានយោធាអាមេរិកនៅទីនេះ តែសញ្ញានេះមិនមែនដើម្បីការពារដែនដីឱ្យថៃតែមួយមុខនោះទេ ផ្ទុយទៅវិញវាគឺជាការដាក់ ឆ្មាំឃ្លាំមើល នៅក្នុងផ្ទះ ដើម្បីតាមដានរាល់សកម្មភាពរបស់ថៃ បើសិនមេដឹកនាំក្រុងបាងកក ចង់ក្រឡិចក្រឡុច ឬកិកកុក មិនធ្វើតាមខ្លួននោះពួកគេមានទ័ព អាវុធគ្រប់គ្រាន់ នៅក្នុងទឹកដីថៃ ដើម្បីទុកគំរាម និងកំញើញរួចបាត់ទៅហើយ។

ច្បាស់ណាស់ ប្រសិនបើថៃហ៊ាន “បាតដៃខ្នងដៃ” លេខ៤សន្លឹក ដាក់អាមេរិក ចង់ងាកទៅរកចិនពេញទំហឹង ឬផ្តល់ផលប្រយោជន៍យុទ្ធសាស្ត្រណាមួយឱ្យប៉េកាំង មេដឹកនាំវ៉ាស៊ីនតោន នឹងប្រើមូលដ្ឋានទ័ពដែលនៅក្បែរឆ្អឹងជំនីថៃនេះហើយ ដើម្បីជាឧបករណ៍សម្រាប់ដាក់សម្ពាធ ឬកម្ទេចស្ថិរភាពថៃភ្លាមៗ។ ហេតុនេះអ្នកវិភាគមើលឃើញថា វាគឺជាការដាក់កម្លាំងទ័ពដើម្បី កាត់ផ្ដាច់សិទ្ធិ និងបង្ខំឱ្យថៃបិទមាត់មិនហ៊ានប្រកែក ហើយបន្តស្ថិតក្រោមឥទ្ធិពលអាមេរិកដោយស្ងៀមស្ងាត់។

២. ការចុះ MOU រ៉ែកម្រ គឺអន្ទាក់ច្របាច់កឆ្នក់ក្ដោបយកផលចំណេញពីអាមេរិក ដោយថៃគ្មានសិទ្ធិតវ៉ា!

ករណីដែលលោក អនុទីន ឆានវីរៈកូល បានចុះហត្ថលេខាលើអនុស្សរណៈយោគយល់ (MOU) ក្នុងការលក់សារធាតុរ៉ែកម្រឱ្យទៅសហរដ្ឋអាមេរិកកាលពីអំឡុងថ្ងៃទី ២៧ ខែកក្កដា ឆ្នាំ ២០២៥ នៅទីក្រុងគូឡាឡាំពួរ គឺជាកំហុសយុទ្ធសាស្ត្រសេដ្ឋកិច្ចដ៏ធ្ងន់ធ្ងរ ដែលថៃយល់ច្រឡំថាជាការដោះដូរផលប្រយោជន៍។ មែនទែនទៅ វាមិនមែនជាការបញ្ចុះពន្ធបដិការដើម្បីស្ដារសេដ្ឋកិច្ចរបស់ថៃនោះទេ ប៉ុន្តែជាការបាត់បង់អធិបតេយ្យភាពថៃយ៉ាងពេញទំហឹង និងលទ្ធភាពដែលអ្នកលក់អាចមានសិទ្ធិ រកអ្នកទិញដែលហ៊ានតម្លៃខ្ពស់សម្រាប់ផលិតផលរបស់ខ្លួនប៉ុណ្ណោះ។

នៅក្នុងទីផ្សារ ការដោះដូរទំនិញ អ្នកទិញ ដែលហ៊ានតម្លៃខ្ពស់នឹងអាចទទួលបានទំនិញ ប៉ុន្តែសម្រាប់ថៃ បែរជាអ្នកលក់ស្របតាមអ្នកទិញ ហើយអ្នកទិញគឺជាអ្នកកំណត់តម្លៃទៅវិញ ព្រោះតាមរយៈកិច្ចព្រមព្រៀង ដែលចុះដោយនាយករដ្ឋមន្ត្រីចាំផ្ទះ អនុទិន មានន័យថា ថៃ យល់ព្រមលក់រ៉ែកម្រឱ្យទៅអាមេរិក ហើយវាហាក់ដូចជាប្រកាសពីជ័យជំនះរបស់អាមេរិក ទៅលើប្រទេសចិន ដែលមានមហិច្ឆិតា ចង់ទិញប្រភេទរ៉ែកម្រដូចគ្នារួចបាត់ទៅហើយ ដែលត្រង់នេះ អាមេរិក កំពុងតែសំញែងប្រាប់ចិនថា ថៃ នៅតែជាកូនអុករបស់ខ្លួន។

ធាតុរ៉ែកម្រដែលមាន ដុំមាសខ្មៅ ជាធាតុស្នូលនៃបច្ចេកវិទ្យាទំនើបរបស់អាមេរិកក្នុងឧស្សាហកម្មហើយវាបានក្លាយជាវត្ថុសំខាន់នៅក្នុង MOU នោះ។ ការចងជើងថៃក្នុង MOU មួយនេះ ប្រាកដណាស់ អាមេរិកកំពុងប្រើប្រាស់ MOU នេះដើម្បីបឺតជញ្ជក់ធនធានធម្មជាតិរបស់ថៃក្នុងតម្លៃទាប ហើយប្រើវាជាឧបករណ៍នយោបាយដើម្បីបង្ខាំងថៃឱ្យស្ថិតក្នុងខ្សែសង្វាក់ផ្គត់ផ្គង់របស់ខ្លួនតែម្នាក់ឯងគត់។

សម្រាប់ ២ ករណីខាងលើនេះ អ្នកវិភាគមើលឃើញថា ខណៈដែលអ្នកនយោបាយសព្វថៃ កំពុងអួតអាងពីភាពឆ្លាតវៃក្នុងការទាញផលប្រយោជន៍ពីមហាអំណាចដូចជាមេឥន្ទ្រីនៃទ្វីបខាងលិចនោះ (សហរដ្ឋអាមេរិក) ធាតុពិតទៅ ថៃទៅវិញទេកំពុងបណ្តោយខ្លួនឱ្យក្លាយជានុយ ឱ្យអាមេរិកប្រើប្រាស់វិធីសាស្ត្រការទូតកណ្តាប់ដៃដែកក្រសោបដោយទាំងយោធា និងសេដ្ឋកិច្ច។ ប្រសិនបើរដ្ឋាភិបាលថៃ នៅតែបន្តដើរតាមគន្លងនេះថៃនឹងលែងមានឋានៈជាសម្ព័ន្ធមិត្តអាមេរិកទៀតហើយ ប៉ុន្តែនឹងក្លាយជារដ្ឋរណប ឬ រដ្ឋអាយ៉ង ដែលអាមេរិកចង់ញាត់ទៅណា ស្រេចតែចិត្ត៕

Share.