ខ្លាឃុំទឹកកករុស្សី និងឥន្ទ្រីអាមេរិក កំពុងសង្គ្រឺតធ្មេញប្រជែងគ្នាចង់លេបត្របាក់ ហ្គ្រីនឡែន ដែលប្រៀបបាននឹងសាច់ស្ដេកដ៏ឈ្ងុយឆ្ងាញ់មួយចាន ហេតុអ្វីបានជាមហាអំណាចទាំងពីរនេះចង់បានហ្គ្រីនឡែនទៅគ្រប់គ្រងខ្លាំងដល់ម្លឹង?
នៅលើផែនទីភូមិសាស្ត្រនយោបាយឆ្នាំ ២០២៦ ហ្គ្រីនឡែន ដែនដីកោះគ្របដណ្ដប់ដោយទឹកកកដ៏សែនត្រជាក់ និងជាទីកន្លែងដ៏ស្ងប់ស្ងាត់សម្រាប់ជីវភាពរស់នៅរបស់ប្រជាជន កំពុងតែស្ថិតនៅចំណុចកណ្ដាលនៃសង្គ្រាមត្រជាក់រវាងអាមេរិកនិងរុស្សី។ បច្ចុប្បន្នទឹកដីនេះបានប្រែក្លាយជាស្ដេកសាច់គោលំដាប់ផ្កាយប្រាំដ៏ឈ្ងុយឆ្ងាញ់ ដែលទាំងខ្លាឃ្មុំ និងឥន្ទ្រី តាមប្រម៉ាញ់យកមកគ្រប់គ្រង ដើម្បីរក្សាតុល្យភាពអំណាចរបស់ខ្លួន។

ហ្គ្រីនឡែន បច្ចុប្បន្ននេះមិនមែនគ្រាន់តែជាកោះទឹកកកដ៏ធំមួយនោះទេ ប៉ុន្តែវាគឺជា «ចំណុចយុទ្ធសាស្ត្រមាស» ព្រោះ គេអាចប្រែក្លាយទឹកដីនេះ ជាទីតាំងយុទ្ធសាស្ត្រយោធា ជាតំបន់ដែលពេញដោយធនធានធម្មជាតិដ៏មហាសាល ជាច្រកនាវាចរណ៍ថ្មី និងជាកន្លែងដែលមហាអំណាចអាចពង្រីកឥទ្ធិពលខ្លួនទៅកាន់តំបន់អាកទិកច។
នៅម្ខាងគឺ «ឥន្ទ្រីចាស់វស្សា» ដូណាល់ ត្រាំ ដែលកំពុងសំលៀងកាំបិតត្រៀមចាក់ក្រសោបយកដោយមិនខ្វល់ពីច្បាប់ទម្លាប់ ចំណែកនៅម្ខាងទៀតគឺ «ខ្លាឃ្មុំទឹកកក» រុស្ស៊ី ដែលកំពុងសង្ក្រឺតធ្មេញឌឺដង និងត្រៀមក្រឡុកតុអាហារនេះឱ្យក្លាយជាភក់ជ្រាំ ដូចពាក្យចាស់ថា យើងមិនបានឆី អ្នកផ្សេងត្រូវតែអត់ដូចគ្នា។
បញ្ហាពិភពលោកនាពេលនេះ អ្នកតាមដានស្ថានការការវិឌ្ឍន៍លោកខាងលិចយល់ឃើញថា លោក ដូណាល់ ត្រាំ មិនមែនមកក្នុងនាមជាអ្នកការទូតឡើយ ប៉ុន្តែមកក្នុងចរិតជាអ្នកជំនួញ ឬជាមហាសេដ្ឋីលោភលន់ ដែលចាត់ទុកអធិបតេយ្យភាពទឹកដីអ្នកដទៃជាអចលនទ្រព្យសម្រាប់លក់ដូរ។ ការគំរាមថា «នឹងធ្វើគ្រប់យ៉ាងទោះបីដាណឺម៉ាកពេញចិត្តឬអត់» គឺជាការប្រកាសសង្គ្រាមផ្លូវចិត្តដ៏ច្រឡើសបើសបំផុតរបស់លោក ត្រាំ។
សម្រាប់វ៉ាស៊ីនតោន សិទ្ធិសម្រេចវាសនាខ្លួនឯងរបស់ប្រជាជន ហ្គ្រីនឡែន គឺមានតម្លៃទាបជាងមហិច្ឆតាគ្រប់គ្រងរ៉ែកម្រ និងការសាងសង់មូលដ្ឋានទ័ពរបស់ខ្លួនទៅទៀត។ បើប្រើលុយទិញទឹកចិត្តមិនបាន ឬធ្វើយុទ្ធនាការទិញទឹកចិត្តប្រជាជនហ្គ្រីនឡែនមិនបាន នោះអាមេរិកហាក់កំពុងត្រៀមប្រើកម្លាំងបាយកៀបសង្កត់ក្រសោបយក ដែលនេះបានបញ្ជាក់ពីមរណភាពនៃសីលធម៌អន្តរជាតិបាត់ទៅហើយ។
ខុសពីវិធានការក្ដៅ ងាកមកខ្លាឃ្មុំទឹកកករុស្ស៊ីវិញ ពិតជាប្រើយុទ្ធសាស្ត្រដូចឈ្មោះមែន សារព័ត៌មានបរទេសជាច្រើនបានផ្សាយពីអតីតមេដឹកនាំរុស្ស៊ី លោក ឌីមីទ្រី ម៉េដវ៉េដេវ កំពុងលេងល្បែងចិត្តសាស្ត្រយ៉ាងគ្រោះថ្នាក់បំផុត នោះគឺការពន្យុះឱ្យលោក ត្រាំ ប្រញាប់ទិញហ្គ្រីនឡែន បើមិនចង់ឱ្យកោះនេះធ្លាក់ក្នុងដៃរុស្ស៊ី ដែលវាគឺជាការបញ្ឆេះម៉ាស៊ីនកំហឹងឱ្យអាមេរិកកាន់តែឆេវឆាវជាងមុន។
រុស្ស៊ីដឹងច្បាស់ថា កាលណាអាមេរិកកាន់តែប្រើអំណាចផ្តាច់ការលើហ្គ្រីនឡែន នោះសាមគ្គីភាពរវាងអាមេរិក និងអឺរ៉ុប នឹងត្រូវរលាយសាបសូន្យ។ រុស្ស៊ីមិនចាំបាច់បញ្ជូនទ័ពទៅដណ្តើមជាមួយអាមេរិកឡើយ ប៉ុន្តែរុស្សី គ្រាន់តែអង្គុយលើកៅអីចាក់ធ្មេញរង់ចាំមើលឥន្ទ្រីអាមេរិក «ស៊ីសាច់ហុតឈាម» ជាមួយសម្ព័ន្ធមិត្តខ្លួនឯង និងធ្វើឱ្យ NATO ប្រេះឆាពីខាងក្នុងតែប៉ុណ្ណោះ។
ខណៈដែលស្ដេកសាច់គោ ដ៏ឈ្ងុញឆ្ងាញ់នេះ មិនទទួលស្គាល់ថាខ្លួនគ្រាន់តែជាចំណីសម្រាប់ដាក់តុទទួលភ្ញៀវនោះឡើយ ហ្គ្រីនឡែន ដែលម្ចាស់ដីពិតប្រាកដ និង ដាណឺម៉ាក បានប្រកាសយ៉ាងដាច់អហង្ការថា ពួកគេ មិនមែនសម្រាប់លក់ឱ្យនរណានោះឡើយ។
ទោះជាយ៉ាងណាក៏ដោយ នៅក្នុងល្បែងនយោបាយវិញ ការសម្ញែងសាច់ដុំ និងប្រើកម្លាំងបាយរមែងរំលោភយកឈ្នះច្បាប់ជានិច្ច ហើយបើពិតជាអាចធ្វើបានសម្រេចមែននោះ វាបានបញ្ជាក់ថា សម្រែកតវ៉ារបស់កោះតូចតាចនេះហាក់ដូចជាខ្សោយពេក បើធៀបនឹងសម្លេងគ្រាប់រំសេវ និងមហិច្ឆតានៃការគ្រប់គ្រងផ្លូវទឹកអាកទិក។ ប្រសិនបើអាមេរិកហ៊ានបំពានយោធាលើហ្គ្រីនឡែនមែន វានឹងក្លាយជាការ ធ្វើអត្តឃាតនៃប្លុកសេរីខាងលិចទាំងមូល ហើយពិភពលោកនឹងក្រឡាប់ចក្រក្រោមក្រញ៉ាំមហិច្ឆតាឯកតោភាគីនៃអាណានិគមសេដ្ឋកិច្ចទំនើបរបស់លោក ត្រាំ។
ជារួមមកវិញ ហ្គ្រីនឡែន ដែលកំពុងស្ថិតក្នុងមាត់រណ្ដៅនៃសង្គ្រាមត្រជាក់ថ្មី ប្រៀបដូចជាសាច់ស្ដេកដ៏ផ្អែមឆ្ងាញ់នេះ កាន់តែមានតម្លៃ ក៏កាន់តែធ្វើឱ្យអ្នកចង់ភ្លក្សសង្កៀតធ្មេញដាក់គ្នាខ្លាំងដែរ ប៉ុន្តែឥទ្ធិពលបំផ្លាញដែលកើតពីស្ដេកមួយចាននេះ ក៏អាចធ្វើឱ្យពិភពលោករង្គោះរង្គើមិនចាញ់កម្លាំងបំផ្លាញរបស់គ្រាប់បែកនុយក្លេអ៊ែរប៉ុន្មាននោះឡើយ។
ប្រសិនបើមហាអំណាចទាំងពីរនៅតែ រឹងរូស មិនព្រមដកថយពីក្ដារអុកហើយនៅតែបន្តចង់យកឈ្នះចាញ់គ្នា នោះគេបានមើលឃើគថា ហ្គ្រីនឡែនដែលធ្លាប់ស្រមៃចង់បានឯករាជ្យពីប្រទេសដាណឺម៉ាក នឹងក្លាយជាចំណុចកណ្តាលនៃមហាវិនាសកម្ម ដែលអាចនឹងប្រែជាក្ដៅគគុកដោយសារកំហឹងមហិច្ឆតារបស់មហាអំណាច។
រងចាំមើលទាំងអស់គ្នា តើ អនាគត ហ្គ្រីនឡែន អាចសម្រេចជោគវាសនារបស់ខ្លួនឯងបាន ឬប្រែក្លាយទៅជាកូនអុកយុទ្ធសាស្ត្ររបស់មហាអំណាចណាមួយ?

