កីឡាករ វឿន វាសនា របស់កម្ពុជា ជាប់ឈ្មោះជាកីឡាករមានពិន្ទុច្រើន និងស្មាត់វាយផ្ដាច់បានពិន្ទុច្រើនជាងគេ នៃការប្រកួតលីគបាល់ទះ តៃវ៉ាន់ Enterprise Volleyball League រដូវកាលឆ្នាំ២០២៥-២៦

គិតត្រឹមថ្ងៃទី១១ ខែមករា ឆ្នាំ២០២៥ កីឡាករ វឿន វាសនា បានបង្ហាញខ្លួន និងជួយក្រុមបាល់ទះ Win Streak ឈ្នះ២៦ប្រកួត និងចាញ់២ប្រកួត ក្នុងចំណោមការប្រកួតសរុប ២៨ប្រកួត ។

ស្របពេលស្មាត់ធំរូបនេះ រកបានពិន្ទុសរុបចំនួន ៥៧០ ពិន្ទុ ក្នុងនាមជាកីឡាករវាយផ្ដាច់ ច្រើន​ជាង​គេនៅ​ដើម​ឆ្នាំ​២០២៥ នេះ ខណៈការប្រកួតថ្ងៃទី១១ ខែមករា ឆ្នាំ២០២៥ កន្លងទៅ វឿន វាសនា រកបាន៣១ពិន្ទុ ច្រើន​ជាង​គេ​ប្រចាំ​សប្តាហ៍ ។

សូមជម្រាបថា កីឡាករ វឿន វាសនា បានចេញទៅប្រកបអាជីពនៅតៃវ៉ាន់ នៅឆ្នាំ២០២៣ ដោយបានជួយក្រុម​ឈ្នះ​ជើងឯក២រដូវកាលជាប់ៗគ្នា ស្របពេលឆ្នាំ២០២៥-២៦ វឿន វាសនា បានបន្តជួយ Win Streak ឈរកំពូល​តារាង មាន៧៣ពិន្ទុ គិតត្រឹមសប្តាហ៍ទី១៤។

នៅថ្ងៃទី១៧ ខែមករា ឆ្នាំ២០២៦ ខាងមុខ ក្រុមបាល់ទះ Win Streak ត្រៀមប៉ះ Taoyuan Leopards និងប្រកួតទី២សម្រាប់សប្តាហ៍ទី១៥ គឺត្រូវប៉ះ Taipei East Power ថ្ងៃទី១៨ ខែមករា ឆ្នាំ២០២៦ នៃលីគបាល់ទះ តៃវ៉ាន់ Enterprise Volleyball League រដូវកាលឆ្នាំ២០២៥-២៦ ៕

Share.