ក្រសួងការបរទេសសហរដ្ឋអាមេរិកបានប្រកាសកាលពីថ្ងៃទី ១៤ ខែមករា ឆ្នាំ ២០២៦ ថា ខ្លួននឹងផ្អាកការពិចារណាលើ “ទិដ្ឋាការអន្តោប្រវេសន៍” (Immigrant Visa) សម្រាប់ពលរដ្ឋមកពី ៧៥ ប្រទេស (ក្នុងនោះមាន កម្ពុជា ថៃ ឡាវ និងភូមា)។ វិធានការនេះធ្វើឡើងក្រោមការដឹកនាំរបស់ប្រធានាធិបតី ដូណាល់ ត្រាំ ដោយសាររដ្ឋាភិបាលអាមេរិកយល់ឃើញថា អ្នកអន្តោប្រវេសន៍ទាំងនេះមានទំនោរចង់មកពឹងផ្អែកលើជំនួយសន្តិសុខសង្គមរបស់រដ្ឋ។

ចំណុចសំខាន់ៗនៃវិធានការថ្មីនេះរួមមាន៖

  • ១. អ្វីដែលត្រូវផ្អាក៖ គឺផ្អាកតែទិដ្ឋាការប្រភេទអន្តោប្រវេសន៍ (អ្នកដែលចង់ទៅរស់នៅអាមេរិកអចិន្ត្រៃយ៍) ប៉ុណ្ណោះ។ វិធានការនេះនឹងចាប់ផ្តើមអនុវត្តនៅថ្ងៃទី ២១ ខែមករា។
  • ២.អ្វីដែលមិនប៉ះពាល់៖ ទិដ្ឋាការមិនមែនអន្តោប្រវេសន៍ (Non-immigrant Visa) ដូចជា ទិដ្ឋាការទេសចរណ៍ (Tourist) និង ទិដ្ឋាការធុរកិច្ច (Business) នៅតែអាចដាក់ពាក្យបានធម្មតា។ សហរដ្ឋអាមេរិកនៅតែស្វាគមន៍អ្នកមកកម្សាន្ត ជាពិសេសសម្រាប់ការត្រៀមខ្លួនធ្វើជាម្ចាស់ផ្ទះ World Cup 2026 និងអូឡាំពិក ២០២៨។
  • ៣. លក្ខខណ្ឌតឹងរ៉ឹងសម្រាប់អ្នកទេសចរ៖ បើទោះជាអាចដាក់ពាក្យបាន ប៉ុន្តែមន្ត្រីកុងស៊ុលត្រូវបានបង្គាប់ឱ្យពិនិត្យឱ្យបានម៉ឺងម៉ាត់បំផុត ដើម្បីធានាថាអ្នកសុំទិដ្ឋាការទេសចរណ៍មិនទៅលួចប្រើប្រាស់សេវាសន្តិសុខសង្គម ឬសុំជំនួយពីរដ្ឋអាមេរិកឡើយ។
  • ៤. លក្ខណៈវិនិច្ឆ័យថ្មី៖ អ្នកដាក់ពាក្យអាចនឹងត្រូវមន្ត្រីសួរដេញដោល ឬឱ្យបំពេញបែបបទបង្ហាញពី “ភាពរឹងមាំផ្នែកហិរញ្ញវត្ថុ”។ កត្តាដែលគេយកមកពិចារណារួមមាន៖ អាយុ, សុខភាព, ស្ថានភាពគ្រួសារ, ទ្រព្យសម្បត្តិ, ការអប់រំ, ជំនាញ និងសមត្ថភាពប្រើប្រាស់ភាសាអង់គ្លេស។

បញ្ជីឈ្មោះប្រទេសទាំង ៧៥ ដែលរងផលប៉ះពាល់ដោយការផ្អាកផ្ដល់ “ទិដ្ឋាការអន្តោប្រវេសន៍” (Immigrant Visa) តាមការប្រកាសរបស់ក្រសួងការបរទេសសហរដ្ឋអាមេរិក កាលពីថ្ងៃទី ១៤ ខែមករាមាន៖ អាហ្វហ្គានីស្ថាន, អាល់បានី, អាល់ហ្សេរី, អង់ទីហ្គ័រ និងបាប៊ូដា, អាមេនី, អាហ្ស៊ែបៃហ្សង់, បាហាម៉ា, បង់ក្លាដែស, បាបារដូស, បេឡារុស, បេលីស, ភូតាន, បូស្ន៊ី, ប្រេស៊ីល, ភូមា, កម្ពុជា, កាមេរូន, ខេបវើដ (Cape Verde), កូឡុំប៊ី, កុងហ្គោ, គុយបា, ដូមីនីកា, អេហ្ស៊ីប, អេរីត្រេ, អេត្យូពី, ហ្វីជី, ហ្គំប៊ី, ហ្សកហ្ស៊ី, ហ្គាណា, ហ្គ្រេណាដា, ហ្គាតេម៉ាឡា, ហ្គីណេ, ហៃទី, អ៊ីរ៉ង់, អ៊ីរ៉ាក់, អាយវ៉ូរីខូស (Ivory Coast), ហ្សាម៉ាអ៊ីក, ហ្ស៊កដានី, កាហ្សាក់ស្ថាន, កូសូវ៉ូ, គុយវ៉ែត, គីជីស្ថាន, ឡាវ, លីបង់, លីបេរីយ៉ា, លីប៊ី, ម៉ាសេដូនី, ម៉ុលដាវី, ម៉ុងហ្គោលី, ម៉ុងតេណេហ្គ្រោ, ម៉ារ៉ុក, ណេប៉ាល់, នីការ៉ាក្វា, នីហ្សេរីយ៉ា, ប៉ាកីស្ថាន, សាធារណរដ្ឋកុងហ្គោ, រុស្ស៊ី, រ្វាន់ដា, សាំងគីត និងណេវីស, សាំងលូសៀ, សាំងវ៉ាំងសង់ និងហ្គ្រេណាឌីន, សេណេហ្គាល់, សៀរ៉ាឡេអូន, សូម៉ាលី, ស៊ូដង់ខាងត្បូង, ស៊ូដង់, ស៊ីរី, តង់ហ្សានី, ថៃ, តូហ្គោ, ទុយនីស៊ី, អ៊ូហ្គង់ដា, អ៊ុយរុយហ្គាយ, អ៊ូសបេគីស្ថាន និងយេម៉ែន។

ប្រភព៖ Fox News

Share.