ខេត្តបាត់ដំបង÷ ប្រជាពលរដ្ឋជិត ១០០នាក់មកពី ២សង្កាត់ប្រមូលផ្តុំគ្នានៅមុខសាលាក្រុងសុំការអន្តរាគមន៍និងសម្រួលក្រោយរដ្ឋបាលក្រុងចេញលិខិតឲ្យរុះរើសំណង់ សំយ៉ាប ស្លាកយីហោ និងរានលក់ដូរចេញដើម្បីពង្រីកផ្លូវដើម្បីសោភ័ណភាពសាធារណះ។

ការប្រមូលផ្តុំគ្នារបស់ប្រជាពលរដ្ឋនេះបានធ្វើឡើងនៅថ្ងៃទី ១៥ ខែមករា ឆ្នាំ ២០២៦ព្រឹកមិញនេះសរុបប្រជាពលរដ្ឋប្រមាណជាង ៧០នាក់ មកពីសង្កាត់ទួលតាឯក និងសង្កាត់អូរចារ ក្រុងបាត់ដំបង ពួកគាត់កំពុងស្នាក់អាស្រ័យ និងលក់ដូរនៅអមសងខាងផ្លូវលេខ ៤ ចាប់ពីចំណុចរង្វង់មូលព្រះនរាយណ៍ ដល់ចំណុចស្តុបពេទ្យពរពីដោយមួយចំនួនបានដាក់តាំងលក់ទំនិញមិនមានរបៀបសំណង់សំយ៉ាប ស្លាកយីហោ តូប រានបានរៀបដាក់ទំនិញលក់រំលោភលើចំណីផ្លូវរបស់រដ្ឋយ៉ាងគគ្លើន។

ពលរដ្ឋដែលលើកគ្នាមកនេះបានលើកឡើងថា÷ ពួកគាត់សូមស្នើសុំឲ្យ រាជរដ្ឋាភិបាល លោកអភិបាលក្រុង ជួយបន្ធូរបន្ថយរុះរើកាត់បន្ថយជម្រៅការស្ថាបនាផ្លូវត្រឹមតែ ៣ម៉ែត្រពីតួផ្លូវបេតុងបានហើយដើម្បីបញ្ចៀសការប៉ះពាល់ច្រើនលើលំនៅដ្ឋាន ទីកន្លែងលក់ដូរកំពុងអាស្រ័យផលរបស់ពួកគាត់បច្ចុប្បន្ន។

ក្រោយចាត់តំណាងបងប្អូនប្រជាពលរដ្ឋចូលជួបមន្ត្រីជំនាញប្រជាពលរដ្ឋបានរំសាយវិំញទុកឱកាសឲ្យលោកអភិបាលក្រុងលើកជាសំណើរតាមការស្នើសុំរបស់ពលរដ្ឋទៅកាន់ឯកឧត្តម សុខ លូ អភិបាលខេត្តបាត់ដំបងនៅពេលខាងមុខ៕

អត្ថបទ: ដំបងក្រញូង

Share.