ការដាច់ចរន្តអគ្គិសនីផ្លូវដែកក្នុងទីក្រុងតូក្យូ ប្រទេសជប៉ុន នាថ្ងៃសុក្រ ទី១៦ ខែមករានេះ បានរំខានដល់ការធ្វើដំណើរពេលព្រឹក សម្រាប់អ្នកដំណើរប្រហែល ៦៧៣ ,០០០នាក់ ខណៈខ្សែរថភ្លើងសំខាន់ៗចំនួនពីរ ដែលបម្រើដល់ស្ថានីយមមាញឹកបំផុតមួយរបស់ពិភពលោក ត្រូវផ្អាកសកម្មភាព។

យោងតាមការចេញផ្សាយដោយសារព័ត៌មាន Reuters ប្រតិបត្តិករផ្លូវដែក East Japan Railway (JR) និយាយថា រថភ្លើង២ខ្សែ គឺ ខ្សែរថភ្លើងYamanote និង Keihin-Tohoku បានផ្អាកដំណើរការអស់រយៈពេល ៩ម៉ោង នៅថ្ងៃសុក្រនេះ។ JR បានឱ្យដឹងថា បរាជ័យក្នុងការស្តារចរន្តអគ្គិសនីឡើងវិញ បន្ទាប់ពីការងារជួសជុលថែទាំងនៅស្ថានីយ៍ Tamachi ទីក្រុងតូក្យូកាលពីវេលាយប់កន្លងទៅ ធ្វើឱ្យខ្សែរថភ្លើងទាំង២ គ្មានអគ្គិសនី នៅពេលព្រឹក។

សូមជម្រាបថា ខ្សែរថភ្លើង Yamanote ឆ្លងកាត់ស្ថានីយ៍នានា រួមទាំងស្ថានីយ៍ Shinjuku ដែលទទួលអ្នកដំណើរប្រហែល ៣.៥លាននាក់ជារៀងរាល់ថ្ងៃ។ រីឯខ្សែរថភ្លើង Keihin-Tohoku តភ្ជាប់ទៅកាន់ទីក្រុងធំៗ ដូចជា តូក្យូ និងយូកូហាម៉ា៕

ប្រភព ៖ Reuters

Share.