ភ្នំពេញ៖ កម្លាំងនគរបាលជំនាញព្រហ្មទណ្ឌ នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ សហការជាមួយនគរបាលខណ្ឌទួលគោក បានបង្ក្រាប និងឃាត់ខ្លួនក្មេងទំនើងចំនួន ៦នាក់ ពាក់ព័ន្ធករណីប្រើអំពើហិង្សា វាយបំផ្លាញម៉ូតូរបស់ជនរងគ្រោះ ចំនួន ៤គ្រឿង នៅតំបន់បឹងកក់ ខណ្ឌទួលគោក។

ករណីនេះបានកើតឡើង កាលពីយប់ថ្ងៃទី១៤ ខែមករា ឆ្នាំ២០២៦ វេលាម៉ោងប្រហែល ២១:១០ នាទី នៅចំណុចមុខផ្ទះលេខ ១៨ ផ្លូវលេខ ៥៦២ សង្កាត់បឹងកក់ទី១ ខណ្ឌទួលគោក ដោយជនសង្ស័យបានប្រើកាំបិត និងដុំថ្ម វាយបំផ្លាញម៉ូតូ បណ្តាលឲ្យខូចខាតយ៉ាងដំណំ។

ក្រោយទទួលបានព័ត៌មាន កម្លាំងសមត្ថកិច្ចបានធ្វើការស្រាវជ្រាវ និងឃាត់ខ្លួនជនសង្ស័យទាំង ៦នាក់ ជាបន្តបន្ទាប់ នៅទីតាំងផ្សេងៗគ្នា ក្នុងរាជធានីភ្នំពេញ កាលពីថ្ងៃទី១៥ ខែមករា ឆ្នាំ២០២៦ វេលាម៉ោងប្រហែល ១៧:២០ នាទី។វត្ថុតាងដែលសមត្ថកិច្ចដកហូតបាន រួមមាន ម៉ូតូម៉ាក HONDA C125 និងម៉ូតូម៉ាក SCOOPY ស៊េរីឆ្នាំ២០២៥ ចំនួន ២គ្រឿង ពាក់ស្លាកលេខភ្នំពេញ។បច្ចុប្បន្ន ជនសង្ស័យទាំងអស់ ត្រូវបានបញ្ជូនទៅការិយាល័យនគរបាលព្រហ្មទណ្ឌកម្រិតស្រាល នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ដើម្បីសាកសួរ និងចាត់ការតាមនីតិវិធីច្បាប់បន្ត៕

Share.