រថភ្លើងល្បឿនលឿន១គ្រឿងបានក្រឡាប់ ហើយបានបុករថភ្លើងបញ្រ្ជាស់ទិស ១គ្រឿងទៀតនៅលើផ្លូវរត់ នៅភាគខាងត្បូងប្រទេសអេស្ប៉ាញ កាលពីថ្ងៃអាទិត្យ ទី១៨ ខែមករា (ម៉ោងក្នុងស្រុក) ខណៈប៉ូលិសបានបញ្ជាក់ប្រាប់សារព័ត៌មាន Reuters ថា មនុស្សយ៉ាងតិច ២១នាក់បានបាត់បង់ជីវិត និងមនុស្សជាង ៧០នាក់ទៀតរងរបួស។ នេះបើយោងតាមការចេញផ្សាយដោយសារព័ត៌មាន CNA នាថ្ងៃចន្ទ ទី១៩ ខេមករា ឆ្នាំ២០២៦។

ក្រុមហ៊ុនគ្រប់គ្រងផ្លូវដែក Adif បានឱ្យដឹងថា រថភ្លើងមួយគ្រឿងជារបស់ក្រុមហ៊ុន Iryo បានធ្វើដំណើរចេញពីទីក្រុង Málaga ឆ្ពោះទៅ Madrid បានបើកធ្លាក់ផ្លូវ រួចក៏ចូលទៅគន្លងរបស់រថភ្លើងមួយទៀត ​ជារបស់ក្រុមហ៊ុន  Renfe ដែលបើកមកក្នុងទិសដៅបញ្ច្រាស់គ្នា បណ្តាលឱ្យបុកគ្នាពេញទំហឹងតែម្តង។

ទាក់ទិននឹងបញ្ហានេះ ប្រធានសុខាភិបាលប្រចាំតំបន់បាននិយាយថា អ្នករបួស ១៨នាក់ត្រូវបានបញ្ជូនទៅកាន់មន្ទីរពេទ្យរួចហើយ ដោយអ្នករបួសខ្លះអាចប៉ះពាល់ដល់អាយុជីវិត។

ក្នុងសន្និសីទសារព័ត៌មានមួយនៅស្ថានីយ៍ Atocha ក្នុងទីក្រុង Madrid រដ្ឋមន្ត្រីដឹកជញ្ជូនរបស់ប្រទេសអេស្ប៉ាញ បាននិយាយថា យើងមិនទាន់ដឹងពីមូលហេតុដែលបណ្តាលឱ្យរថភ្លើងនេះបើកធ្លាក់នៅឡើយទេ ខណៈការស៊ើបអង្កេតកំពុងតែបន្ដ៕

ប្រភព៖ CNA

Share.