ត្បូងឃ្មុំ៖ រយៈពេល ២ថ្ងៃ ចាប់ពីថ្ងៃទី១៦ ដល់ថ្ងៃទី១៧ ខែមករា ឆ្នាំ២០២៦ លោកជំទាវបណ្ឌិត ពេជ ចន្ទមុនី ហ៊ុនម៉ាណែត បានចុះសួរសុខទុក្ខ គោរពវិញ្ញាណក្ខន្ធ និងនាំយកអំណោយសប្បុរសធម៌ ព្រមទាំងថវិកាផ្ទាល់ខ្លួនរបស់សម្តេចធិបតី នាយករដ្ឋមន្ត្រី និងលោកជំទាវបណ្ឌិត ជូនដល់គ្រួសារវីរកងទ័ព និងវីរនគរបាលជាតិពលី ចំនួន ៧រូប ដល់គេហដ្ឋានផ្ទាល់ ក្នុងស្រុកត្បូងឃ្មុំ ស្រុកមេមត់ និងស្រុកក្រូចឆ្មារ ខេត្តត្បូងឃ្មុំ។

ក្នុងដំណើរបំពេញបេសកកម្មមនុស្សធម៌នេះ មានការអមដំណើរដោយ ឯកឧត្តម ប៉ែន កុសល្យ អភិបាលខេត្តត្បូងឃ្មុំ, ឯកឧត្តមបណ្ឌិត អ៊ាង សុផល្លែត រដ្ឋមន្ត្រីក្រសួងបរិស្ថាន និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តត្បូងឃ្មុំ, ឯកឧត្តម ចាយ បូរិន រដ្ឋមន្ត្រីក្រសួងធម្មការ និងសាសនា ព្រមទាំងថ្នាក់ដឹកនាំ មន្ត្រី និងអាជ្ញាធរដែនដីគ្រប់លំដាប់ថ្នាក់។

ក្នុងឱកាសនោះ លោកជំទាវបណ្ឌិត ពេជ ចន្ទមុនី ហ៊ុនម៉ាណែត បានពាំនាំនូវការផ្តាំផ្ញើសួរសុខទុក្ខ និងការរំលែកមរណទុក្ខយ៉ាងក្រៀមក្រំបំផុត ពីសំណាក់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន, សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន និងសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ជូនដល់ក្រុមគ្រួសារនៃសព។

លោកជំទាវបណ្ឌិត បានបញ្ជាក់ថា រាជរដ្ឋាភិបាល និងប្រជាជនកម្ពុជាមិនដែលបំភ្លេចនូវវីរភាព និងការលះបង់ដ៏ធំធេងរបស់វីរកងទ័ព និងវីរនគរបាលជាតិ ដែលបានពលីជីវិត ដើម្បីការពារបូរណភាពទឹកដី សន្តិភាព និងសុវត្ថិភាពជាតិ។ ការលះបង់ទាំងនេះ គឺជាគ្រឹះសុខសន្តិភាពដែលប្រទេសកម្ពុជាកំពុងមាននៅសព្វថ្ងៃ។
ជាមួយនឹងការផ្តល់អំណោយ និងថវិកាជួយសម្រួលជីវភាព លោកជំទាវបណ្ឌិត ក៏បានលើកឡើងអំពីគោលនយោបាយគាំពាររបស់រាជរដ្ឋាភិបាល ចំពោះគ្រួសារយុទ្ធជនពលី រួមមាន ការធានាឱកាសសិក្សាសម្រាប់កូនៗរហូតដល់ថ្នាក់បរិញ្ញាបត្រ ការគាំទ្រជីវភាព និងមុខរបរចិញ្ចឹមជីវិត ការជួយដោះស្រាយបញ្ហាហិរញ្ញវត្ថុ និងការកសាងហេដ្ឋារចនាសម្ព័ន្ធនៅតំបន់រងផលប៉ះពាល់។

លោកជំទាវបណ្ឌិត បានអះអាងថា រាជរដ្ឋាភិបាលនឹងបន្តតាមដាន និងជួយសម្របសម្រួលការលំបាករបស់គ្រួសារវីរយុទ្ធជនពលី ដោយមិនទុកឱ្យគ្រួសារណាមួយត្រូវបានមើលរំលងឡើយ ហើយបានលើកទឹកចិត្តឱ្យក្រុមគ្រួសាររក្សាស្មារតីរឹងមាំ និងបន្តអប់រំបុត្រធីតាឱ្យក្លាយជាធនធានល្អសម្រាប់សង្គម។ សកម្មភាពមនុស្សធម៌រយៈពេល ២ថ្ងៃនេះ បាននាំមកនូវភាពកក់ក្តៅ និងការលើកទឹកចិត្តយ៉ាងខ្លាំងដល់គ្រួសារនៃសព ហើយត្រូវបានមហាជនសរសើរចំពោះការយកចិត្តទុកដាក់ និងការដឹងគុណចំពោះវីរជនដែលបានលះបង់ដើម្បីជាតិ៕

អត្ថបទ៖ អាចារ្យលាក់

Share.