ហាណូយ៖ គណៈប្រតិភូរាប់រយនាក់មកពីបក្សកុម្មុយនិស្តដែលកំពុងកាន់អំណាចរបស់ប្រទេសវៀតណាម បានប្រមូលផ្តុំគ្នានាថ្ងៃចន្ទ ទី១៩ ខែមករារហូតដល់ថ្ងៃទី២៥ ខែមករា ខាងមុខ ក្រោមការរឹតបន្តឹងសន្តិសុខសម្រាប់ការធ្វើសមាជដែលនឹងជ្រើសរើសមេដឹកនាំកំពូលថ្មីរបស់ប្រទេសឯកបក្ស និងកំណត់គោលដៅសេដ្ឋកិច្ចដែលនៅសល់នៃទសវត្សរ៍នេះ។ នេះបើយោងតាមការចេញផ្សាយដោយសារព័ត៌មាន Reuters នាថ្ងៃចន្ទ ទី១៩ ខែមករា ឆ្នាំ២០២៦។

សម្រាប់ផែនការរយៈពេល ៥ឆ្នាំម្ដងដែលនឹងប្រព្ត្រឹត្តទៅរយៈពេល ១សប្ដាហ៍នេះ អាចពង្រឹង និងអាចពង្រីកអំណាចសម្រាប់អគ្គលេខាធិការបច្ចុប្បន្នរបស់គណបក្ស គឺលោក តូ ឡឹម (To Lam) ដែលបានចាប់ផ្តើមកំណែទម្រង់រដ្ឋបាលយ៉ាងទូលំទូលាយនៅក្នុងប្រទេស និងក្លាយជាមុខមាត់សាធារណៈរបស់វៀតណាមនៅក្រៅប្រទេស។

ក្នុងរយៈពេលនៃការធ្វើសមាជនេះ ប្រតិភូសមាជិកបក្សកុម្មុយនិស្តវៀតណាមជិត ១,៦០០នាក់នោះ នឹងជ្រើសរើសគណៈកម្មាធិការកណ្តាលដែលមានសមាជិក ២០០នាក់។ បន្ទាប់មកទៀត សមាជិកគណៈកម្មាធិការកណ្តាលដែលទើបជ្រើសរើសរួចនោះ នឹងបោះឆ្នោតអនុម័តលើសមាជិកចន្លោះពី១៧ ទៅ ១៩នាក់នៃការិយាល័យនយោបាយ ដែលមានសិទ្ធិអំណាចជ្រើសរើសអគ្គលេខាធិការ។
បើតាមមន្រ្តីចូលរួមក្នុងកិច្ចប្រជុំសំខាន់នេះ បានឱ្យដឹងអំពីបញ្ហានេះដោយសង្ខេបថា លោក តូ ឡឹម កំពុងស្វែងរកការរក្សាតួនាទីរបស់គាត់ និងអាចទទួលយកតំណែងប្រធានាធិបតីរបស់រដ្ឋ ដែលថ្មីៗនេះត្រូវបានកាន់កាប់ដោយមេដឹកនាំយោធាម្នាក់។

យោងតាមមន្ត្រីជាច្រើន សមាជបក្សនោះទំនងជានឹងអនុម័តយល់ព្រមឱ្យលោក តូ ឡឹម កាន់តែតួនាទីស្នូលជាអគ្គលេខាធិការបក្ស ខណៈដែលការសម្រេចចិត្តអំពីតំណែងប្រធានាធិបតីត្រូវបានគេរំពឹងថា នឹងត្រូវបានធ្វើឡើងនៅក្នុងកិច្ចប្រជុំនៅពេលក្រោយ ដែលលទ្ធផលកាន់តែមិនច្បាស់លាស់។

យ៉ាងណាម៉ិញ បន្ទាប់ពីសមាជ ការិយាល័យនយោបាយនឹងតែងតាំងប្រមុខរដ្ឋ រដ្ឋាភិបាល និងសភា។ ការបោះឆ្នោតសភានឹងធ្វើឡើងលុះត្រាតែមេដឹកនាំត្រូវបានជ្រើសរើសដោយគណបក្ស។
សូមជម្រាបថា លោក តូ ឡឹម បានឡើងកាន់តំណែងកំពូលរបស់គណបក្សកុម្មុយនិស្ដវៀតណាម បន្ទាប់ពីលោក ង្វៀន ភូទ្រុង (Nguyen Phu Trong) ទទួលមរណភាពកាលពីខែកក្កដា ឆ្នាំ២០២៤ នឹងក្រោយពីទទួលបានការអនុម័តបោះឆ្នោតបន្តកាន់អំណាចកំពូលរបស់បក្សនេះបន្តទៀត៕

