
ក្រុមខ្លាំងនៅលីគកំពូល ៣ក្រុមមានដូចជាក្លិបព្រះខ័នរាជស្វាយរៀង, ភ្នំពេញក្រោន, បឹងកេត ចេញដំណើរទៅ៣ខេត្តផ្សេងគ្នា ត្រៀមសម្រាប់ការប្រកួតពានសម្តេចតេជោ ហ៊ុន សែន ជើងឯកថ្នាក់ជាតិ ជើងទី១ វគ្គ១៦ក្រុមចុងក្រោយ ខណៈវិសាខា ប្រកួតនៅភ្នំពេញ ។
សម្រាប់ការប្រកួតជើងទី១ វគ្គ១៦ក្រុមចុងក្រោយគឺនៅថ្ងៃទី២១ ខែមករា ឆ្នាំ២០២៦ ខាងមុខក្រុម បាត់ដំបងយូណៃធីត ត្រៀមទទួលក្រុមព្រះខ័នរាជស្វាយរៀង ប្រកួតនៅទីលានសកលវិទ្យាល័យជាតិបាត់ដំបង ។ សមាគមកីឡាបាល់ទាត់ខេត្តត្បូងឃ្មុំ ត្រៀមទទួលក្រុមភ្នំពេញក្រោន ប្រកួតនៅទីលានវិទ្យាល័យ ប៉ុន រ៉ានី ហ៊ុនសែន មេមុត ។ ឡាយអ៊ិនឃីង ខេត្តសៀមរាប ត្រៀមទទួលក្រុមបឹងកេត ប្រកួតនៅកីឡដ្ឋានអាគីហីរ៉ូកាតុ និងក្រុមភ្នំពេញហ្គាឡាក់ស៊ី ត្រៀមទទួលក្រុមវិសាខា នៅទីលានវិទ្យាស្ថានជាតិអប់រំកាយ និងកីឡា ស្របពេលការប្រកួតទាំងអស់ធ្វើឡើងនៅម៉ោង ៣:៣០នាទីរសៀល។

នេះជាបទបញ្ញត្តិខ្លះៗ នៃពានរង្វាន់បាល់ទាត់សម្តេចតេជោ ជើងឯកថ្នាក់ជាតិ ឆ្នាំ២០២៦ ៖
- ទី១) ក្រុមទាំង១៦ ដែលជាសមាជិក អាចចុះឈ្មោះកីឡាករបរទេសបានចំនួន៦នាក់
- ទី២) ក្រុមនីមួយៗអាចចុះឈ្មោះកីឡាករចូលសញ្ជាតិខ្មែរ បានចំនួន១នាក់
- ទី៣) គ្រូបង្វឹកត្រូវមានសញ្ញាប័ត្រទាបបំផុតកម្រិត C License
- ទី៤) ក្រុមនីមួយៗអាចដាក់កីឡាករបរទេសលេងនៅលើទីលានប្រកួតបានចំនួន៤នាក់ និងកីឡាករចូលសញ្ជាតិខ្មែរ ១នាក់
អត្ថបទពាក់ព័ន្ធ៖ បទបញ្ញត្តិខ្លះៗ នៃពានរង្វាន់បាល់ទាត់សម្តេចតេជោ ជើងឯកថ្នាក់ជាតិ ឆ្នាំ២០២៦
សម្រាប់ក្រុមទាំង ១៦ ដែលនឹងត្រូវប្រកួតថ្នាក់ជាតិ រួមមាន៖ ព្រះខ័នរាជស្វាយរៀង, ភ្នំពេញក្រោន, អង្គរថាយហ្គឺរ, បឹងកេត, ណាហ្គាវើលដ៍, អឹមអូអាយ កំពង់ដេវ៉ា, វិសខា, កងយោធពលខេមរភូមិន្ទ, គិរីវង់សុខសែនជ័យ, អាយអេសអាយ ដង្កោសែនជ័យ, ឡាយហ្វ ខេត្តព្រះសីហនុ, មន្ទីរ អយក ខេត្តកំពង់ចាម, ឡាយអ៊ិនឃីង ខេត្តសៀមរាប, សមាគមកីឡាបាល់ទាត់ខេត្តត្បូងឃ្មុំ, ភ្នំពេញ ហ្គាឡាក់ស៊ី និងបាត់ដំបង យូណៃធីត ។

ចំពោះកម្មវិធីប្រកួតគឺគ្រោងនឹងចាប់ផ្តើមពីថ្ងៃទី២១ ខែមករា ដល់ថ្ងៃទី២៤ ខែឧសភា ឆ្នាំ២០២៦ ដោយតម្រូវឱ្យក្រុមទាំង១៦ ប្រកួតប៉ះដៃគូចំនួន២ជើង ក្នុងនិងក្រៅដី។ ចំនួនក្រុមដែលមានគ្រាប់បាល់ច្រើនជាងគេសរុបទាំងពីរជើង នឹងឡើងទៅវគ្គបន្ត ពីវគ្គ១៦ក្រុម ដល់វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ ខណៈវគ្គផ្តាច់ព្រ័ត្រ គឺធ្វើតែមួយជើងទេ នៅទឹកដីកណ្តាល ។
សូមរំឭកថា ក្រុមមន្ទីរ អយក ខេត្តកំពង់ចាម ម្ចាស់ជើងឯក ពានរង្វាន់សម្តេចតេជោ ហ៊ុន សែន (Hun Sen Cup) ជើងឯកថ្នាក់ខេត្ត លើកទី១៩ ឆ្នាំ២០២៥-២៦ ក្រោយយកឈ្នះក្លិបបាល់ទាត់ឡាយអ៊ិនឃីង ខេត្តសៀមរាប ២-១ នៅវគ្គផ្ដាច់ព្រ័ត្រ ក្នុងពហុកីឡដ្ឋានជាតិ រាជធានីភ្នំពេញ កាលពីថ្ងៃទី២១ ធ្នូ ២០២៥។
សម្រាប់ពានរង្វាន់សម្តេចតេជោ ហ៊ុន សែន (18th Hun Sen Cup) ថ្នាក់ជាតិ ត្រូវរៀបចំឡើងតាំងពីឆ្នាំ២០១៧ ដែលធ្វើឡើងជារៀងរាល់ឆ្នាំ ដោយព្រះខ័នរាជស្វាយរៀង ឈ្នះជើងឯកបានច្រើនជាងគេ ៥លើក ក្រសួងការពារជាតិ បាន ៣លើក វិសាខា បាន ៣លើក ភ្នំពេញក្រោន បាន ២លើក ខណ:ណាហ្គាវើលដ៍ ក្រសួងមហាផ្ទៃ បឹងកេត និងខេមរកីឡា ឈ្នះបាន ១លើកដូចគ្នា៕

