បាត់ដំបង÷ ក្រុមអ្នកសង្កេតការណ៍អាស៊ាន (AOT) បានចុះសង្កេតការណ៍ ផ្ទៀងផ្ទាត់ និងរាយការណ៍អំពីទំហំប៉ះពាល់តំបន់ព្រំដែនក្នុងស្រុកសំពៅលូន និងស្រុកភ្នំព្រឹក ខេត្តបាត់ដំបង ក្រោយការវាយប្រហារពីយោធាថៃ។

ក្រោមការសម្របសម្រួលរួមជាមួយក្រុមការងារ (CLG) ព្រះរាជាណាចក្រកម្ពុជា ជូនដល់ក្រុមអ្នកសង្កេតការណ៍អាស៊ាន (AOT) ដែលចុះសង្កេតការណ៍ ផ្ទៀងផ្ទាត់ និងរាយការណ៍អំពីស្ថានភាពព្រំដែននៅភូមិសាស្រ្តស្រុកសំពៅលូន និងស្រុកភ្នំព្រឹក ក្នុងខេត្តបាត់ដំបងក្រោយបទឈប់បាញ់ចូលជាធរមាន នៅថ្ងៃទី ២១ ខែមករា ឆ្នាំ២០២៦នេះឯកឧត្តម សុខ លូ អភិបាលខេត្តបាត់ដំបងបានលើកឡើងថា÷ ការចុះពិនិត្យមើលនេះរួមមាន: ទីតាំងស៊ីវិល និងហេដ្ឋារចនាសម្ព័ន្ធស៊ីវិលដែលមានលំនៅដ្ឋានរបស់ប្រជាពលរដ្ឋ និងមន្ទីរពេទ្យបង្អែកសំពៅលូន ត្រូវរងការខូចខាតយ៉ាងធ្ងន់ធ្ងរដោយសារការវាយប្រហាររបស់យោធាថៃកាលពីខែធ្នូ ឆ្នាំ២០២៥កន្លងមក។

ឯកឧត្តម សុខ លូ បញ្ជាប់ប្រាប់ក្រុមការងារ AOTថា÷ កម្ពុជាបានផ្តល់ការគាំទ្រយ៉ាងពេញទំហឹងដល់ក្រុមការងារអ្នកសង្កេតការណ៍អាស៊ាន (AOT) ព្រមទាំងសង្កត់ធ្ងន់ទៅលើសារៈសំខាន់មិនអាចខ្វះបានក្នុងការពង្រឹងតួនាទី និងអាណត្តិរបស់ AOT ដើម្បីផ្ទៀងផ្ទាត់ ធានាការអនុវត្តបទឈប់បាញ់ឱ្យបានពេញលេញ និងប្រកបដោយប្រសិទ្ធភាព សំដៅលើកកម្ពស់តម្លាភាព គណនេយ្យភាព ការជឿទុកចិត្តគ្នាទៅវិញទៅមក។

ប្រជាពលរដ្ឋខ្មែរស្រឡាញ់សន្តិភាព ត្រូវការសន្តិភាព និងចង់បានព្រំដែនមួយដែលមាន សុខសុវត្ថិភាព។

អំឡុងសង្រ្គាមឈ្លានពានរបស់ថៃមកលេីដែនអធិបតេយ្យភាពកម្ពុជា ក្នុងភូមិសាស្ត្រខេត្តបាត់ដំបង ទាហានឈ្លានពានថៃបានទម្លាក់គ្រាប់ បាញ់ផ្លោងលើស្រុក៣ ក្រុង១ រួមមាន: ៨ឃុំ សង្កាត់១ ភូមិចំនួន ១៧ភូមិ សរុបសកម្មភាពចំនួន ២៩លើក ថៃបានប្រើយន្តហោះចម្បាំង T-៥០ ចំនួន ៤គ្រឿង ទម្លាក់គ្រាប់ ៣លើក ចំនួន ៦គ្រាប់ លើសពីនេះទាហានថៃបានប្រើប្រាស់កាំភ្លើងធំធុនធ្ងន់បាញ់ផ្លោងចូលចំនួន ២៦លើក ស្មើនឹង ៣៥៤គ្រាប់ នៅក្មុងភូមិសាស្ត្រស្រុកភ្នំព្រឹក ស្រុកសំពៅលូន និងស្រុកបាណន់។

ជាមួយការឈ្លានពានដោយទាហានថៃនេះដែរបាននាំឲ្យប្រជាពលរដ្ឋបង្ខំចិត្តភៀសសឹករកទីតាំងមានសុវត្ថិភាពចំនួន ២៦,៤៩១ គ្រួសារ ស្មេីមនុស្សរាយចំនួន ៨៩,៤៤៧នាក់, ស្រីចំនួន ៤៦,៤១២នាក់ និងកុមារចំនួន ២៧,១៣៤នាក់៕

អត្ថបទ: ដំបងក្រញូង

Share.