បាត់ដំបង÷ អាជ្ញាធរខេត្តបើកការដ្ឋានសាងសង់ផ្លូវបេតុងក្នុងក្រុងមួយខ្សែដើម្បីសម្រួលដល់ការធ្វើសំណើររបស់ពលរដ្ឋកាន់តែងាយស្រួល។

លោក ព្រួញ រឹទ្ធីថា ប្រធានមន្ទីរសាធារណ:ការ និងដឹកជញ្ជូនខេត្តបាត់ដំបងបានបញ្ជាក់ថា÷ កំណាត់ផ្លូវលេខ ៤០៩ ក្រាលបេតុងសសៃដែកដែលបើកការសាងសង់នេះមានប្រវែង ៨៥០ម៉ែត្រ និងទទឹង ៥ម៉ែត្រឋិតនៅក្នុងសង្កាត់ទួលតាឯក ក្រុងបាត់ដំបង។ កំណាត់ផ្លូវខាងលើនេះឋិតក្នុងចំណោមផ្លូវប្រមាណ ៤០ខ្សែទៀតដែលគ្រោងសាងសង់ក្នុងពេលឆាប់ៗខាងមុខនេះក្រោយបញ្ចប់ ការដាក់ដេញថ្លៃ និងការសិក្សាតាមស្តង់ដាបច្ចេកទេស។

ឯកឧត្តម សុខ លូ អភិបាលខេត្តបាត់ដំបងបានលើកឡើងថា÷ បន្ទាប់ពីបញ្ចប់គម្រោងសាងសង់ប្រព័ន្ធលូក្រោមដី ក្រោមផ្លូវលេខ ៤០៩នេះវាពិតជាបានជួយរំដោះទឹកភ្លៀងពីក្នុងក្រុងបាត់ដំបង លែងបង្កការលិចលង់ទៀត ហើយចំពោះមុខនេះទៀតបានសាងសង់កំណាត់ផ្លូវនេះបន្តទៀតវាកាន់ប្រសើរ សម្រួលដល់ការធ្វើដំណើររបស់បងប្អូនប្រជាពលរដ្ឋនៅក្នុង និងក្រៅតំបន់នេះមានភាពងាយស្រួល។

ឯកឧត្តម សុខ លូ បានបន្ថែមបន្តថា÷ នៅរវាងចុងឆ្នាំ ២០២៦ ក្រោយបញ្ចប់គម្រោងសាងសង់កំណាត់ផ្លូវក្រុងទាំងអស់មិនតិចជាង ៤០ខ្សែ មានវែង មានខ្លីនោះក្រុងបាត់ដំបង នឹងលើកកម្ពស់ផ្លាស់ប្តូរមុខមាត់ទៅជាតំបន់ស៊ីវិល័យ ផ្លូវធំទូលាយ មានផ្លូវថ្មើរជើង ផ្លូវជិះកង់ ដាំដើមឈើអមសងខាងផ្លូវ រួមជាមួយសំណង់អាគារ ភូមិបូរាណ ពិតជាមានសក្តានុពលបានទាក់ទាញភ្ញៀវជាតិ អន្តរជាតិយ៉ាងល្អតាមការគ្រោងទុក៕

អត្ថបទ: ដំបងក្រញូង

Share.