ភ្នំពេញ ៖ អាជ្ញាធរខណ្ឌមានជ័យបន្តអនុវត្តការងាររៀបចំសណ្តាប់ធ្នាប់តាមដងផ្លូវចោមចៅ ក្នុងភូមិសាស្ត្រ រុះរើ កាត់សំយ៉ាប រោង លក់ដូរ មាននៅលើចំណីផ្លូវសាធារណៈ ដែលបង្កឱ្យប៉ះពាល់សណ្តាប់ធ្នាប់ កកស្ទះចរាចរណ៍ ថ្ងៃទី២២ ខែមករា ឆ្នាំ២០២៦ នៅភូមិដំណាក់ធំ២ សង្កាត់ស្ទឹងមានជ័យទី៣ ខណ្ឌមានជ័យ រាជធានីភ្នំពេញ ។

តាមអាជ្ញាធរបានឱ្យដឹងថា កន្លងមកធ្លាប់បានផ្សព្វផ្សាយ អប់រំ ដល់បងប្អូន សាងសង់រោង តូប សំយ៉ាប សម្រាប់លក់ដូរ ប៉ះពាល់លើចិញ្ចើមផ្លូវសាធារណៈ ដែលនាំឱ្យបាត់នូវសណ្តាប់ធ្នាប់ ប្រឈមកកស្ទះចរាចរណ៍ តម្រូវឱ្យម្ចាស់ទីតាំងរុះរើចេញដោយខ្លួនឯង ។

ក្រោយពីជូនដំណឹងជុំរិញសណ្តាប់ធ្នាប់ដងផ្លូវ មកដល់ពេលនេះ អាជ្ញាធរខណ្ឌមានជ័យ ដឹកនាំដោយលោក សេង គន្ធ អភិបាលនៃគណអភិបាលខណ្ឌមានជ័យ ចុះអនុវត្ត រុះរើ រោង សំយ៉ាប លក់ដូរហៀរមកលើចំណីផ្លូវ ចិញ្ចើមផ្លូវសាធារណៈ តាមផ្លូវចោមចៅ ក្នុងភូមិសាស្ត្រ ភូមិដំណាក់ធំ២ សង្កាត់ស្ទឹងមានជ័យទី៣ ខណ្ឌមានជ័យ ។

អាជ្ញាធរអំពាវនាវផងដែរដល់បងប្អូន អាជីវករ អ្នកលក់ដូរ ចូលរួមសហការ រៀបចំសណ្តាប់ធ្នាប់ បរិស្ថាន តាមដងផ្លូវដើម្បីសោភ័ណ្ឌភាព របៀបរៀបរយប្រសើរ ៕

Share.