នាវាចម្បាំងយក្សដ៏ទំនើបបំពាក់ដោយប្រព័ន្ធបច្ចេកវិទ្យាទាន់សម័យរបស់អាមរិក USS CINCINNATI ឬមានរហស្សនាមហៅថា បិសាចសមុទ្របំបាំងកាយ USS CINCINNATI នឹងចូលចតនៅមូលដ្ឋានកងទ័ពជើងទឹករាម ចាប់ពីថ្ងៃទី២៤ រហូតថ្ងៃទី២៨ ខែមករា ឆ្នាំ២០២៦ខាងមុខនេះ។

បើតាមការបញ្ជាក់ពីឧត្តមនាវីឯក សំ សុខា មេបញ្ជាការរងកងទ័ពជើងទឹកកម្ពុជា វត្តមានទស្សនកិច្ច របស់បិសាចសមុទ្របំបាំងកាយ USS CINCINNATI (LCS-20) នៅមូលដ្ឋានសមុទ្ររាម មិនមែនគ្រាន់តែជាការចូលសំចតធម្មតានោះទេប៉ុន្តែវាគឺជាព្រឹត្តិការណ៍និម្មិតរូបដ៏សំខាន់មួយដែលពិភពលោកកំពុងតាមដានយ៉ាងយកចិត្តទុកដាក់ ព្រោះនេះគឺជាការបង្ហាញខ្លួននៃបច្ចេកវិទ្យាយោធាដ៏កំពូលរបស់អាមេរិក នៅលើទឹកដីកម្ពុជា និងកំពុងក្លាយជាចំណុចក្តៅនៃភូមិសាស្ត្រនយោបាយ។
បិសាចសមុទ្របំបាំងកាយ USS CINCINNATI លើសពីនាវាចម្បាំងធម្មតា តែជាប្រភេទនាវាចម្បាំងការពារតំបន់ឆ្នេរនៃថ្នាក់ Independence ដែលមានរូបរាងប្លែកខុសពីនាវាចម្បាំងទូទៅ មានទម្ងន់ ៣២០០តោន មានប្រវែងបណ្តោយ ១២៧.៤ ម៉ែត្រ ទទឹង ៣១.៧ម៉ែត្រ ។ លក្ខណៈពិសេសដែលធ្វើឱ្យវាក្លាយជា “បិសាចកំណាច” ក្នុងមហាសមុទ្រ ដោយសាររូបរាងតួទាំង ៣ របស់វាផ្តល់នូវស្ថិរភាពខ្ពស់បំផុត និងល្បឿនលឿនអស្ចារ្យ អាចរត់បានជាង ៨០ គីឡូម៉ែត្រក្នុងមួយម៉ោង ដែលអនុញ្ញាតឱ្យវាប្រតិបត្តិការបានយ៉ាងរហ័សក្នុងតំបន់ទឹករាក់ និងច្រកសមុទ្រចង្អៀត។
អ្វីដែលអស្ចារ្យបំផុត និងធ្វើឱ្យនាវាចម្បាំងយក្សនេះទទួលបានការចាប់អារម្មណ៍ គឺជាប្រព័ន្ធបច្ចេកវិទ្យាបំបាំងកាយរបស់វា ដោយតួនាវាទាំងមូលត្រូវបានរចនាឡើងដើម្បីកាត់បន្ថយការចាប់សញ្ញាពី ប្រព័ន្ធរ៉ាដា ធ្វើឱ្យសត្រូវពិបាកនឹងរកឃើញ មុនពេលវាបើកការវាយប្រហារ។ ទោះបីមាននាវិកត្រឹមតែ ១០០ នាក់ ប៉ុន្តែវាផ្ទុកទៅដោយបច្ចេកវិទ្យាស៊ីវីល័យ រួមមានកាំភ្លើងធំ Mk 110 57mm, ប្រព័ន្ធការពារមីស៊ីលសមុទ្រទៅអាកាស និងមានសមត្ថភាពអាចបង្ហោះឧទ្ធម្ភាគចក្រ MH-60R/S Seahawk ព្រមទាំងដ្រូន (Drone) ស៊ើបការណ៍ទំនើបៗជាច្រើនគ្រឿង។
នៅពេលដែលកម្ពុជាអនុញ្ញាតឱ្យនាវាចម្បាំងបច្ចេកវិទ្យាខ្ពស់របស់អាមមេរិកចូលសំចតនៅមូលដ្ឋានសមុទ្ររាម ដែលធ្លាប់ជាប្រធានបទដ៏ក្តៅគគុកនៃការចោទប្រកាន់រឿងវត្តមានយោធាបរទេសផ្សេងនោះ គឺជាសារដ៏សំខាន់បង្ហាញទៅកាន់សកលលោក និងជាចម្លើយដ៏ច្បាស់លាស់តប ទៅកាន់សហគមន៍អន្តរជាតិថា មូលដ្ឋានកងទ័ពជើងទឹកសមុទ្ររាម គឺជាមូលដ្ឋានអធិបតេយ្យរបស់កម្ពុជា ដែលបើកចំហសម្រាប់មិត្តភក្តិទាំងអស់ មិនមែនសម្រាប់តែប្រទេសណាមួយផ្ដាច់មុខនោះឡើយ។
មួយទៀតសោត ការចូលសំចតនេះបង្ហាញថា កម្ពុជាបានជ្រើសរើសយកកិច្ចសហប្រតិបត្តិការជាធំ។ វត្តមានមកដល់របស់ បិសាចសមុទ្រ USS CINCINNATI មិនត្រឹមតែនាំមកនូវការផ្លាស់ប្តូរបច្ចេកទេសយោធា និងការរៀនសូត្រពីបច្ចេកវិទ្យាស៊ីវីល័យរបស់អាមេរិកសម្រាប់កងទ័ពជើងទឹកកម្ពុជានោះទេ ប៉ុន្តែវាគឺជាសក្ខីភាពនៃ «នយោបាយការបរទេសពហុភាគីនិយម» របស់កម្ពុជា។
បិសាចសមុទ្របំបាំងកាយក្នុងនាមជានាវាអន្តរជាតិដ៏ទំនើបនិងទាន់សម័យបំផុត ទីពីរ បង្ហាញវត្តមាននៅកម្ពុជា នាដើមឆ្នាំ ២០២៦ បន្ទាប់ពីនាវាចម្បាំងរបស់កងទ័ពជើងទឹកសហរដ្ឋអាមេរិកឈ្មោះ USS SAVANNAH (LCS 28) ធ្លាប់បានចូលចតកាលពីឆ្នាំ២០២៤ នាកំពង់ផែស្វយ័តក្រុងព្រះសីហនុ នឹងក្លាយជាការបើកទំព័រប្រវត្តិសាស្ត្រថ្មីនៃកិច្ចសហប្រតិបត្តិការសន្តិសុខសមុទ្រ ដែលមានភាពបត់បែន ទំនើប និងប្រកបដោយមោទនភាពជាតិរបស់កម្ពុជាក្នុងខ្សែភ្នែកអន្តរជាតិផងដែរ៕

