
នៅរសៀលថ្ងៃសុក្រ ទី២៣ ខែមករា ឆ្នាំ២០២៦ នេះ ទំព័រហ្វេសប៊ុកផ្លូវការរបស់សម្ដេចតេជោ ហ៊ុន សែន បានបង្ហោះសារបង្ហាញពីសំណង់អគារថ្មីរបស់ព្រឹទ្ធសភា ដែលទើបសាងសង់រួចរាល់ និងត្រៀមសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការ។ អគារថ្មីនេះមានឈ្មោះថា “វិមានសាមគ្គីភាព” មានទំហំបណ្ដោយ ៧៩ម៉ែត្រ និងទទឹង ៤៧ម៉ែត្រ ជាមួយនឹងកម្ពស់ ៤ជាន់ ដែលត្រូវបានបើកការដ្ឋានសាងសង់តាំងពីថ្ងៃទី៩ ខែសីហា ឆ្នាំ២០២៤ ក្រោមស្មារតីសាមគ្គីភាពរឹងមាំតាមរយៈការបរិច្ចាគថវិការបស់សប្បុរសជននានា។

រចនាសម្ព័ន្ធនៃអគារថ្មីនេះ ត្រូវបានបែងចែកចេញជាផ្នែកមុខងារសំខាន់ៗជាច្រើន ចាប់តាំងពីជាន់ផ្ទាល់ដីដែលជាមជ្ឈមណ្ឌលផ្ទុកឯកសារ បណ្ណាល័យ និងបន្ទប់បច្ចេកទេស រហូតដល់ជាន់ខាងលើដែលបម្រើឱ្យការងារការទូត និងការងាររដ្ឋបាលកម្រិតខ្ពស់។ ក្នុងនោះ ជាន់ទី១ ត្រូវបានរៀបចំជាសាលត្រួតពល សាលជប់លៀង និងបន្ទប់សន្និសីទកាសែត រីឯជាន់ទី២ ជាទីតាំងការិយាល័យការងារ បន្ទប់សម្រាករបស់សម្ដេចប្រធានព្រឹទ្ធសភា សាលទទួលសារតាំង និងបន្ទប់ប្រជុំគណៈកម្មាធិការអចិន្ត្រៃយ៍។ ដោយឡែកសម្រាប់ជាន់ទី៣ គឺជាសាលប្រជុំធំសម្រាប់កិច្ចប្រជុំទ្វេភាគី និងកិច្ចប្រជុំចម្រុះផ្សេងៗទៀត។
បន្ទាប់ពីកិច្ចសាសនាបានបញ្ចប់ សម្ដេចតេជោប្រធានព្រឹទ្ធសភា និងសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត រួមជាមួយថ្នាក់ដឹកនាំទាំងអស់ បានអញ្ជើញពិនិត្យមើលតាមបន្ទប់មុខងារសំខាន់ៗនៃអគារវិមានសាមគ្គីភាពក្នុងបរិយាកាសរីករាយ និងមោទនភាពបំផុត។ វត្តមាននៃអគាររដ្ឋបាលដ៏ស្កឹមស្កៃនេះ នឹងក្លាយជាកន្លែងបំពេញការងារដ៏ទំនើប និងមានប្រសិទ្ធភាពសម្រាប់ស្ថាប័នព្រឹទ្ធសភា ខណៈដែលពិធីសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការ គ្រោងនឹងប្រារព្ធឡើងក្រោមព្រះរាជអធិបតីភាពដ៏ខ្ពង់ខ្ពស់បំផុតរបស់ ព្រះករុណា ព្រះបាទសម្ដេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា ក្នុងពេលឆាប់ៗខាងមុខនេះ។
នៅក្នុងសាររបស់សម្ដេចតេជោ ក៏បានរៀបរាប់ផងដែរថា នៅព្រឹកថ្ងៃសុក្រ ទី២៣ ខែមករា ឆ្នាំ២០២៦ នេះ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា នៃព្រះរាជាណាចក្រកម្ពុជា និងសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន បានអញ្ជើញជាអធិបតីដ៏ខ្ពង់ខ្ពស់ក្នុងពិធីក្រុងពាលី និងចម្រើនព្រះបរិត្តឡើងអគារវិមានសាមគ្គីភាព ដែលជាអគាររដ្ឋបាលថ្មីរបស់ព្រឹទ្ធសភា។ ពិធីនេះត្រូវបានរៀបចំឡើងយ៉ាងអធិកអធមតាមគន្លងប្រពៃណីព្រះពុទ្ធសាសនា ដោយមានការចូលរួមពីមន្ត្រីជាន់ខ្ពស់នៃអគ្គលេខាធិការដ្ឋានព្រឹទ្ធសភា ខុទ្ទកាល័យថ្នាក់ដឹកនាំ ព្រមទាំងលោកអ្នកឧកញ៉ា អ្នកឧកញ៉ា និងឧកញ៉ាជាសប្បុរសជនជាច្រើនរូប ដែលបានរួមចំណែកយ៉ាងសកម្មក្នុងការកសាងសមិទ្ធផលប្រវត្តិសាស្ត្រមួយនេះ៕

