(កំពង់ចាម)៖ ឯកឧត្តម អ៊ុន ចាន់ដា អភិបាលខេត្តកំពង់ចាម និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានក្រុងកំពង់ចាម បានណែនាំដល់អនុប្រធានក្រុមការងារ និងប្រធានក្រុមការងារចុះជួយសង្កាត់ទាំង ៤ ត្រូវបន្តរៀបចំវេទិកាសាធារណៈឱ្យបានគ្រប់សង្កាត់ ដើម្បីស្វែងយល់ពីតម្រូវការ និងដោះស្រាយបញ្ហាប្រឈមនានារបស់ប្រជាពលរដ្ឋឱ្យបានទាន់ពេលវេលា។

ការថ្លែងបែបនេះធ្វើឡើងក្នុងឱកាសដែលឯកឧត្តមអភិបាលខេត្ត អញ្ជើញជាអធិបតីក្នុង កិច្ចប្រជុំបូកសរុបលទ្ធផលការងារប្រចាំឆ្នាំ២០២៥ និងលើកទិសដៅការងារឆ្នាំ២០២៦ របស់ក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានក្រុងកំពង់ចាម កាលពីពេលថ្មីៗនេះ ដោយមានការចូលរួមពីសំណាក់អនុប្រធានក្រុមការងារមកពីក្រសួងព័ត៌មាន ក្រសួងកិច្ចការនារី ក្រសួងទេសចរណ៍ និងសមាជិកព្រឹទ្ធសភាផងដែរ។

ចំណុចសំខាន់ៗដែលឯកឧត្តមអភិបាលខេត្តបានសង្កត់ធ្ងន់៖

  • យន្តការវេទិកាសាធារណៈ៖ ឯកឧត្តមបានលើកឡើងថា វេទិកាសាធារណៈគឺជាមធ្យោបាយដ៏មានប្រសិទ្ធភាពបំផុត ក្នុងការអនុញ្ញាតឱ្យពលរដ្ឋលើកឡើងពីបញ្ហាផ្ទាល់ និងជួយឱ្យក្រុមការងារដឹងពីសុខទុក្ខពិតប្រាកដ ដើម្បីរួមចំណែកលើកស្ទួយជីវភាពរស់នៅរបស់ពួកគាត់។
  • ការពង្រឹងសេវាសាធារណៈ៖ ជំរុញឱ្យក្រុមការងារតាមដានត្រួតពិនិត្យការងាររបស់ចៅសង្កាត់ ទាំងលើការអភិវឌ្ឍមូលដ្ឋាន និងការផ្តល់សេវាសាធារណៈជូនពលរដ្ឋឱ្យបានលឿន និងរហ័ស។
  • ការងារសង្គមកិច្ច៖ ណែនាំឱ្យក្រុមការងារបន្តធ្វើអំពើល្អ និងចុះជួយឧបត្ថម្ភដល់ប្រជាពលរដ្ឋដែលជួបការលំបាកខ្លាំង ដើម្បីជួយឱ្យពួកគាត់ចាកផុតពីភាពក្រីក្រ។
  • ការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធ៖ ឯកឧត្តមបានស្នើឱ្យក្រុមការងារផ្សព្វផ្សាយដល់ពលរដ្ឋអំពីវឌ្ឍនភាពនៃការស្ថាបនាផ្លូវក្នុងក្រុងកំពង់ចាម ដែលគ្រោងនឹង បញ្ចប់មុនពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិ ខាងមុខនេះ។

ជាមួយគ្នានោះដែរ ឯកឧត្តម អ៊ុន ចាន់ដា ក៏បានសំណូមពរដល់បងប្អូនប្រជាពលរដ្ឋ មេត្តាមានការអធ្យាស្រ័យ និងយោគយល់ចំពោះការរំខាននានាក្នុងអំឡុងពេលសាងសង់ ដើម្បីសម្រេចបាននូវគោលដៅប្រែក្លាយក្រុងកំពង់ចាមទៅជា “ទីក្រុងឆ្លាតវៃ និងស្អាតជាងគេ”

អត្ថបទ៖ត្រយង

Share.