កំពង់ចាម៖ ឯកឧត្តម អ៊ុន ចាន់ដា អភិបាល ខេត្តកំពង់ចាម និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានក្រុងកំពង់ចាម បានស្នើដល់អនុប្រធានក្រុមការងារចុះ មូលដ្ឋានក្រុងកំពង់ចាម លោក លោកស្រី ប្រធានចុះជួយសង្កាត់ទាំង៤ សុំបន្តធ្វើវេទិកាសាធារណៈ ឲ្យបានគ្រប់សង្កាត់ ដើម្បីស្រង់តំរូវការរបស់ប្រជាពលរដ្ឋ ដោះស្រាយបញ្ហាប្រឈមនានារបស់ប្រជាពលរដ្ឋទាន់ ពេលវេលា ហើយ ក៏ជា ជួយលើកស្ទួយជីវភាពប្រជាពលរដ្ឋតាមរយៈវេទិកានេះ។

ការថ្លែងបែបនេះ នៅក្នុងកិច្ចប្រជុំបូកសរុបលទ្ធផលការងារ រាជរដ្ឋា ភិបាលប្រចាំឆ្នាំ២០២៥ និងលើកទិសដៅ ឆ្នាំ២០២៦ របស់ក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានក្រុងកំពង់ចាម ដោយមានវត្តមានអញ្ជើញចូលរួមពីសំណាក់ លោកជំទាវ ជា ស៊ុនដាណែត រដ្ឋលេខាធិការ ប្រចាំការក្រសួងព័ត៌មាន និងជាអនុប្រធានក្រុមការ ងាររាជរដ្ឋាភិបាលចុះមូលដ្ឋានក្រុងកំពង់ចាម ,លោកជំទាវ ស៊ឹម ស៊ីថែ រដ្ឋលេខាធិការ ក្រសួងកិច្ចការនារី និងជាអនុប្រធាន ក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានក្រុងកំពង់ចាម,ឯកឧត្តម ហោ សារុន រដ្ឋលេខាធិការ ក្រសួងទេសចរណ៍ និងជាអនុ ប្រធានក្រុមការងារចុះមូលដ្ឋានក្រុងកំពង់ចាម,និង ឯកឧត្តម សេះ ពុនយ៉ាមីន សមាជិកព្រឹទ្ធសភា និងជាអនុប្រធានក្រុម ការងារចុះមូលដ្ឋានក្រុងកំពង់ចាម ។


ឯកឧត្តម អភិបាលខេត្តកំពង់ចាម បានលើកឡើងថា កន្លងមក ការងារដោះស្រាយនូវតំរូវការរបស់ប្រជាពលរដ្ឋបានទាន់ពេលវេលា ចំគោលដៅ ដោះស្រាយមានប្រសិទ្ធ ភាពខ្ពស់ គឺការធ្វើវេទិកាសាធារណៈតាម ឃុំ សង្កាត់ ដែលប្រជាពលរដ្ឋអាចលើកឡើង ជួបផ្ទាល់ជាមួយក្រុមការងារ ចុះជួយតាមសង្កាត់ អាចបាន ដឹងសុខទុក្ខ លំបាករបស់ប្រជាពលរដ្ឋ តាមរយៈវេទិកាសាធារណៈនេះ ដូច្នេះ សូមឲ្យ អនុប្រធានក្រុមការងារចុះ មូលដ្ឋានក្រុងកំពង់ចាម ប្រធានក្រុមការងារ ចុះមូលដ្ឋាន សង្កាត់ បន្តធ្វើវេទិកា សាធារណៈឲ្យបាន ញឹកញាប់ ដើម្បីរួមចំណែក លើកស្ទួយ ជីវភាព រស់នៅ ប្រជាពលរដ្ឋ កាន់តែធូរធារ ។

ឯកឧត្តមអភិបាលខេត្ត ក៏បានជំរុញដល់ក្រុមការងារចុះមូលដ្ឋានសង្កាត់ ត្រូវតាមដាន ត្រួតពិនិត្យ លើការងាររបស់ចៅសង្កាត់ រាល់ការអភិវឌ្ឍតាមសង្កាត់ ទាំងអស់ និងការតាមដានផ្តល់សេវាសាធារណៈជូនប្រជាពលរដ្ឋ ឲ្យបានលឿនរហ័សទាន់ពេលវេលា សម្រាប់ឲ្យប្រជាពលរដ្ឋយកទៅប្រើប្រាស់។ ឯកឧត្តម បានណែនាំ ដល់ក្រុមការងារ ត្រូវធ្វើអំពើល្អ ចុះជួយ ផ្តល់ការឧបត្ថម្ភផ្សេងៗ ជាមួយ ប្រជាពលរដ្ឋ ដែលរងផលប៉ះពាល់ជីវភាព ឲ្យពួកគាត់រួចផុតពីភាពក្រីក្រ ។

ឯកឧត្តម ក៏បានស្នើដល់ ក្រុមការងារ បន្តផ្សព្វផ្សាយដល់ប្រជាពលរដ្ឋតាម ភូមិ សង្កាត់ ទាំងអស់ ពីការអភិវឌ្ឍក្នុងក្រុងកំពង់ចាម ដែលបច្ចុប្បន្ន ខាងក្រុមហ៊ុន កំពុងដុតដៃដុតជើង រួសរាន់ កសាងផ្លូវឡើងវិញ ក្នុងនោះ ការងារអភិវឌ្ឍនេះ ខាងក្រុមហ៊ុន នឹងបិទបញ្ចប់ ធ្វើផ្លូវទាំងអស់ក្នុងក្រុងកំពង់ចាម មុនពិធីចូលឆ្នាំខ្មែរ ដូច្នេះ សូមបងប្អូនប្រជាពលរដ្ឋ មានអធ្យាស្រ័យ មានការយោគយល់ អត់ធ្មត់ បន្តិច ដើម្បី យើងទាំងអស់គ្នា ទទួលបានទីក្រុងឆ្លាតវៃ ទីក្រុងដែលស្អាតជាងគេ ៕
អត្ថបទ៖ អាចារ្យលាក់

