បាត់ដំបង÷ ឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ និងជាអ្នកតំណាងរាស្ត្រមណ្ឌលបាត់ដំបង បានប្រគល់គ្រឿងឧបភោគ បរិភោគដែលបានពីការចូលរួមរបស់ពលរដ្ឋ សម្បុរសជននានាជូនដល់បញ្ជាការដ្ឋានយោធភូមិភាគទី ៤ និងភូមិភាគទី ៥ ដែលកំពុងឈរជើងការពារបូរណភាពទឹកដីនាសមរភូមិជួរមុខ។




នៅក្នុងពិធីនៅថ្ងៃទី ២៤ ខែមករា ឆ្នាំ២០២៦នេះសម្ដេចក្រឡាហោម ស ខេង ឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ និងជាអ្នកតំណាងរាស្ត្រមណ្ឌលបាត់ដំបង បាននាំនូវការផ្ដាំផ្ញើសាកសុខសួរសុខទុក្ខចំពោះវីរកងទ័ពកម្ពុជាទាំងអស់ពីសំណាក់ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា នៃព្រះរាជាណាចក្រកម្ពុជា សម្ដេចមហាបវរធិបតី នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា។

សម្ដេចក្រឡាហោម បន្ថែមថា÷ ការចូលរួមរបស់មន្ត្រីរដ្ឋបាលគ្រប់ភាគីពាក់ព័ន្ឋ ពិសេសការចូលរួមលះបង់ធនធានផ្ទាល់ខ្លួនរបស់បងប្អូនប្រជាពលរដ្ឋបានបញ្ជាក់ពីស្មារតីរួបរួមគ្នាជាធ្លុងមួយប្រកៀកស្មាជាមួយវីរកងទ័ពទាំងអស់ កម្លាំងជួរមុខសំដៅដល់ការរួមគ្នាការពារមរណភាពទឹកដី និងមាតុភូមិព្រោះតែសង្គ្រាមឈ្លានពានពីភាគីកងទ័ពថៃ។




ចុងក្រោយ សម្ដេចបានថ្លែងការអរគុណចំពោះសប្បុរសជននានា ដែលបានជួយជ្រោមជ្រែងដល់រដ្ឋបាលខេត្តបាត់ដំបង និងតាមរយៈសម្ដេចផ្ទាល់ តាមក្រុមការងារក្រឡាហោមមនុស្សធម៌ផងដែរបានផ្តល់ជាអំណោយជាច្រើនដើម្បីរដ្ឋបាលខេត្តមានលទ្ឋភាពបែងចែកដោយសមភាពទៅដល់ដៃវីរកងទ័ពសមរភូមិមុខ និងជនភៀសសឹក៕
អត្ថបទ: ដំបងក្រញូង

