ភ្នំពេញ៖ កម្លាំងនគរបាលព្រហ្មទណ្ឌ នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បានបើកប្រតិបត្តិការស្រាវជ្រាវ និងបង្ក្រាបករណីលួចប្ដូរមាសក្លែងក្លាយ បន្លំយកមាសពិត ដោយឈានដល់ការឃាត់ខ្លួនជនសង្ស័យចំនួន ២នាក់ ជាជនជាតិវៀតណាម កាលពីរសៀលថ្ងៃទី២៤ ខែមករា ឆ្នាំ២០២៦ នៅសង្កាត់តាខ្មៅ ក្រុងតាខ្មៅ ខេត្តកណ្ដាល។

ប្រតិបត្តិការនេះ អនុវត្តឡើងដោយការដឹកនាំរបស់លោកឧត្តមសេនីយ៍ត្រី ប៊ុន សត្យា ស្នងការរងទទួលផែនព្រហ្មទណ្ឌ និងលោកវរសេនីយ៍ឯក ម៉ម សាវន នាយការិយាល័យព្រហ្មទណ្ឌកម្រិតស្រាល ដោយសហការជាមួយកម្លាំងនគរបាលក្រុងតាខ្មៅ ក្រោមបទបញ្ជាដ៏ម៉ឺងម៉ាត់របស់ ឯកឧត្តម ឧត្តមសេនីយ៍ឯក ជួន ណារិន្ទ អគ្គស្នងការរងនគរបាលជាតិ និងជាស្នងការនគរបាលរាជធានីភ្នំពេញ។
ជនសង្ស័យទាំងពីរនាក់មានឈ្មោះ ង្វ្រៀន ស៊ីធូ ភេទស្រី អាយុ ៥៦ឆ្នាំ និង ង្វ្រៀន យ៉ាង ជា ភេទប្រុស អាយុ ៣៧ឆ្នាំ ស្នាក់នៅផ្ទះជួល ក្នុងភូមិព្រែកសំរោង សង្កាត់តាខ្មៅ ក្រុងតាខ្មៅ ខេត្តកណ្ដាល។



តាមការស៊ើបអង្កេត កម្លាំងជំនាញបានរកឃើញថា ជនសង្ស័យបានធ្វើសកម្មភាពប្ដូរមាសក្លែងក្លាយ បន្លំយកមាសពិត ចំនួន ៣លើក នៅតាមផ្សារ និងហាងលក់មាសមួយចំនួន ក្នុងរាជធានីភ្នំពេញ ដោយយកបានខ្សែកមាសទម្ងន់ចាប់ពី ២ជីកន្លះ រហូតដល់ ២តម្លឹង។
សូមបញ្ជាក់ថា ជនសង្ស័យខាងលើ ជាមុខសញ្ញាចាស់ ដែលធ្លាប់ជាប់ពន្ធនាគារកន្លងមក ហើយបច្ចុប្បន្ន ត្រូវបានកម្លាំងនគរបាលជំនាញ បន្តចាត់ការតាមនីតិវិធីច្បាប់។
អត្ថបទ÷កណ្តាល

