ភ្នំពេញ៖ ប្រជាពលរដ្ឋនិងមហាជនទូទៅបានសាទរយ៉ាងខ្លាំងចំពោះសាលារាជធានីភ្នំពេញដែលមានវិធានការរៀបចំសណ្ដាប់ធ្នាប់ជុំវិញផ្សារដើមគនិងផ្សារនាគមាស ដោយតម្រូវឲ្យអាជីវករទៅលក់នៅផ្សារដើមគរថ្មីក្នុងខណ្ឌព្រែកព្នៅ។

ការរៀបចំសណ្ដាប់ធ្នាប់ជុំវិញផ្សារដើមគនិងផ្សារនាគមាស ដែលអាជីវករលក់ដូររំលោភចិញ្ចើមផ្លូវយ៉ាងអនាធិបតេយ្យអស់រយៈពេលជាច្រើនឆ្នាំរួចមក ប្រជាពលរដ្ឋមានការសាទរយ៉ាងខ្លាំងចំពោះចំណាត់ការនិងវិធានការនេះ។ចំពោះវិធានការរៀបចំសណ្ដាប់ធ្នាប់ជុំវិញផ្សារដើមគនិងផ្សារនាគមាសគឺរដ្ឋបាលរាជធានីភ្នំពេញតម្រូវឱ្យអាជីវករទីលក់នៅផ្សារដើមគរថ្មីដែលមានទីតាំងស្ថិតនៅតាមបណ្ដោយផ្លូវឈ្នះឈ្នះ ក្នុងទឹកដីខណ្ឌព្រែកព្នៅ ដោយទីនោះរដ្ឋបាលរាជធានីភ្នំពេញបានសាងសង់ផ្សារដើមគរថ្មី បន្ទាប់ពីរៀបចំនិងបានតម្រូវឲ្យអាជីវករទៅលក់ដូរនៅផ្សារដើមគរថ្មីឃើញថា ស្ថានភាពជុំវិញផ្សារដើមគនិងផ្សារនាគមាស មានលក្ខណៈទូលាយមិនបង្កការកកស្ទះចរាចរណ៍ដល់អ្នកធ្វើដំណើរតាមផ្លូវនិងមានសណ្ដាប់ធ្នាប់ សោភ័ណភាពស្អាតជាខ្លាំង។




ហើយចំពោះចំណាត់ការនេះគឺរដ្ឋបាលរាជធានីភ្នំពេញចុះរៀបចំសណ្ដាប់ធ្នាប់តាំងពីថ្ងៃទី១៨ ខែមករាឆ្នាំ២០២៦មកម្ល៉េះ ហើយនៅយប់ថ្ងៃទី២៦ ខែមករា ឆ្នាំ២០២៦នេះគឺស្ថានភាពនៅជុំវិញផ្សារដើមគនិងផ្សារនាគមាស ជារួមគឺតាមបណ្ដោយផ្លូវមុនីរ៉េតនិងផ្លូវម៉ៅសេទុងផ្លូវពី២៣០ នៅក្បែរផ្សារនាគមាសគឺមានស្ថានភាពល្អ មិនមានបង្កការកកស្ទះចរាចរណ៍ហើយមិនមានបងប្អូនអាជីវករលក់ដូររំលោភលើចិញ្ចើមផ្លូវទៀតនោះទេ។

ប្រជាពលរដ្ឋក៏ដូចជាមហាជនទូទៅក៏បានសាទរចំពោះចំណាត់ការនេះនិងសំណូមពរឲ្យរដ្ឋបាលរាជធានីភ្នំពេញបន្តវិធានការកុំឲ្យមានការលក់ដូរលើចិញ្ចើមផ្លូវជុំវិញផ្សារដើមគនិងផ្សារនាគមាសជាបន្តទៀតដើម្បីសោភ័ណភាពក្រុងក៏ដូចជាការធ្វើដំណើរមិន ការកកស្ទះផងដែរ។
អត្ថបទ÷ត្រយងតូច

