ម៉ានីល៖ ឆ្មាំសមុទ្របាននិយាយថា ស្រឡាងដឹកអ្នកដំណើរជាង ៣៥០នាក់លិចនៅព្រឹកថ្ងៃចន្ទ នេះ (ម៉ោងក្នុងស្រុក) នៅភាគខាងត្បូងប្រទេសហ្វីលីពីន បណ្តាលឱ្យមនុស្សយ៉ាងហោចណាស់ ១៥នាក់ស្លាប់ និង២៨នាក់ទៀតកំពុងបាត់ខ្លួន។ នេះបើយោងតាមការចេញផ្សាយដោយសារព័ត៌មាន CNA នាថ្ងៃទី២៦ ខែមករា ឆ្នាំ២០២៦។

ឆ្មាំសមុទ្របាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយថា ស្រឡាងនេះបានចេញសញ្ញាអាសន្ននៅម៉ោង ១:៥០នាទីព្រឹក មានគោលដៅធ្វើដំណើរចាកចេញពីកំពង់ផែទីក្រុង Zamboanga ទៅកាន់កោះ Jolo។
រហូតមកដល់ពេលនេះ យ៉ាងហោចណាស់មនុស្ស ៣១៦នាក់ត្រូវបានជួយសង្គ្រោះ។ បើតាមមេបញ្ជាការឆ្មាំឆ្នេរសមុទ្របានប្រាប់ AFP ចំនួនអ្នកស្លាប់បានកើនឡើងចំនួន ១៥នាក់ និងមនុស្ស ២៨នាក់ទៀតកំពុងបាត់ខ្លួននៅឡើយ។ មេបញ្ជាការដដែល បានប្រាប់ថា «កងទ័ពជើងទឹក និងកងទ័ពអាកាសក៏បានបញ្ជូនក្រុមការងារ និងយន្តហោះឆ្មាំឆ្នេរសមុទ្រមួយគ្រឿងធ្វើដំណើរទៅកន្លែងកើតហេតុដើម្បីស្វែងរក និងជួយសង្រ្គោះដែរ»។

ភ្លាមៗមិនទាន់មានការបញ្ជាក់ពីមូលហេតុដែលធ្វើឱ្យស្រឡាងនេះលិចនៅឡើយទេ ប៉ុន្ដែនៅក្នុងសេចក្តីថ្លែងការណ៍ ឆ្មាំឆ្នេរសមុទ្របាននិយាយថា ស្រឡាងនេះមិនបានដឹកលើសទម្ងន់នោះទេ។
យ៉ាងណាម៉ិញ គ្រោះថ្នាក់ពាក់ព័ន្ធនឹងស្រឡាងដឹកអ្នកដំណើរនេះ មិនមែនជារឿងថ្មីនៅហ្វីលីពីននោះទេ។ កាលពីឆ្នាំ២០២៣ មានមនុស្សយ៉ាងហោច ៣០នាក់បានស្លាប់ ក្នុងហេតុអគ្គិភ័យឆេះស្រឡាង ១គ្រឿងនៅភាគខាងត្បូងប្រទេសហ្វីលីពីន៕

