ភ្នំពេញ ៖ រថយន្តធុនធំសណ្តោងរុឺម៉កដ២កកម្ទេចក្រណាត់មួយគ្រឿង ដឹកហួសហេតុហៀរទ្រុង បើកទាក់ក្លោងទ្វារវត្ត ធ្វើពីដែក បណ្តាលឱ្យទាញបាក់ខ្ទេច កាលពីវេលាម៉ោង៣រសៀល ថ្ងៃទី២៥ ខែមករា ឆ្នាំ២០២៦ នៅផ្លូវបេតុងវត្តតាភេម កែងផ្លូវជាតិលេខ៤ ជាប់នឹងប៉ុស្តិ៍នគរបាលកំបូល ក្នុងភូមិផ្សារកំបូល សង្កាត់កំបូល ខណ្ឌកំបូល រាជធានីភ្នំពេញ។

តាមអាជ្ញាធរបានឱ្តដឹងថា មុនកើតហេតុ រថយន្តធុនធំ សណ្តោងរុឺម៉ក ដឹកកម្ទេចក្រណាត់ ចេញពីឃ្លាំង សិប្បកម្ម មួយកន្លែងក្បែរវត្តតាភេម ដោយបើកតាមផ្លូវបេតុងពីជើងទៅត្បូងឡើងផ្លូវជាតិលេខ៤ តែដោយសារការដឹកជញ្ជូន ដាក់ហៀរលើសទ្រុង លុះបើកចេញមក បណ្តាលឱ្យទាក់នឹងក្លោងទ្វារវត្តតាភេម ដែលសង់ពីដែក ទាញរលើងបាក់តែម្តង។

បើតាមប្រជាពលរដ្ឋបានឱ្យដឹងថា រថយន្តមួយគ្រឿងខាងលើ ដឹកជញ្ជូនកម្ទេចក្រណាត់ ដាក់ហួសហេតុពេក លើសហៀរពីទ្រុងរថយន្ត សំពីងសំណោង បើកមិនប្រយ័ត្នក៏ទាក់ក្លោងទ្វារវត្តតែម្តង តែសំណាងល្អមិនបង្កឱ្យអ្នកណារងរបួស។ ក្រោយកើតហេតុ ភាគីខាងម្ចាស់រថយន្ត សុំធ្វើការសម្របសម្រួលជាមួយខាងវត្តតាភេម ដើម្បីសាងសង់ក្លោងទ្វារជូនឡើងវិញ៕

អត្ថបទ៖ តាតុងសែនជ័យ

Share.