កំពង់ធំ៖ ឧត្តមសេនីយ៍ទោ សោម ស៊ុន មេបញ្ជាការតំបន់ប្រតិបត្តិការសឹករងកំពង់ធំ និងជាសមាជិកគណៈកម្មការការពារ ទប់ស្កាត់ និងបង្ក្រាបបទល្មើសធនធានធម្មជាតិ នៅថ្ងៃទី២៥ ខែមករា ឆ្នាំ២០២៦ បានចុះពិនិត្យ និងពង្រឹងភារកិច្ច ដោយដាក់ចេញបទបញ្ជាយ៉ាងម៉ឺងម៉ាត់ ដល់កងកម្លាំងប្រចាំការនៅទីបញ្ជាការស្រាល ចំនួន៦គោលដៅ ស្ថិតក្នុងស្រុកសណ្ដាន់ និងស្រុកសន្ទុក ខេត្តកំពង់ធំ។

ការចុះពង្រឹងនេះ អនុវត្តតាមបទបញ្ជារបស់ប្រមុខរាជរដ្ឋាភិបាល និងថ្នាក់ដឹកនាំកងយោធពលខេមរភូមិន្ទ ដោយមានគោលបំណងពង្រឹងប្រសិទ្ធភាពការទប់ស្កាត់ និងបង្ក្រាបបទល្មើសធនធានធម្មជាតិ នៅតំបន់ព្រៃសហគមន៍ជាំស្មាច់ ដែលជាប់ព្រំប្រទល់ស្រុកសន្ទុក និងស្រុកសណ្ដាន់។

ឧត្តមសេនីយ៍ទោ សោម ស៊ុន បានបញ្ជាក់ថា កងកម្លាំងទាំងអស់ត្រូវបន្តសហការយ៉ាងជិតស្និទ្ធជាមួយអាជ្ញាធរដែនដី និងសមត្ថកិច្ចជំនាញ ដោយទទួលខុសត្រូវខ្ពស់ មិនអនុញ្ញាតឲ្យមានការកាប់ទន្ទ្រានព្រៃឈើ ការកាន់កាប់ដីរដ្ឋ និងការកាប់ ឬដឹកជញ្ជូនឈើដោយខុសច្បាប់ឡើយ។

លោកបានបញ្ជាក់ថា កងកម្លាំងណាធ្វេសប្រហែស ឬមានការគប់គិត នឹងត្រូវទទួលវិន័យយោធា ឬផ្ដន្ទាទោសតាមផ្លូវច្បាប់ ដោយគ្មានការលើកលែង។ ក្នុងឱកាសនោះដែរ លោកឧត្តមសេនីយ៍ទោ បាននាំយកប្រេងឥន្ធនៈ ស្បៀងអាហារ និងគ្រឿងឧបភោគបរិភោគមួយចំនួន ដែលជាអំណោយរបស់សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវ តាមរយៈឯកឧត្តម វង្សី វិស្សុត ឧបនាយករដ្ឋមន្ត្រី ប្រគល់ជូនកងកម្លាំងប្រចាំការនៅទីបញ្ជាការស្រាលទាំង៦ ដើម្បីជំរុញស្មារតី និងបន្តបំពេញភារកិច្ចការពារធនធានធម្មជាតិឲ្យមានប្រសិទ្ធភាព។

អត្ថបទ៖កំពង់ធំ

Share.