នៅសល់មិនដល់ ១៥ថ្ងៃទៀតនោះទេ ការបោះឆ្នោតនៅប្រទេសថៃនឹងឈានចូលមកដល់ ពោលគឺនៅថ្ងៃទី៨ ខែកុម្ភៈ ឆ្នាំ២០២៦ ដូច្នេះមួយរយៈពេលចុងក្រោយនេះ គេមើលឃើញថា គ្រប់បក្សនយោបាយទាំងអស់ ព្យាយាមបញ្ចេញអស់សមត្ថភាពឃោសនាពីគោលនយោបាយរបស់បក្សខ្លួន ដើម្បីទាក់ទាញប្រជាប្រិយភាពនិងសំឡេងឆ្នោតគាំទ្រ។


ក្នុងនោះបុគ្គលមានឥទ្ធិពល ២រូប តំណាងឱ្យបក្សក្រហម ភឿថៃ និងបក្សទឹកក្រូច ប្រជាជន មាន ភិថា និង ផែថងថាន កំពុងតែចូលរួមយ៉ាងសស្រាក់សស្រាំ ដើម្បីជួយឃោសនាឱ្យបក្សរៀងខ្លួន។ សម្រាប់ កូនស្រីពៅ លោក ថាក់ស៊ីន លោកស្រី ផែថងថាន បានបង្ហាញខ្លួនក្នុងយុទ្ធនាការឃោសនា នៅក្នុងខេត្តឈៀងម៉ៃ ជាខេត្តមូលដ្ឋានដែលមានការគាំទ្រខ្លាំងមួយរបស់ បក្សភឿថៃ និងមានក្រុមមនុស្សដែលមានភក្ដីចំពោះអតីតនាយករដ្ឋមន្ត្រី ថាក់ស៊ី។ ស្របពេលជាមួយគ្នានោះដែរ លោក ភីថា លីមថារើនរ៉ាត់ អតីតមេដឹកនាំគណបក្ស ឆ្ពោះទៅមុខ ក៏បានឡើងឆាកដើម្បីជួយឃោសនាដល់បក្សប្រជាជនថៃនៅក្នុងផ្សារទំនើប Samyan Mitrtown ក្នុងរដ្ឋធានាបាងកក ជាទីតាំងមូលដ្ឋានដែលមានការគាំទ្របក្សនេះច្រើន ព្រោះសំបូរទៅដោយក្រុមយុវជនច្រើន។


រំលឹកឡើងវិញ លោក Pita គឺជាអតីតមេបក្ស ឆ្ពោះទៅមុខ ដែលមានការគាំទ្រខ្លាំង និងមានសំឡេងឆ្នោតគាំទ្រឈរលំដាប់ទីមួយ តែមិនបានអង្គុយតំណែងនាយករដ្ឋមន្ត្រី ព្រោះមានពាក់ព័ន្ធនឹងការចោទប្រកាន់រឿងកាន់ភាគហ៊ុនប្រព័ន្ធផ្សព្វផ្សាយ និង បរាជ័យក្នុងការដណ្តើមសម្លេងគាំទ្រ ដោយសារគណបក្សភឿថៃ (Pheu Thai) ដែលជាបក្សមានសំឡេងឆ្នោតគាំទ្រច្រើនលេខ ២ បានផ្ដាច់ខ្លួនចេញពីសម្ព័ន្ធភាពជាមួយបក្សលោក ធ្វើឱ្យលោកមិនមានអាសនៈគ្រប់ចំនួន បន្ទាប់មក ភឿថៃ បានទៅចាប់ដៃជាមួយបក្សនិយមយោធា ដើម្បីបង្កើតរដ្ឋាភិបាលថ្មី និងជ្រើសតាំងលោក សេដ្ឋា ថវីស៊ីន (Srettha Thavisin) ជានាយករដ្ឋមន្ត្រីជំនួសវិញ។ បច្ចុប្បន្ន គណបក្សឆ្ពោះទៅមុខ ក៏ត្រូវបានតុលាការរំលាយចោល ហើយលោក ភីថា ក៏ត្រូវបានហាមឃាត់មិនឱ្យធ្វើនយោបាយរយៈពេល ១០ ឆ្នាំផងដែរ។ ចំណែកលោកស្រី Paethongtharn បានឱកាសកាន់តែតំណែងនាយករដ្ឋមន្ត្រី តែមិនគ្រប់អាណត្តិនោះទេ ដោយសារតែតុលាការធម្មនុញ្ញបានបោះឆ្នោតដកតំណែង៕
ប្រភព៖ Khaosod

