ពោធិ៍សាត់៖ ឯកឧត្តម ខូយ រីដា អភិបាលខេត្តពោធិ៍សាត់ បានជំរុញលើកទឹកចិត្តដល់យុវជនជំនាន់ក្រោយ ឲ្យខិតខំហាត់ពត់លត់ដំខ្លួន ក្រៅពីជំនាញវិជ្ជាជីវៈផ្សេងៗ ដើម្បីចូលរួមការពារ អភិរក្ស និងអភិវឌ្ឍន៍សម្បត្តិវប្បធម៌ជាតិ ដែលបុព្វបុរសដូនតាបានបន្សល់ទុក។




ការលើកឡើងនេះ ធ្វើឡើងនារសៀលថ្ងៃទី២៥ ខែមករា ឆ្នាំ២០២៦ ក្នុងឱកាសជួបសំណេះសំណាលជាមួយសិល្បករ សិល្បការិនីជើងចាស់ ក្រុមកុំភ្លេងបុរាណខ្មែរ និងក្រុមយុវជនសិល្បៈមហាជន ប្រមាណ ១០០ នាក់ នៅបរិវេណសារមន្ទីរខេត្តពោធិ៍សាត់។




ឯកឧត្តមអភិបាលខេត្ត បានមានប្រសាសន៍ថា សិល្បៈវប្បធម៌ និងអរិយធម៌ខ្មែរ ជាដួងព្រលឹងនៃជាតិ និងជាសម្បត្តិដ៏មានតម្លៃខ្ពស់ ដែលត្រូវការការថែរក្សា និងបន្តអភិវឌ្ឍពីមួយជំនាន់ទៅមួយជំនាន់។ យុវជនដែលមានជំនាញផ្នែកសិល្បៈខ្មែរ ត្រូវបានចាត់ទុកថាជាយុវជនមានគុណតម្លៃខ្ពស់ សម្រាប់សង្គមជាតិ។

ឯកឧត្តមបានកោតសរសើរ និងវាយតម្លៃខ្ពស់ ចំពោះសិល្បករ សិល្បការិនីជារៀមច្បង និងក្រុមយុវជនសិល្បៈមហាជន ដែលបានលះបង់ពេលវេលា និងកម្លាំងកាយចិត្ត ក្នុងការហាត់ពត់លត់ដំ និងបន្តបេតិកភណ្ឌសិល្បៈវប្បធម៌ខ្មែរ។
ជាមួយគ្នានេះ លោក អ៊ុក រក្សា ប្រធានមន្ទីរវប្បធម៌ និងវិចិត្រសិល្បៈខេត្តពោធិ៍សាត់ បានឲ្យដឹងថា បច្ចុប្បន្នមានក្រុមសិល្បៈមហាជនចំនួន ៦ ក្រុម ពីបណ្ដាក្រុងស្រុកក្នុងខេត្ត មកហ្វឹកហាត់សមសិល្បៈជាប្រចាំ ដើម្បីត្រៀមសម្ដែងក្នុងព្រឹត្តិការណ៍ធំៗនានា និងបន្តលើកស្ទួយសម្បត្តិវប្បធម៌ជាតិ។








អត្ថបទ÷ពោធិ៍សាត់

