(ភ្នំពេញ)៖ នាព្រឹកថ្ងៃទី២៦ ខែមករា ឆ្នាំ២០២៦ នៅវិមានសន្តិភាព សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានអនុញ្ញាតឱ្យ ឯកឧត្តម នាយឧត្តមនាវី Samuel Paparo មេបញ្ជាការនៃបញ្ជាការដ្ឋានឥណ្ឌូ-ប៉ាស៊ីហ្វិកនៃសហរដ្ឋអាម៉េរិក ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ ក្នុងដំណើរបំពេញទស្សនកិច្ចលើកទី២ នៅកម្ពុជា។

ក្នុងជំនួបដ៏មានសារៈសំខាន់នេះ ឯកឧត្តម នាយឧត្តមនាវី Samuel Paparo បានវាយតម្លៃខ្ពស់ចំពោះវឌ្ឍនភាពនៃទំនាក់ទំនងទ្វេភាគី ជាពិសេសកិច្ចសហប្រតិបត្តិការលើវិស័យការពារជាតិ។ ឯកឧត្តមបានថ្លែងអំណរគុណដល់រាជរដ្ឋាភិបាលកម្ពុជា ដែលបានអនុញ្ញាតឱ្យនាវាកងទ័ពជើងទឹកអាម៉េរិកចូលចតនៅមូលដ្ឋានសមុទ្ររាម ដែលនេះជាសក្ខីភាពឆ្លុះបញ្ចាំងពីទំនាក់ទំនងយោធាកាន់តែស៊ីជម្រៅរវាងប្រទេសទាំងពីរ។

ជាការឆ្លើយតប សម្តេចបវរធិបតី ហ៊ុន ម៉ាណែត បានគូសបញ្ជាក់ថា ការរីកចម្រើននៃទំនាក់ទំនងយោធានេះ គឺជាលទ្ធផលជាក់ស្តែងនៃកិច្ចសហប្រតិបត្តិការដ៏ល្អប្រសើរនាពេលកន្លងមក។ ក្នុងឱកាសនោះ សម្តេចធិបតី ក៏បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះ ឯកឧត្តមប្រធានាធិបតី ដូណាល់ ត្រាំ ដែលបានដើរតួនាទីជាសាក្សី និងជាអ្នកជំរុញដ៏សំខាន់ឱ្យមានបទឈប់បាញ់ កម្ពុជា-ថៃ តាមរយៈការចុះហត្ថលេខាលើ “សេចក្តីថ្លែងការណ៍រួមទីក្រុងគូឡាឡាំពួ” កាលពីខែតុលា ឆ្នាំ២០២៥ កន្លងទៅ។

ពាក់ព័ន្ធនឹងសន្តិភាពសកល សម្តេចធិបតី បានជម្រាបជូនភ្ញៀវថា កម្ពុជានឹងចូលរួមក្នុង “ក្រុមប្រឹក្សាសន្តិភាព” តាមការអញ្ជើញរបស់ ឯកឧត្តមប្រធានាធិបតី ដូណាល់ ត្រាំ ដើម្បីបង្ហាញពីសុឆន្ទៈ និងការប្តេជ្ញាចិត្តខ្ពស់របស់កម្ពុជាចំពោះសន្តិភាពពិភពលោក។

ចំពោះស្ថានភាពព្រំដែនកម្ពុជា-ថៃ សម្តេចធិបតី បានបញ្ជាក់ពីជំហរច្បាស់លាស់របស់កម្ពុជា ក្នុងការគោរពបទឈប់បាញ់ និងដោះស្រាយជម្លោះដោយសន្តិវិធី ផ្អែកលើច្បាប់អន្តរជាតិ ដើម្បីសម្រេចបាននូវព្រំដែនសន្តិភាព និងយូរអង្វែង។ ជាមួយគ្នានេះ ឯកឧត្តម Samuel Paparo បានបញ្ជាក់ថា សហរដ្ឋអាម៉េរិកនៅតែបន្តយកចិត្តទុកដាក់ និងគាំទ្រដល់យន្តការក្រុមអ្នកសង្កេតការណ៍អាស៊ាន (AOT) ព្រមទាំងការពន្លឿនដំណើរការគណៈកម្មការចម្រុះខណ្ឌសីមាព្រំដែនគោក (JBC) ដើម្បីបន្តវាស់វែង និងខណ្ឌសីមាព្រំដែននៃប្រទេសទាំងពីរឱ្យបានជោគជ័យ៕

អត្ថបទ៖ត្រយង

Share.