(ភ្នំពេញ)៖ ក្នុងស្មារតីពង្រឹងសាមគ្គីភាព និងកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ច នាព្រឹកថ្ងៃទី២៦ ខែមករា ឆ្នាំ២០២៦ នៅវិមានសន្តិភាព សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានអនុញ្ញាត ឱ្យ ឯកឧត្តមបណ្ឌិត Linkham Douangsavanh រដ្ឋមន្ត្រីក្រសួងកសិកម្ម និងបរិស្ថាន នៃសាធារណរដ្ឋប្រជាធិបតេយ្យប្រជាមានិតឡាវ ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ។
ក្នុងជំនួបនេះ ឯកឧត្តមរដ្ឋមន្ត្រីឡាវ បានគូសបញ្ជាក់ថា ដំណើរទស្សនកិច្ចនាពេលនេះ គឺដើម្បីអបអរសាទរខួបអនុស្សាវរីយ៍លើកទី៧០ នៃការបង្កើតទំនាក់ទំនងការទូតរវាងប្រទេសទាំងពីរ និងដើម្បីជំរុញគោលដៅយុទ្ធសាស្ត្រសំខាន់ៗចំនួន ២៖ ១. អនុវត្តកិច្ចព្រមព្រៀងលើការបង្កបង្កើនផលកសិកម្ម ការចិញ្ចឹមសត្វ និងការអភិរក្សព្រៃឈើ។ ២. ជំរុញកិច្ចសហប្រតិបត្តិការដឹកជញ្ជូនផលិតផលកសិកម្មពីកម្ពុជា ឆ្លងកាត់ប្រទេសឡាវ ឆ្ពោះទៅកាន់ទីផ្សារប្រទេសទី៣។

ជាការឆ្លើយតប សម្តេចបវរធិបតី ហ៊ុន ម៉ាណែត បានសម្តែងនូវការពេញចិត្តចំពោះភាពរីកចម្រើននៃទំនាក់ទំនងទ្វេភាគី និងបានសង្កត់ធ្ងន់ថា វិស័យកសិកម្មគឺជាអាទិភាពចម្បងរបស់កម្ពុជា ក្នុងការធានាសន្តិសុខស្បៀង។ ដោយផ្អែកលើកត្តាភូមិសាស្ត្រ និងសក្តានុពលស្រដៀងគ្នា សម្តេចធិបតីបានលើកទឹកចិត្តឱ្យក្រសួងកសិកម្មនៃប្រទេសទាំងពីរ ពន្លឿននីតិវិធីលើកិច្ចការដឹកជញ្ជូនកសិផលឆ្លងកាត់ព្រំដែន ដើម្បីទាញយកផលប្រយោជន៍សេដ្ឋកិច្ចឱ្យបានជាអតិបរមាសម្រាប់ប្រជាជនទាំងសងខាង។
មុននឹងបញ្ចប់ សម្តេចធិបតីមានជំនឿយ៉ាងមុតមាំថា កិច្ចសហប្រតិបត្តិការថ្មីនេះ មិនត្រឹមតែជួយសម្រួលដល់ខ្សែច្រវាក់ផ្គត់ផ្គង់កសិកម្មប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងជួយពង្រឹងវិស័យផ្សេងៗទៀតដូចជា ថាមពល ពាណិជ្ជកម្ម និងសន្តិសុខ ដែលកំពុងមានសន្ទុះរីកចម្រើនស្រាប់ផងដែរ៕
អត្ថបទ៖ត្រយង
