បន្ទាប់ពីមានការចាប់អារម្មណ៍និងមតិវែកញែកច្រើនលើបណ្តាញសង្គមពាក់ព័ន្ធនឹងស្នាដៃនិពន្ធសៀវភៅថ្មីរបស់ខ្លួន លោកបណ្ឌិតទូច សុឃៈ (សុខៈ) អ្នកនាំពាក្យរងក្រសួងមហាផ្ទៃ និងជាអ្នកស្រាវជ្រាវដែលមានចំណូលចិត្តចងក្រងព្រឹត្តិការណ៍សង្គមបានចេញមុខពន្យល់យ៉ាងក្បោះក្បាយពីគោលបំណងពិតប្រាកដ និងស្រាយបំភ្លឺយ៉ាងលម្អិតជុំវិញខ្លឹមសារសៀវភៅដែលលោកកំពុងនិពន្ធមានចំណងជើងថា«កម្ពុជាឈ្នះថៃសម័យតេជោធិបតី»ដើម្បីជម្រះមន្ទិលសង្ស័យរបស់មហាជន។

លោកបណ្ឌិតបានបញ្ជាក់នៅថ្ងៃទី២៦ ខែមករា ឆ្នាំ២០២៦ នេះ ថាស្នាដៃមួយនេះ ត្រូវបានរៀបចំឡើងតាំងពីកំឡុងខែមិថុនា ឬកក្កដា ឆ្នាំ២០២៥ មកម្ល៉េះដោយមានការចាប់អារម្មណ៍យ៉ាងខ្លាំងពីសំណាក់សិស្ស និស្សិតនិងសាធារណជនជាច្រើនដែលចង់បានទៅសិក្សា ប៉ុន្តែលោកបានសម្រេចចិត្តមិនទាន់បោះពុម្ពផ្សាយនៅឡើយទេរហូតដល់ដំណោះស្រាយលើបញ្ហានានាត្រូវបានគ្រប់គ្រងបានទាំងស្រុង។ រហូតមកដល់ពេលនេះសៀវភៅនេះសរសេរបានជាង ៧០០ ទំព័រហើយ និងត្រូវបានព្យាករណ៍ថាអាចកើនឡើងដល់ជិត ១,០០០ ទំព័រដោយខ្លឹមសារសំខាន់គឺផ្ដោតលើការដកស្រង់នូវយុទ្ធសាស្ត្រធំៗយ៉ាងតិចចំនួន ៦ដែលកម្ពុជាបានប្រើប្រាស់ដើម្បីដោះស្រាយបញ្ហាជាមួយភាគីថៃ។

លោកបណ្ឌិតបានសង្កត់ធ្ងន់ថាយុទ្ធសាស្ត្រដែលលោកលើកយកមកបង្ហាញ មិនមែនសំដៅលើការប្រើប្រាស់កម្លាំងបាយ ឬអំពើហិង្សានោះឡើយដែលនេះគឺជាការបកស្រាយខុសពីការយល់ឃើញរបស់បងប្អូនមួយចំនួនដែលគិតតែរឿងច្បាំងឬការប្រយុទ្ធគ្នាតែមួយមុខ។ ផ្ទុយទៅវិញ ភាពឈ្នះដែលលោកចង់បង្ហាញគឺជាជ័យជម្នះដោយភាពថ្លៃថ្នូរ និងស្របតាមច្បាប់អន្តរជាតិ ដែលធ្វើឱ្យភាគីថៃក៏អស់ចិត្តនិងអាចទទួលយកបាន ដែលនាំទៅរកសន្តិភាពយូរអង្វែងរវាងប្រទេសទាំងពីរ។

លោកបណ្ឌិត ទូច សុឃៈ (សុខៈ) បានបង្ហាញការជឿជាក់យ៉ាងមុតមាំលើការដឹកនាំរបស់ សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែតនាយករដ្ឋមន្ត្រីនៃកម្ពុជា ដែលកំពុងប្រើប្រាស់យុទ្ធសាស្ត្រ «ស្ងាត់តែមិនស្ងៀម»។ លោកយល់ឃើញថាការប្រើប្រាស់ពេលវេលា និងភាពអត់ធ្មត់គឺជាអំណាចដ៏ខ្លាំងក្លាបំផុតក្នុងការការពារជាតិ តាមរយៈនយោបាយការទូត និងផ្លូវច្បាប់ដោយមិនយកប្រទេសណាមួយជាសត្រូវឡើយ។ លោកបានប្រៀបធៀបយុទ្ធសាស្ត្រនេះទៅនឹង«ល្បែងអុក» និងរបៀប «ស្ទូចត្រី»ដែលត្រូវការពេលវេលា និងការបន្លាយខ្សែវែងដើម្បីចាប់ត្រីធំ។

ឆ្លើយតបមកកាន់សារព័ត៌មានត្រយង តាមរយៈសារអេឡិចត្រូនិច លោកបណ្ឌិត បានបញ្ជាក់ច្បាស់ៗ មួយៗ ថា៖

«មកដល់ពេលនេះគឺសៀវភៅមិនទាន់បានបញ្ចប់នៅឡើយទេខ្លឹមសារជាង ៧០០ទំព័រដែលសរសេរបានហ្នឹង ហើយ ក៏មិនមានការចាំបាច់នៅក្នុងការបោះពុម្ពផ្សាយនៅក្នុងពេលនេះដែរ។ ការបោះពុម្ពផ្សាយ គឺសូមបញ្ជាក់ម្ដងទៀតគឺនៅពេលដែលដំណោះស្រាយត្រូវបានគ្រប់គ្រងបាន មួយរយភាគរយ ហើយយើងអាចនឹងប្រែប្រួលចំណងជើងទៅតាមស្ថានការណ៍ជាក់ស្ដែង តែយ៉ាងណាក៏ដោយគឺ ដើម្បីជាមេរៀន ជាបទពិសោធន៍ សម្រាប់ប្រជាពលរដ្ឋ ចងចាំនូវព្រឹត្តិការណ៍ដែលកើតឡើងចំពោះកម្ពុជា និងជាមេរៀនដកពិសោធន៍សម្រាប់អនាគតទៅមុខទៀត ក្នុងកាលៈទេសៈណាមួយដែលកម្ពុជារងការយាយីពីភាគីណាមួយជាដើម។»

ការលើកឡើងខ្លីរបស់លោក បណ្ឌិត គឺបានបញ្ជាក់យ៉ាងច្បាស់ហើយថា សៀវភៅនេះស្ថិតក្នុងការ និពន្ធចងក្រង និង ស្រាវជ្រាវ មិនទាន់ចេញផ្សាយជាផ្លូវការនៅឡើយទេ ហើយលោកបានចែករំលែកពីចំណងជើងសៀវភៅថ្មីនេះ នៅលើបណ្ដាញសង្គមផ្ទាល់ខ្លួន គឺតាំងតែពីថ្ងៃទី៧ ខែកក្កដា ឆ្នាំ២០២៥ កន្លងមកម្ល៉េះ មិនមែនទើបតែបង្ហោះផ្សាយ​នៅពេល​ថ្មីៗនេះឡើយ ។

ចំពោះបញ្ហានេះដែរ ត្រូវបាន​លោក មួង សារ៉េត ដែលជាអ្នកសារព័ត៌មានឯករាជ្យនៅសហរដ្ឋអាមេរិក បាន​​ផ្ញើសារសុំឱ្យ​បងប្អូនខ្មែរ ពិសេសគឺខ្មែរនៅសហរដ្ឋអាមេរិក កុំចូលរួម​ចែកចាយ នូវក្របសៀវភៅគំរូព្រៀងខាងលើ​ជាបន្តទៀត​ ព្រោះ​អ្វី​ដែល​លោក បណ្ឌិត ទូច សុឃៈ បានលើកយក​មក​បង្ហោះនោះ គឺតាំងពីដើមខែកក្កដា ឆ្នាំ២០២៥ ហើយគ្រាន់តែជាក្របសៀវភៅព្រៀង មិនទាន់ចេញផ្សាយទៅទៀត ដែលការយកមកចែកចាយបែបនេះគឺ ប្រៀបបាន​នឹង​ការ​លាបពណ៌ និងបង្កនូវភាពអយុត្តិធម៌ចំពោះ​លោក បណ្ឌិត ទូច សុឃៈ ខ្លាំងទៅទៀត។

ដោយឡែកក្នុង​វីដេអូ​នោះ លោក មួង សារ៉េត ក៏បានលើកជាសំណូមពរ និងស្នើទៅកាន់លោក បណ្ឌិត ទូច សុ
ឃៈ ឱ្យមានការពិចារណាលើការកែសម្រួលចំណងជើងផងដែរ ដោយលោកបណ្ឌិតក៏បានឆ្លើយតបវិញដោយសារវិជ្ជមានថា ក្នងនាម​ជា​អ្នក​និពន្ធចងក្រងនិងរៀបរៀង គឺរមែងទទួល​យក​នូវរាល់សំណូមពររបស់មិត្តអ្នក​អានមក​ពិចារណាក្នុង​ការកែសម្រួល​នូវ​ចំណងជើង ដោយការកែសម្រួលចំណងជើងនេះ គឺត្រូវសិក្សា វិភាគ ទៅតាមស្ថានភាពចំពោះមុខ ទៅតាមស្ថានភាពចាំបាច់ ទៅតាមការប្រែប្រួល​នៃព្រឹត្តិការណ៍ពីមួយដំណាក់កាលទៅមួយដំណាក់កាល។ ជារួម​ការនិពន្ធសៀវភៅនីមួយៗ អ្នក​និពន្ធ មាន​ឆន្ទៈធំបំផុត គឺតម្កល់នូវឧត្តមប្រយោជន៍របស់ប្រជាជននិងជាតិជាធំ ដើម្បីជាឯកសារប្រវត្តិសាស្ត្រសម្រាប់​កូនខ្មែរគ្រប់ៗជំនាន់តរៀងទៅ៕

Share.