
នៅក្នុងបរិបទដែលពិភពលោកកំពុងប្រឈមនឹងភាពមិនប្រាកដប្រជា កម្ពុជានៅតែបន្តជំហរដាច់ខាតបន្លឺសំឡេងនៅលើវេទិកាអង្គការសហប្រជាជាតិ នៅថ្ងៃទី២៦ ខែមករា ឆ្នាំ២០២៦ ម្សិលមិញនេះ មិនត្រឹមតែជាការរំលឹកនូវកាតព្វកិច្ចអន្តរជាតិប៉ុណ្ណោះទេ ប៉ុន្តែគឺជាការបោះសម្តីយ៉ាងមុតស្រួចដើម្បីការពារ យុត្តិធម៌និងអធិបតេយ្យភាពជូនជាតិ។
តាមរយៈសេចក្តីថ្លែងការណ៍របស់ ឯកឧត្តម កែវ ឈា តំណាងអចិន្ត្រៃយ៍កម្ពុជាប្រចាំ អ.ស.ប. ខ្លឹមសារសំខាន់ៗចំនួន ៣ ត្រូវបានលើកយកមកធ្វើជាបន្ទាត់ក្រហមសម្រាប់សណ្តាប់ធ្នាប់សកលដែលស្តីពី «ការបញ្ជាក់ឡើងវិញនូវនីតិរដ្ឋអន្តរជាតិ៖ ដំណើរឆ្ពោះទៅរកការស្តារឡើងវិញនូវសន្តិភាព យុត្តិធម៌ និងពហុភាគីនិយម។
ឯកឧត្តមបានសង្កត់ធ្ងន់រួមមាន ៖
(១) ការហាមឃាត់ការគំរាមកំហែង ឬការប្រើប្រាស់កម្លាំងប្រឆាំងនឹងបូរណភាពទឹកដីរបស់រដ្ឋណាមួយ ស្របតាមមាត្រា ២.៤ នៃធម្មនុញ្ញអង្គការសហប្រជាជាតិ ដែលជាការរំលោភបំពានចំពោះច្បាប់អន្តរជាតិ។
(២) ការដោះស្រាយជម្លោះដោយសន្តិវិធី គឺជាកាតព្វកិច្ចផ្លូវច្បាប់ដែលរដ្ឋសមាជិកត្រូវអនុវត្ត ជាពិសេសការដោះស្រាយជម្លោះតាមរយៈតុលាការយុត្តិធម៌អន្តរជាតិ ដែលជាយន្តការដែលអាចទុកចិត្តបាន និងធានាបាននូវសន្តិភាពយូរអង្វែងសម្រាប់រដ្ឋសមាជិក។
(៣) ការគោរពច្បាប់មនុស្សធម៌អន្តរជាតិ គឺជាធាតុផ្សំសំខាន់ និងមិនអាចកាត់ផ្តាច់បាននៃនីតិរដ្ឋអន្តរជាតិ។ អំពើរំលោភបំពានទៅលើលើជនស៊ីវិលស្លូតត្រង់ ការបំផ្លិចបំផ្លាញ និងការប្លន់យកទ្រព្យសម្បត្តិជនស៊ីវិល ការរារាំងការវិលត្រឡប់របស់ជនស៊ីវិល ការកាន់កាប់ទឹកដីដោយខុសច្បាប់ និងបំផ្លិចបំផ្លាញបេតិកភណ្ឌវប្បធម៌ គឺជាការរំលោភបំពានយ៉ាងធ្ងន់ធ្ងរលើច្បាប់មនុស្សធម៌អន្តរជាតិ។

សាររបស់កម្ពុជានៅទីក្រុងញូវយ៉កលើកនេះ គឺជាការបញ្ជាក់ជំហរយ៉ាងរឹងមាំថា កម្ពុជាឈរខាងនីតិរដ្ឋ សន្តិភាព និងពហុភាគីនិយម ទោះក្នុងកាលៈទេសៈណាក៏ដោយ ក៏កម្ពុជានៅតែរក្សាបូរណភាពទឹកដី ហើយរាល់ជម្លោះត្រូវតែដោះស្រាយក្រោមពន្លឺនៃច្បាប់ ដើម្បីជៀសវាងការធ្លាក់ទៅក្នុងអតីតកាលដ៏ខ្មៅងងឹតនៃសង្រ្គាម៕

