ក្រោយមានសេចក្ដីប្រកាសរបស់ប្រមុខរាជរដ្ឋាភិបាលកម្ពុជា សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត ទៅលើការចូលរួមជាសមាជិកស្ថាបនិកស្ថាប័នក្រុមប្រឹក្សាសន្តិភាពតបតាមការអញ្ជើញរបស់មេដឹកនាំសេតវិមាន លោក ប្រធានាធិបតី ត្រាំ ធ្វើឱ្យមានផ្ទុះចេញនូវការវែកញែក និងចោទជាសំនួរជាច្រើន ហើយដើម្បីស្រាយបំភ្លឺនូវរាល់ចម្ងល់របស់សាធារណជន ទាំងក្នុង និងក្រៅប្រទេស សម្ដេចនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត បានផ្ញើសារដើម្បីជាការឆ្លើយតបនូវរាល់មន្ទិលសង្ស័យទាំងអស់ជុំវិញការសម្រេចចិត្តចូលរួមរបស់រាជរដ្ឋាភិបាលកម្ពុជា។
នៅព្រឹកថ្ងៃទី២៧ ខែមករា ឆ្នាំ២០២៦នេះ សម្តេចបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា បានបង្ហោះសារបញ្ជាក់បន្ថែមជូនជនរួមជាតិខ្មែរ ថាការចូលរួមរបស់រាជរដ្ឋាភិបាលនេះ គឺដើម្បីបង្ហាញពីឆន្ទៈរបស់កម្ពុជា ក្នុងការគាំទ្រ និងរួមចំណែកដល់ការលើកកម្ពស់ការរក្សាសន្តិភាពសកល ហើយការចូលរួមជាសមាជិកស្ថាបនិកនៃក្រុមប្រឹក្សាសន្តិភាព សម្រាប់អាណត្តិ៣ឆ្នាំ មិនតម្រូវឱ្យបង់ថវិកាទេ លើកលែងតែសមាជិកអចិន្ត្រៃយ៍ប៉ុណ្ណោះ ដែលតម្រូវឱ្យបង់ថវិកា ១ពាន់លានដុល្លារ។

នេះគឺជាខ្លឹមសារទាំងស្រុង ដកស្រង់ចេញពីការបង្ហោះសាររបស់សម្តេចបវរធិបតី៖ «កម្ពុជាសម្រេចចូលរួមជាសមាជិកស្ថាបនិកនៃក្រុមប្រឹក្សាសន្តិភាព (The Board of Peace) តាមការអញ្ជើញរបស់ឯកឧត្តមប្រធានាធិបតីសហរដ្ឋអាមេរិក Donald J. Trump កាលពីថ្ងៃ ទី១៦ ខែមករា ឆ្នាំ២០២៦។ ការចូលរួមនេះ គឺដើម្បីបង្ហាញពីឆន្ទៈរបស់កម្ពុជា ក្នុងការគាំទ្រ និងរួមចំណែកដល់ការលើកកម្ពស់ការរក្សាសន្តិភាពសកល។ សុច្ឆន្ទៈ ស្រឡាញ់សន្តិភាព ការគាំទ្រ និងរួមចំណែក ដល់ការកសាងនិងរក្សាសន្តិភាពគឺជាគោលការណ៍ដែលកម្ពុជាតែងតែប្រកាន់ខ្ជាប់ជារៀងរហូតមក ជាពិសេសតាមរយៈការបញ្ជូនកង កម្លាំងរក្សាសន្តិភាព ក្រោមឆត្រអង្គការសហប្រជាជាតិទៅបំពេញបេសកកម្មនៅតាមបណ្តាប្រទេសមួយចំនួនដែលរងគ្រោះដោយសារសង្រ្គាម។ ដោយឃើញបងប្អូនប្រជាពលរដ្ឋមួយចំនួនមិនទាន់យល់ ច្បាស់អំពីកាតព្វកិច្ចហិរញ្ញវត្ថុរបស់កម្ពុជាក្នុងការចូលរួមនេះ ខ្ញុំសូមបញ្ជាក់ថា ការចូលរួមជាសមាជិកស្ថាបនិកនៃក្រុមប្រឹក្សាសន្តិភាព សម្រាប់អាណត្តិ៣ឆ្នាំ មិនតម្រូវឱ្យបង់ថវិកាទេ។ ចំពោះការបង់ថវិកា ១ពាន់លានដុល្លារសហរដ្ឋអាមេរិកនោះ គឺសម្រាប់ករណីចូលជាសមាជិករយៈពេលវែង(អចិន្ត្រៃយ៍) តែប៉ុណ្ណោះ។ »៕



