កំពង់ធំ៖ នៅថ្ងៃទី២៦ ខែមករា ឆ្នាំ២០២៦ ឯកឧត្តម នួន ផារ័ត្ន អភិបាលខេត្តកំពង់ធំ បានជួបសំណេះសំណាល និងជូនដំណើរយោធិនទើបជ្រើសរើសថ្មី នៃកងរាជអាវុធហត្ថខេត្តកំពង់ធំ ចំនួន២២នាក់ ដែលបានជាប់ជាស្ថាពរ ដើម្បីទៅបន្តការសិក្សានៅវិទ្យាស្ថានកងរាជអាវុធហត្ថកំបូល រាជធានីភ្នំពេញ។

ក្នុងឱកាសនោះ អភិបាលខេត្ត បានអបអរសាទរដល់យុវជនដែលស្ម័គ្រចិត្តចូលបម្រើការងារក្នុងក្របខ័ណ្ឌកងរាជអាវុធហត្ថ និងបានលើកទឹកចិត្តឱ្យយោធិនថ្មីខិតខំរៀនសូត្រ គោរពវិន័យ និងបំពេញភារកិច្ចឱ្យបានល្អ បន្ទាប់ពីបញ្ចប់ការបណ្តុះបណ្តាល។




ឯកឧត្តម នួន ផារ័ត្ន បានលើកឡើងថា កងកម្លាំងប្រដាប់អាវុធមានតួនាទីសំខាន់ក្នុងការថែរក្សាសន្តិសុខ សណ្តាប់ធ្នាប់សង្គម និងជួយសង្គ្រោះប្រជាពលរដ្ឋនៅពេលជួបគ្រោះមហន្តរាយផ្សេងៗ។
ជាមួយនេះ អភិបាលខេត្ត ក៏បានឧបត្ថម្ភថវិកាលើកទឹកចិត្តដល់យោធិនថ្មី ក្នុងមួយនាក់ចំនួន ៤០ម៉ឺនរៀល មុនពេលធ្វើដំណើរទៅរាជធានីភ្នំពេញ។


