
ក្នុងឱកាសសន្និសីទសារព័ត៌មាននៃសន្និបាតសុខាភិបាលលើកទី៤៥ នាថ្ងៃច័ន្ទ ទី២៦ ខែមករា ឆ្នាំ២០២៦ ឯកឧត្តមសាស្ត្រាចារ្យ ឈាង រ៉ា រដ្ឋមន្ត្រីក្រសួងសុខាភិបាល បានលើកឡើងនូវការវាយតម្លៃខ្ពស់ចំពោះស្ថិរភាពនៃប្រព័ន្ធសុខាភិបាលជាតិ។ ឯកឧត្តមបានបញ្ជាក់ថា ទោះបីជាការឈ្លានពាននៅតាមខ្សែបន្ទាត់ព្រំដែនបានបង្កផលប៉ះពាល់ដល់ហេដ្ឋារចនាសម្ព័ន្ធមួយចំនួនក៏ពិតមែន ប៉ុន្តែវាមិនបានធ្វើឱ្យរង្គោះរង្គើដល់ប្រព័ន្ធសុខាភិបាលកម្ពុជាឡើយ ដោយសារយើងមានមូលដ្ឋានគ្រឹះរឹងមាំ និងសមត្ថភាពឆ្លើយតបគ្រប់គ្រាន់ទៅនឹងតម្រូវការជាក់ស្តែង។
ពាក់ព័ន្ធនឹងផលប៉ះពាល់ចំពោះប្រជាពលរដ្ឋ ឯកឧត្តមរដ្ឋមន្ត្រីបានពន្យល់ថា ស្ថានភាពនេះបានបង្កឱ្យមានផលប៉ះពាល់ទាំងផ្នែកសុខភាពដោយផ្ទាល់ និងបញ្ហាអនាម័យដោយប្រយោល។ ប្រជាពលរដ្ឋដែលត្រូវបានជម្លៀសមកស្នាក់នៅក្នុងតង់ អាចនឹងជួបប្រឈមនឹងបញ្ហាខ្វះខាតទឹកស្អាត ការគ្រប់គ្រងបង្គន់អនាម័យ និងកាកសំណល់ផ្សេងៗ ដែលទាមទារឱ្យមានការយកចិត្តទុកដាក់ខ្ពស់ដើម្បីបង្ការការឆ្លងជំងឺក្នុងចំណោមការរស់នៅជុំគ្នា។ ទោះជាយ៉ាងនេះក្តី ឯកឧត្តមបានសង្កត់ធ្ងន់ថា ភាពរឹងមាំនៃប្រព័ន្ធសុខាភិបាល ឬហៅថាភាពធន់ (Resilience) គឺជាខែលការពារយ៉ាងសំខាន់ ដែលមិនមែនកើតឡើងដោយចៃដន្យនោះទេ ប៉ុន្តែវាជាលទ្ធផលនៃការរៀបចំទុកជាមុនយ៉ាងល្អិតល្អន់។

កត្តាដែលធ្វើឱ្យកម្ពុជាអាចរក្សាម្ចាស់ការលើស្ថានការណ៍នេះបាន គឺដោយសារបទពិសោធន៍ដ៏ជោគជាំរបស់មន្ត្រី និងបុគ្គលិកសុខាភិបាលនៅតាមសមរភូមិផ្ទាល់ ដែលពួកគាត់មានទម្លាប់ និងសមត្ថភាពខ្ពស់ក្នុងការគ្រប់គ្រងស្ថានភាពដ៏លំបាក។ បន្ថែមលើនេះ ក្រសួងសុខាភិបាលក៏បានឆ្លងកាត់ការហ្វឹកហាត់ និងធ្វើលំហាត់សមយុទ្ធជាច្រើនលើក ដើម្បីត្រៀមលក្ខណៈសម្រាប់យន្តការការងារក្នុងស្ថានភាពវិបត្តិ ឬហៅតាមបច្ចេកទេសថាជាដំណើរការក្នុងដំណាក់កាលធ្លាក់ចុះបំផុត (Fonctionnement en mode dégradé)។ តាមរយៈការត្រៀមលក្ខណៈ និងសមត្ថភាពវិជ្ជាជីវៈទាំងនេះ ឯកឧត្តម ឈាង រ៉ា បានផ្តល់នូវការជឿជាក់យ៉ាងមុតមាំថា ប្រព័ន្ធសុខាភិបាលកម្ពុជានៅតែបន្តឈរជើងយ៉ាងរឹងមាំ ដើម្បីបម្រើសេវាជូនប្រជាពលរដ្ឋបានគ្រប់ពេលវេលា៕
អត្ថបទ និងរូពភាព៖ ឈិន ធារ៉ាត់

