ថៃនៅស្ទាក់ស្ទើនិង បន្តប្រើលេស រង់ចាំនាយករដ្ឋមន្ត្រីថ្មី មកសម្រេចជោគវាសនាប្រទេស ថាតើត្រូវលើកប៉ាកាចុះហត្ថលេខាចូលរួមក្រុមប្រឹក្សាសន្តិភាពដើម្បី រៀបចំសណ្ដាប់ធ្នាប់ពិភពលោកថ្មី ជាមួយនឹងលោក ត្រាំ ឬមួយអត់ទេ?

ការឈ្លានពានលើកម្ពុជា គឺជាភាពមិនស្អាតស្អំមួយដែលធ្វើឱ្យថៃ ហាក់ស្ទាក់ស្ទើ តើគួរចូលរួមក្នុងក្រុមប្រឹក្សាសន្តិភាព ដែលពាក្យថាសន្តិភាពនេះ អាចនឹងតំណាងឱ្យការប្រគល់ត្រលប់មកវិញនូវទីតាំងឈ្លានពានមួយចំនួនដែលថៃបានប្រើកលល្បិចយកបន្លាលួស និងកុងតឺន័រមកព័ទ្ធលួចពីកម្ពុជា។ ដូច្នេះលេសការប្រើរូបភាពនិងលេស ថាប្រទេសខ្លួនត្រូវជាប់គាំង ដោយសារតែកំពុងត្រៀមរៀបចំការបោះឆ្នោតដើម្បីជ្រើសរើសនាយករដ្ឋមន្ត្រីអាណត្តិថ្មីឡើងវិញនៅថ្ងៃទី៨ ខែកុម្ភៈ ឆ្នាំ២០២៦ខាងមុខនេះ បានធ្វើឱ្យអ្នកវិភាគសង្កេតឃើញថា ការដើរនយោបាយបែប មិនដាច់ខាតរបស់ថៃខ្លួនឯងនេះ គឺថៃកំពុងតែដើរក្រោយគេក្នុងការសម្រេចជោគវានាប្រទេសរបស់ខ្លួន ខណៈដែលកម្ពុជាបានបោះជំហ៊ានទៅមុន និងបានឆ្លើយតបចូលរួមជាមួយ លោកប្រធានាធិបតី ដូណាល់ ត្រាំ រួចបាត់ទៅហើយ។
ត្បិតថាវាគឺជារឿងធម្មតា សម្រាប់ប្រទេសប្រជាធិបតេយ្យដែលការសម្រេចចិត្តយុទ្ធសាស្ត្រធំៗត្រូវរង់ចាំរដ្ឋាភិបាលដែលមានអណត្តិពេញលេញ ប៉ុន្តែនៅក្នុងល្បែងនយោបាយសកល យឺតអាចចាញ់គេ លឿន អាចឈ្នះបានផលប្រយោជន៍ ដូចពាក្យចាស់លោកពោលថា ពេលវេលាគឺជាមាសប្រាក់។ ការដែលថៃ មិនមានក្បាលម៉ាស៊ីនដឹកនាំត្រឹមត្រូវ មិនទាន់អាចបង្ហាញជំហរច្បាស់លាស់ក្នុងការចូលរួម «ក្រុមប្រឹក្សាសន្តិភាព» របស់លោក ត្រាំ បានធ្វើឱ្យប្រទេសនេះបាត់បង់ឱកាសក្នុងការដើរតួជាអ្នកនាំមុខក្នុងតំបន់អាស៊ាន ទាំងដែលកន្លងមកខ្លួនធ្លាប់តែជាសម្ព័ន្ធមិត្តជាមួយសហរដ្ឋអាមេរិករាប់ទសវត្សរ៍មកហើយ។
ត្រលប់មកវិញ នៅក្នុងស្ថានភាពជម្លោះព្រំដែនកម្ពុជា-ថៃ អ្វីដែលគួរឱ្យកត់សម្គាល់បំផុតនោះគឺ ភាពរហ័សរហួនរបស់កម្ពុជានៅគ្រប់វេទិកាអន្តរជាតិ ទាំងផ្នែកការទូត និងច្បាប់អន្តរជាតិ។ ក្នុងកាលៈទេសៈដែលថៃកំពុងរវល់រៀបចំយុទ្ធសាស្ត្របោះឆ្នោត កម្ពុជាបានបោះជំហានទៅមុខ មួយលើកជាពីរលើករួចស្រេចទៅហើយ ក្នុងការបង្កើតកិច្ចសហប្រតិបត្តិការជាមួយរដ្ឋបាលថ្មីរបស់សហរដ្ឋអាមេរិក។ ភាពបុរេសកម្មរបស់កម្ពុជា មិនត្រឹមតែបង្ហាញពីស្ថិរភាពនយោបាយផ្ទៃក្នុងប៉ុណ្ណោះទេ ប៉ុន្តែវាគឺជាការទាញយកផលចំណេញខាងយុទ្ធសាស្ត្របានមុនដៃគូប្រកួតប្រជែងក្នុងតំបន់។
សម្រាប់ប្រទេសថៃ នាយករដ្ឋមន្ត្រីថ្មីដែលឡើងមកអង្គុយកៅអីក្ដៅនេះ មិនត្រឹមតែត្រូវដោះស្រាយបញ្ហាសេដ្ឋកិច្ច និងសង្គមក្នុងស្រុកប៉ុណ្ណោះទេ ប៉ុន្តែត្រូវរ៉ាប់រងនូវបន្ទុកធ្ងន់ធ្ងរក្នុងការស្រោចស្រង់ឥទ្ធិពលការបរទេសដែលបានរបូតក្នុងអំឡុងពេលអន្តរកាលនេះ ខណៈដែលជោគវាសនារបស់អនាគតនាយករដ្ឋមន្ត្រីថ្មីនោះ មិនដឹងថាអាចអង្គុយកៅអីបានចចប់អាណត្តិឬអត់ប្រសិនបើគេជ្រើសរើសយកគោលការណ៍ប្រជាធិបតេយ្យមិនរណបរាជវង្ស ឬក្រុមសម្ព័ន្ធយោធា។ យ៉ាងណាមិញប្រសិនបើនាយករដ្ឋមន្ត្រីថ្មី ដែលជាប់ឆ្នោតមិនប្រញាប់ប្រញាល់តម្រង់ទិសដៅឱ្យទាន់សន្ទុះនៃខ្យល់បក់ពីសេតវិមាននោះទេ ថៃអាចនឹងក្លាយជារដ្ឋដែលដើរតាមក្រោយគេទាំងកម្ពុជា ទាំងឥណ្ឌូនេស៊ីនិងវៀតណាម ក្នុងរបៀបវារៈសន្តិភាព និងសន្តិសុខថ្មីរបស់ពិភពលោក។

ការដែលកម្ពុជាចូលរួមក្រុមប្រឹក្សាសន្តិភាពរបស់លោក ដូណាល់ ត្រាំ មិនគ្រាន់តែបង្ហាញពីការស្រលាញ់សន្តិភាព និងចង់បានសន្តិភាពសម្រាប់ប្រជាជាតិកម្ពុជាតែមួយមុខនោះឡើយ ប៉ុន្តែបើតាមប្រសាសន៍របស់សម្តេចធិបតី ហ៊ុន ម៉ាណែត ការចូលរួមនេះ គឺជាការបង្ហាញពីឆន្ទៈរបស់កម្ពុជាក្នុងការគាំទ្រ និងការរួមចំណែកដល់ការលើកកម្ពស់ការរក្សាសន្តិភាពសាកល និង ការរួមចំណែកដល់ការកសាង និងការរក្សាសន្តិភាព គឺជាគោលការណ៍ដែលកម្ពុជាតែងតែប្រកាន់ខ្ជាប់ជារៀងរហូតមក ជាពិសេសតាមរយៈការបញ្ជូនកងកម្លាំងរក្សាសន្តិភាពក្រោមឆត្រអង្គការសហប្រជាជាតិ ទៅបំពេញបេសកកម្មនៅតាមបណ្តាប្រទេសមួយចំនួនដែលរងគ្រោះដោយសារសង្រ្គាម។
ដូច្នោះហើយអ្នកវិភាគយល់ឃើញថា ភាពជាប់គាំងដែលថៃកំពុងរង់ចាំ គឺជាការរង់ចាំដោយគ្មានការប្រុងប្រយ័ត្ននិងស្ទាក់ស្ទើរ ប៉ុន្តែក្នុងសមរភូមិការទូតដែលគ្មានពាក្យថាឈប់សម្រាកនិងយឺតយ៉ាវមួយជំហ៊ាននោះ ភាពយឺតយ៉ាវគឺជារបាំងរាំងស្ទះដល់ការដណ្តើមយកផលប្រយោជន៍ជាតិ។ ខណៈដែលកម្ពុជាបានបើកទំព័រថ្មីនៃកិច្ចសហប្រតិបត្តិការជាមួយ មេដឹកនាំសេតវិមាន លោក ដូណាល់ ត្រាំ រួចជាស្រេចទៅហើយនោះ វាគឺជាមេរៀនមួយបង្ហាញថា ក្នុងនយោបាយអន្តរជាតិ អ្នកដែលហ៊ានបោះជំហានមុន គឺជាអ្នកដែលកំណត់វាសនាដោយខ្លួនឯង ចំណែកអ្នកដែលរង់ចាំ គឺរង់ចាំឱ្យគេកំណត់វាសនាឱ្យតែប៉ុណ្ណោះ។
តាមរយៈការលើកឡើង និងការមើលឃើញទាំងអស់នេះ ពលរដ្ឋកម្ពុជា គ្រប់ទិសទី ត្រូវតែរួបរួមគ្នាជាធ្លុងមួយ ក្នុងស្មារតីតម្កល់នូវឧត្តមប្រយោជន៍ជាតិ និងប្រជាជនជាធំ គាំទ្រប្រមុខរាជរដ្ឋាភិបាលកម្ពុជា ដែលកំពុងតែប្រើប្រាស់គ្រប់មធ្យោបាយ និងយុទ្ធសាស្ត្រ ក៏ដូចជាយន្តការច្បាប់អន្តរជាតិ នយោបាយការទូត ដើម្បីជ័យជម្នះមួយពិតប្រាកដ ដោយមិនមានការបង្ហូរឈាម ហើយភាគីទាំងអស់សុទ្ធតែអាចទទួលយកបាន ដើម្បីរក្សាបាននូវសុខសន្តិភាពយូរអង្វែងសម្រាប់ប្រទេសក្នុងតំបន់៕

