កាលពីថ្ងៃទី២៦ ខែមករា ឆ្នាំ២០២៦ កន្លងទៅថ្មីៗនេះ ក្លិបបាល់ទះ Win Streak សមាជិកលីគបាល់ទះតៃវ៉ាន់ IPVL សម្រេចបញ្ចប់តំណែងលោក Chen Pincheng ដោយសារបញ្ហាផ្ទាល់ខ្លួន ក្រោយដឹកនាំ ៣២ប្រកួត ឈ្នះ២៨ បរាជ័យ៤ប្រកួតប៉ុណ្ណោះ សម្រាប់រដូវកាល ២០២៥-២៦ នេះ។

ការបញ្ចប់តំណែងធ្វើអោយអ្នកគាំទ្រមានការភ្ញាក់ផ្អើល និងមិនអាចទទួលយកបាន ព្រោះថាកន្លងមកស្នាដៃ និង​បេសសកម្មរបស់លោកជាមួយ Win Streak ពិតជាធ្វើបានល្អជាពិសេស​ទម្រង​លេងជាច្រើនដែល​អាច​ធ្វើឱ្យ​ក្រុម​នៅកំពូលតារាង Win Streak មួយនេះឈ្នះជាប់ៗគ្នាលើគូប្រកួត។

គិតចាប់តាំងពីដើមរដូវកាលឆ្នាំ២០២៥-២៦ ក្លិបបាល់ទះ Win Streak គឺជាក្រុមដែលយក​ឈ្នះ​គូ​ប្រកួត​បាន​ច្រើន​លើកជាគេ ពោលគឺគិតចាប់តាំងពីប្រកួតសប្តាហ៍ដំបូងរហូតដល់ថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០២៥ ទើបWin Streak ស្គាល់រស់ជាតិបរាជ័យលើកដំបូងក្រោមស្នាដៃ TSG SkyHawks ដោយលទ្ធផល១-៣ ។

ក្រោយមកទៀតក្រុមបាល់ទះ Win Streak បន្តចាញ់២លើកផ្ទាន់ៗ ដោយនៅថ្ងៃទី២៤ ខែមករា ចាញ់ក្រុមបាល់ទះ Taoyuan Leopards ៣-០ និងនៅថ្ងៃទី២៥ ខែមករា បន្តចាញ់ក្រុមបាល់ទះ TSG Skyhawks ៣-០ ដែលជាលទ្ធផលមួយមិនធ្លាប់មានសោះនូវរដូវកាលនេះ។

សូមជម្រាបថា ក្លិបបាល់ទះ Win Streak ដែលមានកីឡាករកម្ពុជា វឿន វាសនា កំពុងប្រកបអាជីបនៅទីនោះ កំពុងឈរនៅកំពូលតារាង មាន៧៨ពិន្ទុក្នុងដៃ ខណៈប្រកួតបន្ទាប់ វឿន វាសនា ត្រូវជួយក្រុម Win Streak ប៉ះ Taeyoan Leopards នៅថ្ងៃទី៣១ ខែមករា ខាងមុខ៕

កម្មវិធីប្រកួតបន្ទាប់

Share.