នៅក្នុងសន្និបាតសុខាភិបាលលើកទី៤៥ នាថ្ងៃច័ន្ទ ទី២៦ ខែមករា ឆ្នាំ២០២៦ ឯកឧត្ដម ឈៀង រ៉ា រដ្ឋមន្ត្រីក្រសួងសុខាភិបាល បានមានប្រសាសន៍យ៉ាងម៉ឺងម៉ាត់អំពីការតាមដានស្ថានភាពជំងឺឆ្លងថ្មីៗ ជាពិសេសគឺវីរុសនីប៉ាហ៍ដែលកំពុងបង្កការព្រួយបារម្ភនៅបណ្ដាប្រទេសមួយចំនួន។ ទោះបីជាបច្ចុប្បន្នភាពនៅប្រទេសកម្ពុជាមិនទាន់មានការរកឃើញករណីវិជ្ជមាននៃវីរុសនេះក៏ដោយ ប៉ុន្តែក្រសួងសុខាភិបាលបានដាក់ចេញនូវវិធានការការពារជាមុនក្នុងស្មារតីបុរេសកម្មបំផុត។ ឯកឧត្ដមបានបញ្ជាក់ថា ក្រុមការងារថ្នាក់ដឹកនាំសុខាភិបាលបានប្រជុំពិភាក្សាយ៉ាងយកចិត្តទុកដាក់តាំងពីថ្ងៃម្សិលមិញ ដើម្បីរៀបចំក្រុមឆ្លើយតបបន្ទាន់ និងយន្តការទប់ស្កាត់នានាឱ្យបានរួចរាល់ជាស្រេច។
ការបង្កើនការប្រុងប្រយ័ត្ននេះ គឺដោយសារតែវីរុសនីប៉ាហ៍មានសមត្ថភាពរីករាលដាលយ៉ាងឆាប់រហ័សបំផុតតាមរយៈប្រព័ន្ធដឹកជញ្ជូនផ្លូវអាកាស ដែលអាចចម្លងពីទ្វីបមួយទៅទ្វីបមួយក្នុងរយៈពេលតែប៉ុន្មានម៉ោងប៉ុណ្ណោះ ប្រសិនបើប្រព័ន្ធការពារមិនបានរឹងមាំ។
យោងតាមទិន្នន័យពីអង្គការសុខភាពពិភពលោក វីរុសនេះមានភាពកាចសាហាវខ្លាំង ដោយវាអាចបណ្ដាលឱ្យអ្នកជំងឺមានរោគសញ្ញាចាប់ពីការឆ្លងផ្លូវដង្ហើមធម្មតា រហូតដល់រលាកខួរក្បាលកម្រិតធ្ងន់ដែលនាំឱ្យបាត់បង់ជីវិត។ អត្រាស្លាប់នៃអ្នកដែលឆ្លងវីរុសនេះត្រូវបានប៉ាន់ប្រមាណថាមានចន្លោះពី ៤០% ទៅ ៧៥% ដែលជាអត្រាមួយខ្ពស់គួរឱ្យកត់សម្គាល់។

មេរោគនីប៉ាហ៍នេះ មានប្រភពដើមមកពីសត្វប្រចៀវស៊ីផ្លែឈើ ហើយវាអាចឆ្លងមកមនុស្សតាមរយៈសត្វពាហនៈដូចជាជ្រូក ឬតាមរយៈអាហារដែលមានមេរោគ រួមទាំងការចម្លងដោយផ្ទាល់ពីមនុស្សម្នាក់ទៅមនុស្សម្នាក់ទៀតផងដែរ។ អ្វីដែលកាន់តែគួរឱ្យបារម្ភនោះ គឺបច្ចុប្បន្នមិនទាន់មានថ្នាំព្យាបាលជាក់លាក់ ឬវ៉ាក់សាំងការពារសម្រាប់ទាំងមនុស្ស និងសត្វនៅឡើយទេ ដោយការព្យាបាលចម្បងគឺធ្វើឡើងតាមរយៈការថែទាំតាមរោគសញ្ញាតែប៉ុណ្ណោះ។ អាស្រ័យហេតុនេះ ក្រសួងសុខាភិបាលកម្ពុជាបានអំពាវនាវឱ្យប្រជាពលរដ្ឋទាំងអស់បន្តយល់ដឹងពីវិធីការពារខ្លួន និងមានការប្រុងប្រយ័ត្នខ្ពស់ ដើម្បីជៀសផុតពីការរីករាលដាលនៃជំងឺឆ្លងដ៏គ្រោះថ្នាក់មួយនេះ៕
អត្ថបទ៖ ឈិន ធារ៉ាត់

