នៅចំពោះមុខមហាជនថៃជាច្រើននាក់ នាយករដ្ឋមន្រ្តីចាំផ្ទះរបស់ថៃលោក អានុទិន ឆាន់វីរៈគុល បាននិយាយក្រឡិចក្រឡុចកែពាក្យសម្ដីក្អេងក្អាងរបស់ខ្លួនឡើងវិញថា មិនមានសញ្ញាណាមួយបង្ហាញពីការប្រយុទ្ធគ្នាជាលើកទី៣ នៅតាមបណ្ដោយព្រំដែនកម្ពុជា-ថៃ ទេ ដែលផ្ទុយពីកន្លងមក បក្សភូមិចៃថៃ និងសាមីខ្លួនជាមេដឹកនាំបក្សផ្ទាល់តែងតែលេងល្បែងអែបអបកម្លាំងបាយក្រុមយោធា តាមរយៈការលើកយកជម្លោះព្រំដែនកម្ពុជា-ថៃធ្វើជាចំណីអារម្មណ៍ទាក់ទាញសំឡេងឆ្នោតពីប្រជាជនខ្លួន។

យ៉ាងណាក៏ដោយ ការលើកឡើងរបស់មេដឹកនាំបបូរមាត់ត្រីសណ្ដាយរូបនេះ មិនអាចយកជាការបានទេ ដោយវីរៈយុទ្ធជនកម្ពុជានៅតែបន្ដប្រុងជើងការខ្ពស់ជាប់ជានិច្ច បើទោះបីជាការបោះឆ្នោតនៅប្រទេសថៃដែលខិតខូលមកដល់នៅថ្ងៃទី៨ ខែកុម្ភៈ ខាងមុខនេះ កំពុងតែរុញច្រានអ្នកនយោបាយសេសសល់អំណាចមួយចំនួន ឱ្យធ្លាក់ក្នុងរណ្ដៅនៃយុទ្ធសាស្ត្រ “នយោបាយប្រជាភិថុតិ” និង “ជាតិនិយមជ្រុល” ដែលជារូបមន្តដ៏គ្រោះថ្នាក់បំផុតសម្រាប់សន្តិសុខតំបន់។

ថ្លែងនៅឯវិមានរដ្ឋាភិបាលថៃ អនុទីន ដោះសារយករួចខ្លួនវិញថា ថៃបានត្រៀមខ្លួនជាស្រេច ដើម្បីធ្វើកិច្ចសហប្រតិបត្តិការផ្សេងៗ ក្រោមគោលការណ៍មនុស្សធម៌ ភាគីទាំងសងខាងអាចបោសសម្អាតមីនរួមគ្នា។ ប៉ុន្ដែការលើកឡើងនេះ មិនអាចទុកចិត្តបានឡើយ ព្រោះតែថៃបានបើកការឈ្លានពានមកលើកម្ពុជា ចំនួន ២លើករួចមកហើយ ដែលទង្វើទាំងនេះ ត្រូវបានមជ្ឈដ្ឋានអន្តរជាតិយល់ឃើញថា ល្បិចថៃរករឿងប្រទេសជិតខាង គឺដើម្បីបង្វែរស្ថានការណ៍នយោបាយមិនច្បាស់លាស់ក្នុងស្រុករបស់ខ្លួនប៉ុណ្ណោះ ដោយសារមេដឹកនាំគណបក្សថៃកំពុងតែចោទប្រកាន់គ្នាទៅវិញទៅមក ដើម្បីប្រទាញប្រទង់ញគ្នាស្វែងរកសន្លឹកឆ្នោត និងទំនុកចិត្តពីប្រជាជន ពោលគឺ អាចប្រើប្រាស់វិធីនេះជាសេណារីយ៉ូ ទាក់ទាញប្រជាប្រិយភាព។

មែនទែនទៅប្រទេសថៃ នឹងរៀបចំការបោះឆ្នោតនៅថ្ងៃទី៨ ខែកុម្ភៈ ខាងមុខនេះ ដោយមានមេដឹកនាំគណបក្សជាច្រើនចូលរួមធ្វើយុទ្ធនាការឃោសនាស្វែងរកប្រជាប្រិយភាពតាមយុទ្ធសាស្រ្តរៀងៗខ្លួន ជាពិសេសការលើកយកបញ្ហាបង្ករសង្គ្រាមនៅតាមតំបន់ព្រំដែនធ្វើជាខែការពារជាតិខ្លួនទាំងបំពានលើអ្នកជិតខាងខ្លួន ។ ក្នុងនោះរួមមានទាំងអតីតនាយករដ្ឋមន្រ្តីកាន់តំំណែងមិនគ្រប់អាណត្តិ និងមេដឹកនាំបក្សដែលឈ្នះការបោះឆ្នោតតែមិនអាចធ្វើនាយករដ្ឋមន្រ្តី ចាំជួយធ្វើយុទ្ធនាការឃោសនាបោះឆ្នោតឱ្យបក្សរបស់ខ្លួនផងដែរ។

ក្នុងទិដ្ឋភាពនៃ ច្បាប់អន្តរជាតិ ជាពិសេស ធម្មនុញ្ញអង្គការសហប្រជាជាតិ មាត្រា ២(៤) ការប្រើប្រាស់កម្លាំងយោធា ឬការគំរាមកំហែងដល់បូរណភាពទឹកដីនៃរដ្ឋអធិបតេយ្យដទៃ គឺជាបទល្មើសដែលមិនអាចអត់ឱនឱ្យបាន។ ការដែលមេដឹកនាំថៃរូបនេះ ធ្លាប់បានបើកដៃឱ្យមានការរំលោភបំពានដែនអធិបតេយ្យកម្ពុជាដល់ទៅ ២ លើករួចមកហើយនោះ គឺជាភស្តុតាងដែលមិនអាចប្រកែកបាននៃ អំពើឈ្លានពាន។ លោក អានុទិន ប្រហែលជាភ្លេចខ្លួនថា ការប្រើប្រាស់ជម្លោះព្រំដែនជាឈ្នាន់នយោបាយផ្ទៃក្នុង មិនត្រឹមតែបំពានលើគោលការណ៍អាស៊ានប៉ុណ្ណោះទេ ប៉ុន្តែវាកំពុងតែរុញខ្លួនឱ្យខិតជិតទៅរក ឧក្រិដ្ឋកម្មប្រឆាំងសន្តិភាព ដែលតុលាការអន្តរជាតិអាចនឹងសួរនាំនៅថ្ងៃណាមួយ។

មួយវិញទៀត បើទោះបីជាលោក អានុទិន ព្យាយាមប្រើភាសាការទូតមកលុបលាងកំហុស ដោយនិយាយអំពីការបោសសម្អាតមីន ឬ គោលការណ៍មនុស្សធម៌ក៏ដោយ ក៏អន្តរជាតិនៅតែមើលឃើញច្បាស់នូវចេតនាទុច្ចរិតរបស់មេបក្សភូមិចៃថៃ និងក្រុមយោធាថៃ។ បើច្បាប់សង្គ្រាម ការញុះញង់ឱ្យមានជម្លោះប្រដាប់អាវុធដោយចេតនា ដើម្បីតែផលប្រយោជន៍អំណាចផ្ទាល់ខ្លួន គឺជាការដាក់ជីវិតជនស៊ីវិល និងកងទ័ពឱ្យស្ថិតក្នុងហានិភ័យ។ ប្រសិនបើមានការផ្ទុះអាវុធណាមួយកើតឡើងដោយសារតែ សេណារីយ៉ូទាញយកប្រជាប្រិយភាពនេះ មេដឹកនាំរូបនេះត្រូវតែទទួលខុសត្រូវចំពោះមុខច្បាប់ ក្នុងនាមជាអ្នកបញ្ជា និងអ្នកញុះញង់។

សូមជម្រាបថា យុទ្ធនាការឃោសនារបស់គណបក្សភូមិចៃថៃ ដែលមានលោក អានុទីន ជាមេដឹកនាំផ្ទាល់ សព្វថ្ងៃនេះកំពុងព្រួយបារម្ភ និងកាន់តែបាត់បង់សំឡេងគាំទ្រ និងលែងទទួលបានការជឿទុកចិត្តពីសំណាក់ប្រជាជនថៃទៀតហើយ ខណៈគណបក្សធំៗ ចំនួន២គឺ គណបក្សភឿថៃ និងគណបក្សប្រជាជន កំពុងប្រជែងគ្នាយ៉ាងស្វិតស្វាញ។ ការអស់តំណែងជានាយករដ្ឋមន្ត្រីនាពេលខាងមុខ ក៏មិនមែនជាអាវក្រោះដែលអាចជួយពាំងគ្រាប់ឱ្យ អនុទីន រួចផុតពីសំណាញ់ច្បាប់អន្តរជាតិចំពោះទង្វើឈ្លានពានដែលខ្លួនបានសាងឡើងនោះដែរ៕

ប្រភព៖ Bangkok Post

Share.