យោងតាមការបញ្ជាក់របស់ Footy Rankings ក្លិបតំណាងកម្ពុជា ទទួលបាន២កៅអីចូលរួមពានរង្វាន់ AFC Champions League Two នៅរដូវកាល ២០២៦-២៧ ក្រោយស្ថិតនៅចំណាត់ថ្នាក់លេខ២៣ ក្នុងតារាង AFC Club Competitions Ranking ជាមួយពិន្ទុសរុប ២០.១១២។

ដោយឡែកសហព័ន្ធកីឡាបាល់ទាត់កម្ពុជា សម្រេចក្នុងការកំណត់គោលការណ៍ចំពោះក្លិបបាល់ទាត់តំណាងជាតិ ចូលរួមការប្រកួត ដែលរៀបចំដោយសហព័ន្ធកីឡាបាល់ទាត់ទ្វីបអាស៊ី (AFC) សម្រាប់ឆ្នាំ២០២៦/២៧ ដោយផ្អែកសំខាន់លើចំណាត់ថ្នាក់របស់ក្លិបបាល់ទាត់ ចូលរួមការប្រកួតជម្រើសជើងឯក ខេមបូឌានព្រីមៀរលីគ និងពានរង្វាន់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ឆ្នាំ២០២៥/២៦ ដែលបានបំពេញអជ្ញាបណ្ណក្លិបអន្តរជាតិ AFC Club Licensing ពេញលេញ តាមលំដាប់លំដោយដូចខាងក្រោម៖

១.ក្លិបបាល់ទាត់ដែលទទួលបានជើងឯកការប្រកួត ខេមបូឌានព្រីមៀរលីគ ឆ្នាំ២០២៥/២៦

២. ក្លិបបាល់ទាត់ដែលទទួលបានចំណាត់ថ្នាក់លេខ២ នៃការប្រកួត ខេមបូឌានព្រីមៀរលីគ ឆ្នាំ២០២៥/២៦

៣. ក្លិបបាល់ទាត់ដែលទទួលបានជើងឯកនៃការប្រកួតពាននរង្វាន់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ឆ្នាំ២០២៥/២៦

៤. ក្លិបដែលទទួលបានចំណាត់លេខ៣ នៃការប្រកួត ខេមបូឌានព្រីមៀរលីគ ឆ្នាំ២០២៥/២៦

ព្រមជាមួយគ្នានេះ ប្រសិនបើក្លិបបាល់ទាត់ចូលរួមប្រកួតតំណាងជាតិទទួលបានជើងឯក AFC Challenge League នោះក្លិបបាល់ទាត់កម្ពុជានឹងទទួល កូតាក្លិបបន្ថែមចំនួនមួយ (១)ក្លិបទៀត។

ករណីបើសិនក្លិបដែលស្ថិតនៅលេខរៀងទី១ ឬ២ មិនអាចបំពេញអជ្ញាបណ្ណក្លិបអន្តរជាតិ AFC Club Licensing ពេញលេញ នោះនឹងផ្តល់សិទ្ធិទៅកាន់ក្រុមលេខរៀងទី៣ ឬ៤ ជំនួសដែលបានបំពេញគ្រប់លក្ខខណ្ឌរបស់ AFC៕

Share.