​កម្ពុជាមិនដែលទទួលស្គាល់នូវការកែប្រែខ្សែព្រំដែនណាមួយដែលកើតចេញពីការប្រើប្រាស់កម្លាំងជាដាច់ខាត។ ការរៀបចំជំរុំស្នាក់នៅបណ្ដោះអាសន្នជូនបងប្អូនជនភៀសសឹកតាមបណ្ដោយព្រំដែនដែលផ្ទះរបស់បងប្អូនត្រូវបានទាហានថៃមកឈរជើងដោយខុសច្បាប់ គឺដើម្បីរក្សានិរន្តរភាពនិងលំនឹងជីវភាពរបស់បងប្អូន។ កម្ពុជាប្រើប្រាស់គ្រប់យន្តការនិងវេទិកាទាំងអស់ដើម្បីទាមទារ ការពារ និងថែរក្សាទឹកដីរបស់ខ្លួន។

នេះគឺជាការលើកឡើងរបស់ឯកឧត្តមបណ្ឌិតគិន ប្រធានវិទ្យាស្ថានទំនាក់ទំនងអន្តរជាតិនៃរាជបណ្ឌិត្យសភាកម្ពុជា។

បើតាមឯកឧត្តមបណ្ឌិត គិន ភា ក្នុងស្ថានភាពបន្ទាន់នេះ កម្ពុជាត្រូវតែពង្រឹង «កម្លាំងសរុប» នៃយុទ្ធសាស្ត្រចំនួនប្រាំ ៖ យោធាជាកម្លាំង ច្បាប់ជាខែល ការទូតជាច្រកចេញ ព័ត៌មានជាសំឡេង និងស្មារតីជាតិគឺជាបេះដូង ដែលធ្វើឱ្យយុទ្ធសាស្ត្រទាំងអស់មានជីវិត និងមានភាពរស់រវើក។

យើងត្រូវតែសកម្ម ហ្មត់ចត់ និងមានស្មារតីទទួលខុសត្រូវខ្ពស់បំផុតចំពោះអត្ថិភាពនៃជាតិយើង។ យើងត្រូវតែពង្រឹងជំនឿចិត្តមហាជនតាមរយៈតថភាពពិតនិងវិជ្ជាជីវៈខ្ពស់ ដើម្បីប្រែក្លាយមនសិការស្នេហាជាតិ ឱ្យទៅជាខឿនការពារជាតិដ៏រឹងមាំបំផុត។ បើស្មារតីខ្មែរជឿជាក់លើសមត្ថភាពខ្លួនឯង គ្មានព្យុះនយោបាយឬការឈ្លានពានរបស់បរទេសណាមួយ អាចធ្វើឱ្យរង្គោះរង្គើអត្ថិភាពជាតិយើងបានឡើយ។ យើងរួមគ្នាដើម្បីអនាគតដ៏រុងរឿងនិងអមតភាពនៃជាតិយើង៕

Share.