ក្រសួងបរិស្ថាន បានសម្រេចដាក់ចេញនូវវិធានការច្បាប់ ដោយតម្រូវឱ្យផ្អាកសកម្មភាពអាជីវកម្មខ្សាច់មួយកន្លែង ស្ថិតក្នុងភូមិបាក់អង្រុត ឃុំដងពែង ស្រុកស្រែអំបិល ខេត្តកោះកុង ជាបណ្តោះអាសន្ន ដើម្បីបង្ការហានិភ័យផលប៉ះពាល់ដល់ធនធានធម្មជាតិ ជាពិសេសនៅក្នុងតំបន់ស្ទឹងព្រែកកំពង់សោម។

យោងតាមការចុះពិនិត្យផ្ទាល់កាលពីថ្ងៃទី២៥ ខែមករា ឆ្នាំ២០២៦ ក្រុមការងារអធិការកិច្ចនៃអគ្គនាយកដ្ឋានគាំពារបរិស្ថាន និងនាយកដ្ឋានវាយតម្លៃហេតុប៉ះពាល់បរិស្ថាន ដឹកនាំដោយ លោក ចាប យុធី បានរកឃើញថា ទីតាំងអាជីវកម្មដែលមានផ្ទៃដីជិត ២ហិកតានេះ ស្ថិតនៅក្បែរមាត់ស្ទឹង និងជាតំបន់ដែនជម្រកសត្វអណ្តើកហ្លួង ដែលទាមទារឱ្យមានការសិក្សាច្បាស់លាស់។

ក្រសួងបរិស្ថានតម្រូវឲ្យម្ចាស់អាជីវកម្មរៀបចំរបាយការណ៍វាយតម្លៃហេតុប៉ះពាល់បរិស្ថានដំបូងឱ្យបានរួចរាល់ និងទទួលបានការអនុញ្ញាតពីអង្គភាពជំនាញជាមុនសិន ទើបអាចដំណើរការវិញបាន។ វិធានការនេះ ធ្វើឡើងក្នុងគោលបំណងធានាបាននូវ “ភាពស្អាត” នៃប្រភពទឹក និងការពារការបំពុលបរិស្ថាននាពេលអនាគត។

ទាក់ទងនឹងការចុះផ្សាយរបស់សារព័ត៌មានមួយចំនួនកន្លងមក ក្រុមការងារបច្ចេកទេសបានបញ្ជាក់ថា គិតត្រឹមពេលចុះពិនិត្យ អាជីវកម្មនេះមិនទាន់បង្កផលប៉ះពាល់ធ្ងន់ធ្ងរដូចការលើកឡើងនោះទេ។ បច្ចុប្បន្ន ទឹកដែលហូរចេញពីគំនរខ្សាច់ត្រូវបានរក្សាទុកក្នុងរណ្តៅដីទំហំ ១ហិកតា មិនទាន់មានការហូរចូលក្នុងស្ទឹងឡើយ។ ទោះជាយ៉ាងណាក៏ដោយ ក្រសួងនៅតែប្រកាន់ជំហរតឹងរ៉ឹងក្នុងការតម្រូវឱ្យមានការសិក្សាផលប៉ះពាល់ឱ្យបានត្រឹមត្រូវជាមុន៕

Share.